ដោយមើលឃើញពីសក្តានុពលវារីប្បកម្មនៅកម្ពុជា ក្រុមហ៊ុនអ្នកជំនាញមកពីសាកលវិទ្យាល័យ Shanghai Ocean របស់ប្រទេសចិន បានបង្ហាញឆន្ទៈក្នុងការចូលមកជួយកសិករកម្ពុជាលើវិស័យវារីប្បកម្ម ដែលមានដូចជាការចិញ្ចឹមត្រី បង្គា និង បង្កងជាដើម។
យោងតាមការចេញផ្សាយរបស់ China Daily បានឱ្យដឹងថា ដោយមើលឃើញថា ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះស្រូវដែលមានស្រាប់ចំនួន ៣,៣ លានហិកតា ប៉ុន្តែផ្ទៃដីដែលប្រើប្រាស់សម្រាប់វារីវប្បកម្មក្នុងប្រទេសមានត្រឹមតែ ១,៣៥០ ហិកតា ដែលនាំឱ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងតម្លៃទីផ្សារខ្ពស់ ហេតុនេះទើប លោក Wu Xugan អ្នកដឹកនាំក្រុមស្រាវជ្រាវ និងជាសាស្ត្រាចារ្យនៅសាលាវិទ្យាសាស្ត្រទឹក និងជីវវិទ្យា នៅសាកលវិទ្យាល័យ Shanghai Ocean បានបង្ហាញពីបំណងក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាលើវិស័យនេះ។
ប្រភពដដែលខាងលើបានបញ្ជាក់ទៀតថា កាលបំផុសគំនិតក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាលើវិស័យចិញ្ចឹមត្រីនិងបង្គានេះ ត្រូវបានធ្វើឡើងនៅពេលដែលក្រុមនិស្សិតចិនបានមកទស្សនកិច្ចសិក្សាកាលពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ។ នៅអំឡុងពេលទស្សកិច្ចសិក្សានោះក្រុមនិស្សិតបានធ្វើដំណើរទៅកាន់ខេត្តតាកែវ និងបានមើលឃើញពីបច្ចេកទេសក្នុងការចិញ្ចឹមបង្គា ហើយក៏បានបណ្តុះបណ្តាលបច្ចេកទេសបន្ថែមដល់កសិករជាង ៣០នាក់នៅតំបន់នោះ។
ជាមួយគ្នានោះលោកក៏មានចិត្តចង់ធ្វើការបណ្តុះបណ្តាលបន្ថែមទៅកាន់កសិករក្នុងប្រទេសកម្ពុជាលើការចិញ្ចឹមត្រីក្នុងស្រែផងដែរ ប៉ុន្តែផលពិបាកមួយដែលកម្ពុជាជួបប្រទះគឺភាពអំណោយផលធម្មជាតិ ព្រោះអាកាសធាតុនៅកម្ពុជាខុសពីប្រទេសចិន ពោលគឺកសិករអាចចិញ្ចឹមត្រីនិងធ្វើស្រែបានតែនៅរដូវវស្សាប៉ុណ្ណោះ ក្រៅពីនោះគឺតម្រូវឱ្យកសិករស្តុកទឹកទុកដែលធ្វើឱ្យចំណាយថ្លៃដើមខ្ពស់ពិបាកក្នុងការធ្វើ។តែទោះបីជាមានបញ្ហាប្រឈមនៅខាងមុខក៏ដោយ ក៏ក្រុមអ្នកស្រាវជ្រាវចិននៅតែប្តេជ្ញាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជួយកសិករកម្ពុជាអភិវឌ្ឍការចិញ្ចឹមស្រូវ-ត្រីនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ដោយមើលឃើញថា ការធ្វើស្រែនិងចិញ្ចឹមត្រីក្នុងប្រទេសកម្ពុជាមានសារៈសំខាន់ចំពោះការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមការងារសាកលវិទ្យាល័យ Shanghai Ocean ក៏បានធ្វើការដើម្បីទាក់ទាញនិស្សិតកម្ពុជាឱ្យមកសិក្សាបន្ថែមទៀតដោយរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនៅវិទ្យាល័យក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួន៕