នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ រោងចក្រដំឡើងរថយន្ដទំនើប និងធំបំផុតរបស់ប្រទេសម៉ាក តូយ៉ូតា (Toyota) ត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ។ ដោយក្នុងពិធីបើកសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពសម្តេចមហាបវធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
យោងតាមការដកស្រង់ពីក្រសួងព័ត៌មាន រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជន បង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និង ក្រុមហ៊ុន គង់ នួន គ្រុប ចំនួន១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២,៩៧១ម២។
សូមជម្រាបថា រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលមានទុនវិនិយោគ ចំនួន ៣៦,៧៨១,០០០ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយ មានសមត្ថភាពដំឡើងរថយន្តចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការ ទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង៕