ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់លេខ៣ទូទាំងពិភពលោក ដែលក្រុមហ៊ុន Apple បានលុបចោលកម្មវិធីរហូតដល់ទៅ ៩,៦០០ ចេញពី App Store ចោលជារៀងរហូតដោយសារតែ Apple រកឃើញថាកម្មវិធីរបស់វៀតណាមមានសកម្មភាពក្លែងបន្លំ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vn International ។
ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ចំពោះការដកចេញភាគច្រើនពាក់ព័ន្ធនឹងការរំលោភលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណកម្មវិធីអ្នកអភិវឌ្ឍន៍ Apple ជាពិសេសទាក់ទងនឹងបទពិសោធន៍អ្នកប្រើប្រាស់ និងការក្លែងបន្លំ។ ដូច្នេះទើប Apple សម្រេចលុបកម្មវិធីដែលចូលរួមក្នុងការអនុវត្តក្លែងបន្លំឬចំណាត់ថ្នាក់ រំលោភលើកម្មសិទ្ធិបញ្ញា ចែកចាយកម្មវិធី Apple ដោយគ្មានការអនុញ្ញាត មានខ្លឹមសារមិនសមរម្យ ឬបំពានច្បាប់ការពារឯកជនភាពអ្នកប្រើប្រាស់ និងទិន្នន័យ។
យ៉ាងណាមិញ សម្រាប់កម្មវិធីភាគច្រើនដែលត្រូវបានដកចេញនៅក្នុងប្រទេសវៀតណាមគឺមានឧបករណ៍ប្រើប្រាស់២,៦១៥ ចំណែកហ្គេម ២,៣៨៨ និងការកម្សាន្តមានចំនួន ១,៣១៨។ អ្នកជំនាញបាននិយាយថា កម្មវិធីរបស់វៀតណាម វាបានឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងការអភិវឌ្ឍន៍កម្មវិធីរបស់ប្រទេសវៀតណាមតែកម្មវិធីមួយចំនួនមានការគ្រប់គ្រងគុណភាពមិនល្អនោះទេ។
គួរបញ្ជាក់ថា កម្មវិធីរបស់វៀតណាមចំនួន ៩,៦០០ ដែល Apple បានលុបចេញពី App Store គឺជាតួលេខមួយដែលខ្ពស់បំផុត ៕