ក្រោយបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ (ព្រលានយន្ដហោះពោធិ៍ចិនតុង) នឹងត្រូវបិទនៅពេលដែលព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលមានទីតាំងស្ថិតនៅក្នុងខេត្ដកណ្ដាលបើកដំណើរការ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលដកស្រង់ដោយទូរទស្សន៍ជាតិកម្ពុជានាពេលថ្មីៗនេះ។
សូមជម្រាបថា ព្រលានយន្ដហោះអន្តរជាតិភ្នំពេញបច្ចុប្បន្ន ត្រូវបានកសាង និង បើកដំណើរការនៅឆ្នាំ១៩៥៥ លើផ្ទៃដីទំហំ ៣៦៦.៧២ហិកតា ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ នៅជាយរាជធានីភ្នំពេញ ចម្ងាយប្រមាណ ១០គីឡូម៉ែត្រ។ នៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការវិនិយោគឱ្យក្រុមហ៊ុន SCA អភិវឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការព្រលានអន្ដរជាតិមួយនេះ។
ប៉ុន្តែដោយហេតុថា ព្រលានយន្ដហោះអន្តរជាតិភ្នំពេញបច្ចុប្បន្ន មានផ្ទៃដីលក្ខណៈតូចចង្អៀត ទីតាំងស្ថិតនៅស្ទើចំកណ្ដាលរាជធានីភ្នំពេញ និងក្នុងតំបន់ប្រតិបត្តិការអាកាសយានដ្ឋានបច្ចុប្បន្ន ពោរពេញទៅដោយសំណង់អគារខ្ពស់ៗ និងមានឧបសគ្គដល់សុវត្ថិភាពកិច្ចប្រតិបត្តិការហោះឡើង-ចុះចតអាកាសយានគ្រប់ប្រភេទ និងហុំព័ទ្ធដោយសំណង់លំនៅដ្ឋានប្រជាពលរដ្ឋយ៉ាងច្រើន ទើបរាជរដ្ឋាភិបាល បានផ្ដល់ការវិនិយោគឱ្យក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី អភិវឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិថ្មីមួយលំដាប់ថ្នាក់ 4F មានឈ្មោះថា “ព្រលានយន្ដហោះអន្តរជាតិតេជោ”។
គួររំលឹកថា ព្រលានយន្ដហោះអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដី ២៧០០ ហិកតាមានទីតាមស្ថិតនៅស្រុកកណ្ដាលស្ទឹងខេត្ដកណ្ដាល។ អាកាសយានដ្ឋានថ្មីនេះត្រូវបានបើកដំណើរការសាងសង់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដែលមានទុនិយោគសរុប ១ ៥០០ លានដុល្លារ និងត្រូវបែងចែកជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១ បញ្ចប់នៅឆ្នាំ២០២៥ ដំណាក់កាលទី២ បញ្ចប់នៅឆ្នាំ២០៣០ និងដំណាក់កាលទី៣ បញ្ចប់នៅឆ្នាំ២០៣០។ ហើយតាមការគ្រោងទុក សម្រាប់ដំណាក់កាលទី១ អាចនឹងបើកដំណើរការនៅត្រីមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ។