សេដ្ឋកិច្ចមិនល្អ ចង់ដឹងថាតើធនាគារណាមានទំនុកចិត្តក្នុងការដាក់ប្រាក់បញ្ញើ មេធំ ធនាគារ អេស៊ីលីដាឲ្យមើល៧ចំណុចនេះ
Toeuy HongMAY 2 20249.9 K views

នៅប៉ុន្មានឆ្នាំចុងក្រោយនេះស្ថានភាពសេដ្ឋកិច្ចមិនល្អ រកស៊ីតឹងជាងមុន វិនិយោគជួបហានិភ័យ ជាពិសេសប្រជាជនដាក់លុយវិនិយោគជួបការចាញ់បោកគេអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារ ដូច្នេះហើយធ្វើឲ្យពួកគាត់មួយចំនួនបានចាប់ផ្ដើមគិតគូយកលុយមកដាក់បញ្ញើនៅធនាគារព្រោះហានិភ័យទាប។ យ៉ាងណាមិញនៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនល្អ បងប្អូនមួយចំនួនក៏មានចម្ងល់ថាតើគួរដាក់លុយនៅធនាគារណាដែលមានទំនុកចិត្តក្នុងការដាក់ប្រាក់បញ្ញើ។

ទាក់ទងនឹងចម្ងល់ខាងលើ លោកបណ្ឌិត អ៊ិនចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានចែករំលែកនូវ៧ចំណុចដែលអ្នកគួរមើលមុននឹងសម្រេចដាក់ប្រាក់បញ្ញើនៅធនាគារណាមួយដើម្បីប្រាកដថាធនាគារនោះជាធនាគារដែលមានទំនុកចិត្តក្នុងដាក់ប្រាក់សន្សំ។

. មើលលើទ្រព្យសកម្មរបស់ធនាគារ

អ្នកត្រូវពិនិត្យមើលទៅលើទ្រព្យសកម្មដែលធនាគារមានដើម្បីវាស់វែងពីភាពរឹងមាំក៏ដូចជាសមត្ថភាពរបស់ធនាគារក្នុងការឈរជើងនិងទប់ជើងអំឡុងពេលសេដ្ឋកិច្ចយ៉ាប់យឺន។ ទ្រព្យសកម្មរបស់ធនាគារច្រើនគឺបញ្ជាក់ពីស្ថិរភាពនិងភាពរឹងមាំពេលសេដ្ឋកិច្ចកំពុងមានវិបត្តិ។

. កេរ្តិ៍ឈ្មោះក្នុងសហគមន៍

ត្រង់នេះអ្នកក៏ត្រូវពិនិត្យមើលទៅកេរ្តិ៍ឈ្មោះរបស់ធនាគារនៅក្នុងសហគមន៍មុននឹងសម្រេចចិត្តដាក់ប្រាក់សន្សំរបស់អ្នក ជាពិសេសទាក់ទងនឹងព័ត៌មានមិនល្អឬភាពចម្រូងចម្រាសណាមួយពីមុនដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីទុកចិត្តរបស់ធនាគារ។

. ការវាយតម្លៃពីស្ថាប័នអន្តរជាតិ

 អ្នកគួរមើលពីការវាយតម្លៃពីស្ថាប័នឬភ្នាក់ងារអន្តរជាតិទៅលើធនាគារក្នុងស្រុកព្រោះការវាយតម្លៃពីស្ថាប័នអន្តរជាតិគឺបញ្ជាក់និងទទួលស្គាល់ពីកេរ្តិ៍ឈ្មោះក៏ដូចជាសុខភាពរបស់ធនាគារ។

. បទពិសោធន៍

អ្នកក៏ត្រូវមើលទៅលើរបាយការណ៍ជាពិសេសមើលថាតើធនាគារនោះមានបទពិសោធន៍ឈរជើងរយៈពេលប៉ុន្មានឆ្នាំហើយនៅលើទីផ្សារ។ ធនាគារដែលមានប្រវត្តិឈរជើងយូរឆ្នាំគឺតែងតែមានការអនុវត្តនៃការគ្រប់គ្រងហានិភ័យបានល្អនិងបម្រើអតិថិជនបានល្អ។

. បច្ចេកវិទ្យានិងសុវត្ថិភាព

យើងត្រូវមើលថាតើធនាគារនោះបានប្រើប្រាស់បច្ចេកវិទ្យាសម្រាប់សេវាកម្មធនាគារតាមអនឡាញឬអត់ ជាពិសេសគឺសុវត្ថិភាពក្នុងការការពារពីការបោកឬឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណេតជើម។

. តម្លាភាពនិងបង្ហាញព័ត៌មានទូលំទូលាយ

 តម្លាភាពនិងការបង្ហាញព័ត៌មានគឺពិតជាសំខាន់ដែលអ្នកត្រូវមើលមុនឹងសម្រេចចិត្តដាក់ប្រាក់បញ្ញើនៅធានគារណាមួយ។ ជាពិសេសត្រូវមើលទៅលើតម្លាភាពនៃការប្រតិបត្តិការ ការបង្ហាញពីព័ត៌មានហិរញ្ញវត្ថុ ក៏ដូចជារយៈពេលនិងលក្ខខណ្ឌនៃគណនីដាក់ប្រាក់បញ្ញើជាដើម។

. ទំនុកចិត្តពីអតិថិជននិងអាជ្ញាធរគ្រប់គ្រង

 នេះក៏ជាចំណុចសំខាន់មួយដែលអ្នកមិនគួរមើលរំលងផងដែរពោលគឺត្រូវដឹងថាធនាគារដែលអ្នកបម្រុងនឹងដាក់ប្រាក់បញ្ញើទទួលបានការជឿទុកចិត្តពីអតិថិជនឬអត់ហើយមានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិឬអត់។ ការជឿទុកចិត្តនិងមានទំនុកចិត្តពីអតិថិជនគឺវាអាចបញ្ជាក់ទំនុករបស់ធនគារនោះ។

ជាចុងក្រោយលោកបណ្ឌិត អ៊ុន ចាន់នីបានសង្កត់ធ្ងន់ថាតាមរយៈចំណុចទាំង៧ដែលបានរៀបរាប់ខាងលើអាចធ្វើឲ្យប្រជនជនយើងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងការសម្រេចចិត្តថាតើគួរដាកើប្រាក់បញ្ញើនៅធនាគារមួយណាដែលមានទំនុកចិត្តអំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia