មុនវិនិយោគទៅលើអចលនទ្រព្យ អ្វីដែលយើងត្រូវមើលមុនគេគឺទីតាំង ព្រោះថាបើទីតាំងដែលយើងវិនិយោគមានសក្កានុពលល្អ នោះអចលនទ្រព្យដែលយើងទិញ និងអាចឡើងថ្លៃបានឆាប់រហ័ស។ ប៉ុន្ដែបើសិនជាទីតាំងនោះមិនល្អ ឬគ្មានការអភិវឌ្ឍនទេ នោះអចលនទ្រព្យដែលយើងទិញ អាចនឹងតម្លៃនៅទ្រឹង និងមិនងាយទទួល បានផលទំនេញឡើយ។
ហើយថ្មីៗនេះដែរ លោក គាម សៀកឡុង ដែលជាអគ្គនាយកក្រុមហ៊ុន Century 21 Dream Property និងជាម្ចាស់ស្នាដៃសៀវភៅ «វិថីអចលនទ្រព្យ» ព្រមទាំងជាអ្នកជំនាញផ្នែកអចលនទ្រព្យមួយរូបនៅកម្ពុជា បានបង្ហាញពីសក្កានុពលនៅតំបន់ទាំង ៤ ទិសនៃរាជធានីភ្នំពេញ ដែលវិនិយោគិនគ្រប់រូបដឹង មុននឹងសម្រេចចិត្ដវិនិយោគអចលនទ្រព្យនៅតំបន់ណាមួយដែលគិតថាល្អប្រសើរ។
លោក គាម សៀកឡុង បានលើកឡើងថា ប៉ែកខាងលិចជាតំបន់ឧស្សហកម្ម រោងចក្រ ឃ្លំាង ផ្ទះជួលសម្រាប់កម្មករ ឬ ប្រកបមុខរបររកស៊ីជាមួយនឹងកម្មករ។ តំបន់នេះតភ្ជាប់ទៅកំពង់ផែក្រុងព្រះសីហនុតាមរយៈផ្លូវជាតិលេខ៤ លេខ៤១ និងផ្លូវជាតិលេខ៣ ជាតំបន់ដីពុះឡូត៍ច្រើនជាងគេ ជាពិសេសនៅក្នុងស្រុកអង្គស្នួល ខេត្កកណ្តាល។
លោកបន្ដថា ប៉ែកខាងកើត តាមផ្លូវជាតិលេខ១មានបុរីប៉េង ហ៊ួត បឹងស្នោរ កោះនរាកំពុងអភិវឌ្ឍផងដែរ តភ្ជាប់មកកោះពេជ្រ និងជាតំបន់លំនៅដ្ឋានចម្រុះ និងបែបដំណាំហូបផ្លែនៅតំបន់ព្រែកឯង ឬកៀនស្វាយ មានដីទំនេរច្រើន ហើយក៏មានផ្លូវតភ្ជាប់ខ្វាត់ខ្វែងទៅតំបន់ព្រលានយន្ត ហោះថ្មី។
ចំណែកឯតំបន់អរិយក្សត្រ នៅជិតក្រុងបង្កើយ ដោយសារតែមិនទាន់មានស្ពានសម្រាប់ឆ្លង ដែលធ្វើឱ្យតម្លៃដីតំបន់នេះមិនទាន់ខ្ពស់នៅឡើយ ជាតំបន់លំនៅដ្ឋាន និងអភិវឌ្ឍបែបចម្រុះ បច្ចុប្បន្នក៏មានសំណង់បុរីកម្រិតមធ្យមបានសាងសង់ជាបណ្តើរៗនៅតំបន់នោះរួចហើយដែរ។ វត្តមានស្ពាននៅតំបន់នោះនឹងធ្វើឱ្យតម្លៃដីនៅទីនោះកើនឡើងខ្លាំងជាក់ជាមិនខាន។
ចំពោះបែកខាងជើងមានផ្លូវជាតិលេខ៦អា មានទន្លេអមសងខាង ចន្លោះពេលពី២ទៅ៥ឆ្នាំទៀត ជ្រោយចង្វារក្លាយជាតំបន់អភិវឌ្ឍន៏ចម្រុះ គម្រោងOCIC និងបុរីធំៗនានានឹងបញ្ចប់ការសាងសង់ កំណើនប្រជាពលរដ្ឋទៅរស់នៅតំបន់នោះកើនឡើង។ ជាតំបន់លំនៅដ្ឋានបែបប្រណិត សួនសត្វ សួនទឹក សណ្ឋាគារទំនើប ទីក្រុងរណបទំនើប ខុនដូ លំនៅដ្ឋានជុំវិញពហុកីឡដ្ឋាន ពហុកីឡដ្ឋានថ្មីមរតកតេជោ ងាយស្រួលរស់នៅ និងកំសាន្ត ហើយកំពុងតែរៀបចំយ៉ាងសស្រាក់សស្រាំសម្រាប់ទទួលកីឡា SEA GAME 2023 ។ គម្រោងបុរីធំៗរួមមានប៉េងហួត ជីបម៉ុង ដឺមេគង្គរ៉ូយ៉ាល់ អ័រគីដេរ វិមានភ្នំពេញ ហាយលែន ដឹផ្លរ៉ា Morgan ណាឌី Worldbridge Sport Village និងគម្រោងបុរីជាច្រើនទៀតកំពុងសាងសង់។
តំបន់ពាយ័ព្យ(ខាងជើងឈៀងខាងលិច)សែនសុខ បានប្រែក្លាយពីតំបន់លំនៅដ្ឋានទៅជាតំបន់ពាណិជ្ជកម្មយ៉ាងរស់រវើក គម្រោងខុនដូសម្រាប់អតិថិជនមានចំណូលមធ្យមនឹងកើនឡើងច្រើន តំបន់ជិតខាងនិងជុំវិញនោះនឹងមានការសាងសង់ជាបុរី ផ្ទះល្វែងច្រើនថែមទៀត ហើយបានសាយភាយចេញពីភ្នំពេញថ្មីទៅសង្កាត់ឃ្មួញ សង្កាត់ក្រាំងធ្នង់ និងសង្កាត់គោករការនៃខណ្ឌព្រែកព្នៅ។
ហួសទៅប៉ែកខាងលិច ជាបន្តបន្ទាប់ដូចជាតំបន់ភ្នំរាប ភ្នំបាសិទ្ធជាដើម ក៏មានទាក់ទាញខ្លាំង និងមានកំណើនខ្ពស់ផង ដែរ។
ដោយឡែកប៉ែកខាងត្បូងជាតំបន់អភិវឌ្ឍថ្មី មានផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍចម្រុះ ខុនដូ បុរីប្រណិតៗ ផ្សារទំនើបចំនួន៣ ដែលមានទាំងផ្សារទំនើបAEON3ក្នុងនោះផង បានកំពុងសាងសង់ជិតរួចរាល់ហើយ កំពុងប្រែក្លាយតំបន់នោះទៅជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានទំនើប បូករួមនឹងព្រលានយន្តហោះថ្មី និងផ្លូវក្រវ៉ាត់ក្រុងទី៣ដែលកំពុងស្ថាបនា បានធ្វើឱ្យតំបន់នោះមានការទាក់ទាញ និងរីកចម្រើនលឿនក្នុងពេលបច្ចុប្បន្ននេះ។
ជារួម តំបន់ជាយក្រុង មិនថា ទិសខាងលិច ខាងកើត ខាងជើង ខាងត្បូងទេ សុទ្ធតែមានសក្តានុពលទាំងអស់ តែផ្សេងៗពីគ្នា៕
អត្ថបទ៖ កឹម ប៊ុនធឿន