ទារិកាមកពីខេត្តព្រៃវែងទទួលបានស្នាមញញឹមថ្មី ក្រោយទទួលការវះកាត់ពីគ្រូពេទ្យជំនាញដោយឥតគិតថ្លៃ
Daneth MechJUNE 6 2025

ដោយមានកិច្ចសហការល្អពីធនាគារ វីង និងអង្គការស្នាមញញឹមកម្ពុជា កុមារជាច្រើនទទួលបានបទពិសោធន៍ជីវិតថ្មីជាមួយស្នាមញញឹមដ៏ស្រស់ស្អាត ក្រោយទទួលបានការវះកាត់ និងព្យាបាលមុខមាត់ឥតគិតថ្លៃ។

មានទីលំនៅស្ថិតនៅតំបន់ជនបទមួយក្នុងខេត្តព្រៃវែង លោកស្រី អ៊ុក ចន្ធូ និងស្វាមីគាត់លោក ហុត ចិន្តា តែងតែស្រមៃចង់ផ្តល់ជីវិតល្អប្រសើរមួយដល់កូនស្រីជាទីស្រលាញ់របស់ពួកគេគឺ លីលី ដែលទើបតែមានអាយុ ៦ខែប៉ុណ្ណោះ។ ដោយមានពិការភាពក្រអូមមាត់ឆែបពីកំណើត លីលី ត្រូវជួបការលំបាកក្នុងការបៅទឹកដោះម្តាយ ហើយសំឡេងយំរបស់នាងខ្សោយណាស់ ដែលធ្វើឱ្យឪពុកម្តាយនាងមានក្តីអាណិតអាសូរជាខ្លាំង។

នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ បន្ទាប់ពីពួកគេបានធ្វើដំណើរពីស្រុកកំណើតតាមរយៈតាក់ស៊ីដែលត្រូវចំណាយពេល១២ ម៉ោង និងមានចម្ងាយប្រហែល ៣៣០គីឡូម៉ែត្រ ក្តីស្រមៃនោះក៏បានក្លាយជាការពិតនៅពេលមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

Photo 2025 06 06 11 36 55

ទារិកាលីលី ស្ថិតក្នុងចំណោមអ្នកពិការភាពមុខមាត់ទាំង ៤៤នាក់ ដែលទទួលបានការវះកាត់ និងព្យាបាលឥតគិតថ្លៃរៀបចំឡើងដោយអង្គការ​ស្នាមញញឹម​កម្ពុជា ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ហើយ​មានបេសកកម្មផ្តល់ការព្យាបាលបបូរមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។

បេសកកម្មនេះទទួលបានជំនួយសប្បុរសធម៌ចំនួន ១០,០០០ អាមេរិកពីធនាគារ វីង និងមានការចូលរួមពីក្រុមគ្រូពេទ្យជំនាញវះកាត់ស្ម័គ្រចិត្តមកពីចិន-ហុងកុង ដោយផ្តល់នូវក្តីសង្ឃឹមសម្រាប់គ្រួសារជាច្រើន។តួយ៉ាងគឺគ្រួសាររបស់ លីលី ពុំមានលទ្ធភាពគ្រប់គ្រាន់អាចព្យាបាលបែបនេះដោយខ្លួនឯងបានឡើយ។

ចន្ធូបានរំលឹកពីផលលំបាកកូនស្រីរបស់គាត់ចាប់តាំងពីនាងបានចាប់កំណើតមក។  ចន្ធូបានរៀបរាប់ថា៖ "នៅពេលបៅទឹកដោះម្តងៗ លីលី តែងតែឈ្លក់ ហើយពេលខ្លះសំឡេងយំរបស់នាងស្តាប់ទៅខ្សោយណាស់”។ “ខ្ញុំភ័យណាស់ រហូតមានពេលមួយនោះ ខ្ញុំគិតថានាងស្លាប់ទៅហើយ។ ប៉ុន្តែប៉ុន្មាននាទីក្រោយមក ស្មារតីនាងក៏ភ្ញាក់ឡើង ហើយអាចដកដង្ហើមបានធម្មតាវិញ។"

សម្រាប់ចន្ធូនិងចិន្តា ដែលមានបន្ទុកត្រូវចិញ្ចឹមបីបាច់កូនចំនួន៣នាក់ និងត្រូវមើលថែឪពុកមា្តយចាស់ជរារស់នៅក្នុងភូមិជនបទមួយ ហើយជាមធ្យមអាចរកចំណូលបានប្រហែល ១០​ម៉ឺនរៀលក្នុងមួយថ្ងៃ។ ពោលគឺការវះកាត់នេះមិនត្រឹមតែជួយសម្រាលបន្ទុកនូវការព្យាបាលកូនស្រីរបស់ពួកគេប៉ុណ្ណោះទេ តែគឺជាក្តីសង្ឃឹមដែលពួកគេតែងតែស្រមៃចង់បាន។

Photo 2025 06 06 11 37 01

ម្តាយរបស់ លីលី បាននិយាយថា៖ “នៅក្នុងភូមិ ញាតិខ្លះនិយាយខ្សឹបខ្សាវថាកំណើតរបស់នាងជាប្រផ្នូលមិនល្អ។​ តែខ្ញុំជឿថា នាងសក្តិសមនឹងទទួលបានការរស់នៅដូចអ្នកដទៃ ដោយមិនត្រូវរងនូវភាពមាក់ងាយ និងអៀនខ្មាស់នោះឡើយ។

ដំណើរការនៃការវះកាត់ប្រព្រឹត្តិទៅដោយជោគជ័យ។ នៅប៉ុន្មានម៉ោងបន្ទាប់ពី លីលី ចូលបន្ទប់វះកាត់ គិលានុបដ្ឋាយិកាម្នាក់បានចេញមកប្រាប់ ខណៈពេលដែលឪពុកម្តាយរបស់នាងដែលកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ដោយបញ្ជាក់ទាំងញញឹមថា៖ “នាងកំពុងសម្រាកហើយ។"

រំពេចនោះ ចន្ធូមានក្តីរំភើបលាយឡំនឹងទឹកភ្នែករលីងរលោង ពេលគាត់សម្លឹងមើលមុខកូនស្រីដែលត្រូវបង់រុំវះកាត់។ ចន្ធូខ្សឹបថ្នមៗទៅកាន់ លីលី៖ “ឈឺទេកូន​ ម៉ែនៅទីនេះហើយ កុំយំអីណា!។ ចន្ធូបានឱប លីលី យ៉ាងណែន ដើម្បីផ្តល់ជាកម្លាំងចិត្ត និងភាពកក់ក្តៅឱ្យនាង។

ចាប់តាំងពីឆ្នាំ ២០១៥ អង្គការស្នាមញញឹមកម្ពុជាបានផ្លាស់ប្តូរជីវិតអ្នកពិការភាពមុខមាត់ជាង ៥,៦០០ នាក់ ដោយផ្តល់នូវការវះកាត់ឥតគិតថ្លៃ ហើយអាចឱ្យពួកគេរស់នៅក្នុងសង្គមដូចអ្នកដទៃដែរ។

សាស្រ្តាចារ្យវេជ្ជបណ្ឌិត នូ សារ៉ុម ដែលជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តវះកាត់នៃអង្គការស្នាមញញឹមកម្ពុជា បានលើកឡើងថា៖ “បើគ្មានការព្យាបាលទាន់ពេលទេ កុមារទាំងនេះអាចនឹងជួបបញ្ហាពេញមួយជីវិត។ យើងនៅទីនេះដើម្បីប្រាកដថា ពួកគេអាចរស់នៅដូចមនុស្សធម្មតាដែរ។"

ការគាំទ្រពីធនាគារ វីង បានរួមចំណែកដ៏សំខាន់ចំពោះបេសកកម្មនេះ។ ក្រៅពីការបរិច្ចាគថវិកាសប្បុរសធម៌ចំនួន ១០,០០០ ដុល្លារអាមេរិក ធនាគារ វីង ក៏បានចូលរួមយ៉ាងសកម្មក្នុងការជួយផ្សព្វផ្សាយពីបេសកកម្មវះកាត់នេះ​តាមបណ្តាញភ្នាក់ងារធនាគារ វីង ១២,០០០ កន្លែងនៅទូទាំងប្រទេស ហើយថែមទាំង បានចូលរួមជាមួយមនុស្សរាប់រយនាក់នៅក្នុងព្រឹត្តិការណ៍ដើរ "ដើម្បីស្នាមញញឹម" ក្នុងចំងាយ១៧គីឡូម៉ែត្រ​ដោយ​ចាប់ផ្តើមពីប្រាសាទអង្គរវត្ត រហូតដល់ប្រាសាទព្រះខ័ន។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ មួយថ្ងៃបន្ទាប់ពីបេសកកម្មវះកាត់នៅមន្ទីរពេទ្យបង្អែកសៀមរាប។

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ "កុមារគ្រប់រូបសមនឹងទទួលបានការរស់នៅ​ និងរីកលូតលាស់ប្រកបដោយទំនុកចិត្ត។ ភាពជាដៃគូនេះគឺដើម្បីរួមចំណែកកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងសុខុដុមរមនាក្នុងពេលតែមួយ។"

សម្រាប់គ្រួសាររបស់ លីលី សមិទ្ធផល​កើតចេញពីបេសកកម្មនេះ គឺពិតជាមានអត្ថន័យជ្រាលជ្រៅណាស់។ ចន្ធូបាននិយាយទាំងក្តីរីករាយ​ថា៖ "យើងខ្ញុំពិតជាអរគុណណាស់ចំពោះអង្គការស្នាមញញឹមកម្ពុជា ធនាគារ វីង និងសប្បុរសជនទាំងអស់ ដែលមិនត្រឹមតែជួយផ្លាស់ប្តូរជីវិត លីលី ទេ ថែមទាំងជួយឱ្យគ្រួសារខ្ញុំទទួលបាននូវក្តីសង្ឃឹមដ៏ស្រស់បំព្រងថែមទៀត​។"

ដំណើរជីវិត​របស់ លីលី គឺជាពន្លឺនៃសង្ឃឹម ដែលជាការរលឹកថាសូម្បីតែដំណើរដ៏វែងឆ្ងាយក៏អាចបញ្ចប់ដោយភាពរីករាយបានដែរ។

សម្រាប់គ្រួសារដែលត្រូវការជំនួយ អង្គការ​ស្នាមញញឹមកម្ពុជាផ្តល់ការព្យាបាលឥតគិតថ្លៃ ដោយគ្រាន់តែទំនាក់ទំនងមកទូរសព្ទលេខ៖ 012 655 786, 023 211 405, ឬ 096 846 6991។ ជាមួយគ្នានេះ សាធារណជនទាំងអស់ក៏អាចចូលរួមបរិច្ចាគទៅកាន់អង្គការស្នាមញញឹមកម្ពុជាបានដោយផ្ទាល់តាមរយៈអេប Wing Bank ឬអញ្ជើញទៅកាន់ភ្នាក់ងារធនាគារ វីង នៅទូទាំងប្រទេសកម្ពុជា ដោយគ្រាន់តែប្រើលេខកូដ 9927 សម្រាប់គណនីប្រាក់រៀល និងលេខកូដ 9928 សម្រាប់គណនីប្រាក់ដុល្លារ។ ហើយទឹកប្រាក់បរិច្ចាគទាំងអស់នឹងចូលទៅក្នុងគណនីអង្គការស្នាមញញឹមកម្ពុជាដោយផ្ទាល់ ដើម្បីបន្តទ្រទ្រង់បុព្វហេតុសង្គមដ៏មានតម្លៃនេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia