កំពត ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៣-ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរី និងស្ថិតក្នុងចំណោមធនាគារដែលមានសាខាច្រើនជាងគេនៅកម្ពុជា បានប្រកាសជាផ្លូវការពីការបើកបម្រើជូនអតិថិជននូវសេវាធនាគារពេញលេញ របស់សាខាកំពត។
សាខាដែលបំពាក់ជាមួយនឹងរចនាបថថ្មីមួយនេះ មានទីតាំងស្ថិតនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។ សាខាធនាគារពេញលេញមួយនេះក៏បានភ្ជាប់មកជាមួយនឹងបរិយាកាសដ៏សមប្រកប និងសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែបជាច្រើនផ្សេងទៀត ដែលនឹងធានាបានថា អតិថិជនទាំងអស់ទទួលបានសេវាកម្មធនាគារកាន់តែល្អប្រសើរ។
អគ្គនាយកធនាគារ ហ្វីលីព លោក ចាន់ ម៉ាច បានមានប្រសាសន៍ថា ការបើកបម្រើជូនសេវាធនាគារពេញលេញនៅសាខាកំពត បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ធនាគារ ហ្វីលីព ដើម្បីនាំមកនូវសេវាកម្មធនាគារដ៏ល្អបំផុត និងឆ្លើយតបទៅនឹងកំណើននៃតម្រូវការសេវាធនាគារប្រកបដោយភាពងាយស្រួល និងគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។
លោក ចាន់ ម៉ាច ក៏បានបន្ថែមទៀតថា «ជាមួយនឹងការបើកដំណើរការសាខាថ្មីនេះ ធនាគារ ហ្វីលីព សង្ឃឹមថានឹងអាចចូលរួមជាចំណែកមួយ ក្នុងការជំរុញសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចក្នុងស្រុកឱ្យឆ្ពោះទៅមុខមួយកម្រិតទៀត។»
សាខាកំពតរបស់ធនាគារ ហ្វីលីព ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារធ្វើការកែប្រែឲ្យប្រែក្លាយទៅជាសាខាដែលបើកបម្រើសេវាធនាគារពេញលេញ។ សាខាដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែបជាច្រើន ទៅតាមតម្រូវការនៃរាល់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។
សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖
- ហិរញ្ញប្បទានពាណិជ្ជកម្ម
- មូលប្បទានបត្រធនាគារ
- សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស
- ផលិតផល និងសេវាផ្សេងៗ។
សាខាកំពត ត្រូវបានរចនាឡើងយ៉ាងប្រណិត ទាំងរូបរាងអគារ និងបញ្ជរសម្រាប់បម្រើអតិថិជន ក៏ដូចជាចំណតរថយន្តដ៏ធំទូលាយ បន្ទប់ពិភាក្សាដែលបានរៀបចំយ៉ាងល្អ និងបញ្ជរជាច្រើនដើម្បីផ្តល់សេវាកម្មដែលមានស្តង់ដារខ្ពស់ដល់អតិថិជនប្រកបដោយផាសុកភាព និងឯកជនភាព។ លើសពីនេះ បុគ្គលិកធនាគារបានត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើ និងឆ្លើយតបរាល់ការសាកសួររបស់អតិថិជនអំពីផលិតផល និងសេវាកម្មរបស់ធនាគារប្រកបដោយវិជ្ជាជីវៈ។
ដើម្បីអបអរសាទរការបើកដំណើរការសេវាធនាគារពេញលេញនៃសាខាកំពត អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនផ្សេងទៀតនៅពេលពួកគេបើកគណនីជាមួយធនាគារ ហ្វីលីព។
សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧)។