ឧកញ៉ា ១០ រូបចាប់ដៃគ្នាសាងសង់មន្ទីរពេទ្យថ្មីតម្លៃ ៣០០ លានដុល្លារ គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៦
Bunthoeun KoemAPRIL 21 20255.3 K views

ជាប្រវត្ដិសាស្ដ្រសម្រាប់វិស័យសុខាភិបាលកម្ពុជា​ ខណៈលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា សរុបចំនួន ១០ រូបដែលជាម្ចាស់ក្រុមហ៊ុនធំៗចំនួន ៨ នៅកម្ពុជាបានចាប់ដៃគ្នាក្នុងការសាងសង់មន្ទីរពេទ្យថ្មី (មន្ទីរពេទ្យកម្ពុជា) ដែលមានតម្លៃដល់ទៅ ៣០០ លានដុល្លារ មានទីតាំងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ។ ដោយគម្រោងមន្ទីរពេទ្យដ៏ធំនេះ គ្រោងនឹងចាប់ផ្ដើមការសាងសង់នៅក្នុងឆ្នាំ២០២៦ និងគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៨។

 

0 K2 A1308 1536x960

 

យោងតាមសេចក្ដីប្រកាសព័ត៌មាន ម្ចាស់ភាគហ៊ុនដែលចូលរួមក្នុងគម្រោងការកសាងមន្ទីរពេទ្យខ្មែរដ៏ធំមួយនេះរួមមាន៖


១. អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ២៣%


២. លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ២៣%


៣. អ្នកឧកញ៉ា ថៃ ជាហួត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល និង ឧកញ៉ា ហៀង ប៊ុនប៉េង សហស្ថាបនិក និងជាអនុប្រធាន ក្រុមហ៊ុន ប៉េង ហួត គ្រុប ២៣%


៤. អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ១០%


៥. អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក ៦%


៦. អ្នកឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី ភ្នំពេញថ្មី ៥%


៧. អ្នកឧកញ៉ា លី ហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី អង្គរ ផាលេស ៥%


៨. ឧកញ៉ា ថៃ ស៊ាង ប្រធានក្រុមហ៊ុន ធី អេស អិន អ ឌីស្ទ្រីតប្យូសិន ខូ អិលធីឌី ៥%

 

សូមជម្រាបថា គោលបំណងនៃការផ្តួចផ្តើមគម្រោងសុខាភិបាលនេះ គឺដើម្បីផ្តល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដារពិភពលោកនៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។ ជាមួយនឹងចក្ខុវិស័យរួម ក្នុងការពង្រឹងសេវាសុខាភិបាលថ្នាក់ជាតិ គ្រប់ដៃគូភាគហ៊ុនមានគោលដៅច្បាស់លាស់ ក្នុងការនាំយកនូវគ្រឿងបរិក្ខារដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ចម្រាញ់យកវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ និងទទួលបានការហ្វឹកហាត់បណ្តុះបណ្តាលតាមស្តង់ដារអន្តរជាតិ ជាមួយស្មារតីយកចិត្តទុកដាក់ខ្ពស់ ផ្តោតសំខាន់លើការថែទាំអ្នកជំងឺ។

 

មន្ទីរពេទ្យនេះ មិនមែនត្រឹមជាតំណាងអគារសុខាភិបាលមួយនោះទេ វាជាសញ្ញានៃទំនុកចិត្តលើអនាគតនៃកម្ពុជា ជាអនាគតមួយ ដែលការថែទាំសុខភាពមានភាពសម្បូរបែប មានគុណភាព និងឯកទេសខ្ពស់ ស្ថិតនៅក្នុងស្រុកតែម្តង។ ហើយក៏នឹងក្លាយជាបណ្តុះសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ផ្នែកបេះដូងនិងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត្រជាច្រើនផ្សេងទៀត។ ចំពោះចំណុចផ្តោតដ៏សំខាន់នៃគម្រោងនេះ គឺការវិនិយោគលើវិជ្ជាជីវៈរបស់អ្នកជំនាញថែទាំសុខភាពនៅក្នុងស្រុក តាមរយៈការបន្តហ្វឹកហាត់ បណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបង្កើនកិច្ចសហការជាមួយដៃគូអន្តរជាតិ៕ 

 

1 4

2 4

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia