ចង់ទារលុ.យគេ ទុកចាយចូលឆ្នាំ! សាកប្រើក្បួនពិសេសទាំងនេះ ទារគេលេងៗអាចបានមែនទែន
Kan DaraAPRIL 13 2025257 views

ដោយសារតែយល់ដល់មិត្តភាព ឬទំនាក់ទំនងរាប់អានទើបអ្នកហ៊ានទុកចិត្តនិងព្រមឱ្យមិត្តភក្តិឬបងប្អូនខ្ចីលុយយកទៅប្រើប្រាស់ ដោយសង្ឃឹមថាពេលដោះស្រាយបញ្ហារួចគេនឹងសងត្រឡប់វិញ។ ក៏ប៉ុន្តែជាក់ស្ដែងបែរជាផ្ទុយស្រឡះ គ្រប់យ៉ាងខុសពីការរំពឹងទុក ហើយរឹតតែស្ទះចិត្តថែមទៀតពេលដែល​ អ្នកកំពុងខ្វះខាតលុយកាក់ដែរ តែគេនៅមិនព្រមសងវិញសោះ។

 

វាជារឿងឆ្គងណាស់នៅក្នុងការនិយាយទៅកាន់មិត្តភក្តិដែលជំពាក់លុយអ្នកថា “ខ្ញុំត្រូវការលុយខ្ញុំវិញ ឆាប់សងខ្ញុំមក”។​ ដោយសារតែយល់ដល់ទំនាក់ទំនង អ្នកក៏មិនហ៊ាននិយាយពាក្យបែបនេះចំៗ ដោយសុខចិត្តជ្រើសរើសការបង្ហាញកាយវិកា ឬពាក្យសម្ដីទាក់ទងមួយចំនួនដើម្បីឱ្យគេទទួលអារម្មណ៍ដឹងថាអ្នកកំពុងរង់ចាំគេសងលុយ ប៉ុន្តែលទ្ធផលគេនៅតែមិនដឹងដដែលមែនទេ?

 

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញហិរញ្ញវត្ថុរបស់គេហទំព័រ wikiHow បានចែករំលែកពីតិចនិកពិសេសមួយចំនួន ដែលអាចជួយឱ្យគេសងលុយរបស់អ្នកមកវិញ ថែមទាំងមិនខឹងឬអន់ចិត្តនឹងអ្នកទៀតផង។ តិចនិកទាំងនោះរួមមាន៖

 

១/. ផ្ញើសារទៅរំលឹក

 

ជួនកាលពួកគេមិនមែនមិនចង់សងទេ ប៉ុន្តែអាចនឹងភ្លេចខ្លួនថាកំពុងតែជំពាក់អ្នក ដូច្នេះអ្នកគួរតែចាប់ផ្ដើមពីការផ្ញើសារទៅរំលឹកគេជាមុនសិន។ អ្នកអាចលើកជាសំណួរសួរពួកគេថា “តើមានចាំអត់ថា លើកមុនបានខ្ចីលុយខ្ញុំ? តើមានបញ្ហាអ្វីដែរទេ ឬមួយក៏ភ្លេច?” ព្យាយាមនិយាយដោយបង្ហាញពីអារម្មណ៍យល់ចិត្តគេ កុំបង្ហាញជាពាក្យចោទប្រកាន់ ឬនិយាយជាមួយនឹងសម្ដីដែលហាក់ដូចជាមានអារម្មណ៍ខឹងនឹងគេ ព្រមទាំងបង្ហាញឱ្យគេឃើញថាយើងយល់ពីស្ថានភាពលំបាករបស់គេ តែធ្វើម៉េចពេលនេះយើងក៏លំបាកដែរ។

 

ប្រសិនបើគេឆ្លើយថាភ្លេចមែន អ្នកអាចបន្តសួរពីស្ថានភាពបញ្ហារបស់ពួកគេថា “យ៉ាងម៉េចដែរបញ្ហាដែលឯងប្រាប់ថាត្រូវការលុយយកទៅដោះស្រាយ ដំណើរការដល់ណាហើយ បានធូរខ្លះទេ?” ការសួរនាំបែបនេះអាចជាការបើកឱកាសឱ្យគេនឹកឃើញថាបានជំពាក់អ្នក និងបកស្រាយពីមូលហេតុដែលមិនទាន់បានសង រួចបង្ហើបថាអាចនឹងសងវិញពេលណា។ វាក៏ប្រសើរជាងអ្នកនៅស្ងៀម ហើយមិនដឹងសូម្បីតែបន្តិចថាគេនៅចាំឬអត់ គឹអាចសងពេលណា ហេតុអ្វីគេមិនសងអ្នកឱ្យលឿន។

