រដ្ឋគ្មានគោលការណ៍លក់ព្រលានយន្ដហោះអន្ដរជាតិពោធិ៍ចិនតុងទេ ខណៈនេះជាជម្រើសត្រូវធ្វើបន្ដ
Bunthoeun KoemMAY 16 20251.1 K views

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុននេះ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នឹងត្រូវផ្អាកដំណើរការហើយ ដោយប្រតិបត្ដិការហោះហើរទាំងអស់នឹងត្រូវផ្ដាស់ប្ដូរទៅកាន់ព្រលានយន្ដហោះអន្ដរជាតិតេជោវិញម្ដង។ ដោយបិទដំណើរការ តើព្រលានយន្ដហោះនេះនឹងត្រូវយកធ្វើអ្វីជាបន្ដ?

បើតាមប្រសាសន៍របស់សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥  បានឲ្យដឹងថា ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដើម្បីត្រៀមបម្រុងក្នុងករណីដែលព្រលានយន្តហោះថ្មីជួបប្រទះបញ្ហាណាមួយកើតឡើងជាយថាហេតុ។ ព្រលានយន្តហោះចាស់នេះនឹងអាចត្រូវបានប្រើប្រាស់ជំនួសវិញបានភ្លាមៗ ដើម្បីធានាការបន្តដំណើរការនៃការដឹកជញ្ជូនតាមផ្លូវអាកាស។

សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ព្រលានយន្ដហោះអន្តរជាតិភ្នំពេញនឹងនៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងមូល។ ជាក់ស្ដែងរាជរដ្ឋាភិបាលមិនមានគោលបំណងលក់ព្រលានយន្តហោះនេះទៅឱ្យវិស័យឯកជនឡើយ។ ហើយក្នុងនោះរាជរដ្ឋាភិបាលក៏កំពុងសិក្សាជម្រើសមួយចំនួនដើម្បីប្រើប្រាស់ព្រលានយន្ដហោះនេះបន្ដផងដែរ។

1 (1)

ប្រសាសន៍សម្ដេចធិបតី «យើងបានសិក្សាមួយជម្រើសពីរជម្រើសទៀត នៅក្នុងករណីទៅអនាគតយើងមិនអាចទុកវាជាព្រលាន។ គោលការណ៍ដែលធ្វើនោះគឺមាន៣ ៖ ទី១ រក្សាតម្លៃប្រវត្ដិសាស្ដ្រនៃទីតាំងនេះ ដោយមិនឲ្យបាត់កន្លែងនេះ ដែលជាអតីតព្រលានយន្ដហោះដែលជាស្នាព្រះហស្ដរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ហើយបម្រើដល់វិស័យដឹកជញ្ជូនយើងរាប់សិបឆ្នាំទេ។ អុីចឹងតម្លៃប្រវត្ដិសាស្ដ្រនៅតែមាន។ ទី២ គឺជម្រើសដែលផ្ដល់ផលប្រយោជន៍ដល់សាធារណៈជន ប្រជាពលរដ្ឋប្រើប្រាស់ជាអតិប្បរមាអត់ឲ្យឯកជនទេ  គឺនឹងប្រែក្លាយទៅជាកន្លែង ឬទ្រព្យសម្បត្ដិអ្វីមួយដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកភ្នំពេញ ប្រើប្រាស់។ ហើយទី៣ គឺ​រូបមន្ដនិងជម្រើសនៃការគ្រប់គ្រងប្រើប្រាស់យ៉ាងណាក៏ដោយ ​ដោយមានចីរភាព ប៉ុន្ដែត្រូវធានាថាទ្រព្យសម្បត្ដិទាំងអស់នេះត្រូវតែនៅជាទ្រព្យសម្បត្ដិរបស់រដ្ឋអត់ឲ្យមានឯកជនទេ​។ នេះគឺជាគោលការណ៍ដែលយើងធ្វើ»

សូមជម្រាបថា ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ បានចាប់ផ្ដើមកសាងជាលើកដំបូងនៅឆ្នាំ ១៩៥៧ ដោយក្រុមហ៊ុនបារាំងលើផ្ទៃ លើផ្ទៃដីទំហំ ៣៦៦.៧២ហិកតា មានទីតាំងស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ១៩ មករា ឆ្នាំ ១៩៥៩ ដោយពេលនោះមានឈ្មោះថា ព្រលានយន្ដហោះអន្តរជាតិពោធិ៍ចិនតុង។ ហើយព្រលានយន្ដហោះអន្តរជាតិនេះ ក៏ត្រូវបានប្តូរឈ្មោះថ្មីមកជាព្រលានយន្ដហោះអន្តរជាតិភ្នំពេញ​វិញនៅថ្ងៃទី ១៥ មករា ឆ្នាំ ២០០៣។ ដោយគិតមកដល់បច្ចុប្បន្ននេះគឺមានអាយុកាល ៦៦ ឆ្នាំហើយ៕

E17df5fb 0c5c 4ab4 Ba4d D7fa25995513

9d0c4663 006f 4ed6 8ce9 A953aa2dad2f

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia