នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ហាងឆេងមាសបានហក់ឡើងខ្ពស់បំផុតដោយបំបែកកំណត់ត្រាតម្លៃថ្មី។ យ៉ាងណាមិញនៅព្រឹកថ្ងៃ១៥ខែមេសានេះ ហាងឆេងមាសបានចាប់ផ្ដើមធ្លាក់ចុះមកវិញ។ ជាក់ស្ដែងពេលនេះ ហាងឆេងមាសអន្តរជាតិធ្លាក់ថ្លៃចំនួន២៥ដុល្លារ មកត្រឹម៣២១២ដុល្លារក្នុងមួយអោន( ស្មើនឹង៣៨៦៩ដុល្លារក្នុងមួយតម្លឹង)។
ចំពោះមូលហេតុដែលធ្វើឲ្យហាងឆេងមាសចាប់ផ្ដើមធ្លាក់ថ្លៃវិញគឺដោយសារតែក្រុមអ្នកវិនិយោគបានចាប់ផ្ដើមលក់មាសចេញដើម្បីយកផលចំណេញខណៈមាសបានហក់ឡើងដល់តម្លៃខ្ពស់បំផុត៣២៤៥ដុល្លារក្នុងមួយអោនដែលដាក់សម្ពាធឲ្យមាសដាំក្បាលចុះ។
ក្រៅពីនេះកត្តាមួយទៀតដែលធ្វើឲ្យមាសបានចាប់ផ្ដើមធ្លាក់ចុះវិញនោះគឺដោយសារតែផ្សារហ៊ុនអន្តរជាតិបានចាប់ផ្ដើមហក់ឡើងព្រមៗគ្នាទាំងផ្សារហ៊ុនអាស៊ីនិងផ្សារហ៊ុនអឺរ៉ុបដែលធ្វើឲ្យបង្អាក់ភាពទាក់ទាញរបស់មាស។ លើសពីនេះព័ត៌មាននៃការលើកលែងពន្ធនាំចូលលើផលិតផលមួយចំនួនរបស់ចិនមកកាន់ទឹកដីសហរដ្ឋអាមេរិកក៏ជាព័ត៌មានធ្វើឲ្យហាងឆេងមាសបានចាប់ផ្ដើមហក់ចុះបន្តិចផងដែរ។ ហើយសម្រាប់ហាងឆេងមាសក្នុងស្រុកយើងវិញចុះមកត្រឹម៣៨៦ដុល្លារក្នុងមួយជី។
គួរបញ្ជាក់ផងដែរថាមាសគឺត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាពដែលវាអាចរក្សាតម្លៃបានល្អ ដូច្នេះហើយពេលសេដ្ឋកិច្ចមានបញ្ហានិងពិភពលោកជួបវិបត្តិអតិផរណាមនុស្សមួយចំនួនតែងតែវិនិយោគលើមាសដើម្បីរក្សាទ្រព្យរបស់ពួកគាត់៕