 

២/. ករណីគេមិនតបសារ

 

ប្រសិនបើក្នុងករណីនិយាយដល់រឿងលុយហើយគេបែរជាលែងចូលមើលសាររបស់អ្នក អ្នកគួរតែខលទៅតែម្ដង។ ពេលខលទៅអ្នកសួរស្ថានភាពដូចពេលផ្ញើសារដែរ បន្ទាប់បង្ហាញពីភាពចាំបាច់ដែលអ្នកត្រូវការលុយត្រឡប់មកវិញ ដោយបញ្ជាក់ពីស្ថានភាពលំបាកដែលអ្នកកំពុងជួបប្រទះ។

 

បើគេឆ្លើយថាមិនទាន់មានលទ្ធភាព អ្នកគួរតែផ្ដល់វិធីសងត្រឡប់ជាមួយនឹងលក្ខខណ្ឌប្រសើរណាមួយដូចជា បែងចែកការសងជាដំណាក់កាល ដោយសងម្ដងបន្តិចៗសិន ព្រមជាមួយនឹងការកំណត់ពេលវេលាជាក់ច្បាស់ណាមួយ។ ការលើកជាដំណោះស្រាយបែបនេះបានបង្ហាញថាអ្នក កំពុងរកវិធីជួយដល់អ្នកដែលជំពាក់ ហើយមួយវិញទៀតវាក៏អាចបង្កើតក្ដីសង្ឃឹមថ្មីថាអ្នកនឹងអាចទទួលបានលុយមកវិញផងដែរ។

 

៣/. ពឹងពាក់មនុស្សជិតស្និទ្ធិរបស់គេ

 

 

ប្រសិនបើអ្នកមិនមានភាពក្លាហាននិយាយជាមួយគេដោយផ្ទាល់ អាចជ្រើសរើសការពឹងពាក់មនុស្សជិតស្និទ្ធរបស់គេ ដូចជាឪពុកម្ដាយ មិត្តស្និទ្ធិស្នាល ឬមនុស្សដែលគេមានទំនាក់ទំនងញឹកញាប់ខ្លាំងជាងគេ ដើម្បីឱ្យពួកគេជួយរំលឹកជំនួសអ្នក។ ត្រង់ចំណុចនេះ អ្នកគួរតែជ្រើសយកបុគ្គលណាដែល អ្នកស្គាល់ដែរដើម្បីឱ្យសម្ដីរបស់គេកាន់តែមានប្រសិទ្ធភាព ហើយប្រាកដថាមិនបំផ្លាញទំនាក់ទងមិត្តភាពរបស់អ្នក។

 

សូមចាំថាលុយជាបញ្ហារសើបមួយ ដែលអាចបំផ្លាញមិត្តភាព ឬនាំឱ្យទំនាក់ទំនងរាប់អានគ្នារងនូវភាពតានតឹងបាន។ ហេតុនេះហើយសូមប្រាកដចិត្តថាចំនួនលុយដែលអ្នកសម្រេចចិត្តឱ្យពួកគេខ្ចី មិនស្ថិតនៅក្នុងតម្រូវការចាំបាច់របស់អ្នក។ មានន័យថាលុយនោះទោះបីបាត់បង់ក៏អ្នកមិនមានបញ្ហា ដូច្នេះអ្នកនឹងមិនមានកំហឹងពេលដែលគេមិនសងវិញ។

 

បើទើបីជាអ្នកមិនស្ដាយលុយនោះក៏ដោយក៏អ្នកត្រូវតែរកវិធីឱ្យគេសងវាមកវិញមិនថាយូរឬឆាប់ទេ ព្រោះថាបើគេមិនបានសងមិត្តភាពរបស់អ្នកក៏ខូចខាតដូចគ្នា គេច្បាស់ជាលែងហ៊ាននិយាយរកអ្នក។ ដើម្បីបញ្ជៀសបញ្ហានេះអ្នកអាចប្រើវិធីសាស្រ្តខាងលើដើម្បីឱ្យគេបើកចិត្តនិយាយហេតុផលជាមួយអ្នកនិងរកវិធីសម្រួលដល់គេ ឬបើអ្នកមិនចង់វែងឆ្ងាយ​ ឬខ្ចិលរក្សាទំនាក់ទំនងតទៅទៀតអ្នកអាចឱ្យទៅគេដាច់តែម្ដងក៏បាន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia