ពីហាងកាហ្វេធ្លាប់ប្រកាសការពារក្ស័យធន ក្លាយជាគូប្រជែង Starbucks ឡើងទៅលំដាប់លេខ១ក្នុងប្រទេស
Ping Chou EngNOVEMBER 24 2024951 views

កាលពីឆ្នាំ២០២១ យីហោ Luckin Coffee ធ្លាប់បានដាក់ពាក្យសុំការការពារការក្ស័យធននៅក្នុងសហរដ្ឋអាមេរិក ក្រោយមានរឿងក្តីក្តាំងពីបទក្លែងបន្លំប្រាក់ចំណូល។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយស្តារអាជីវកម្មឡើងវិញ Luckin បានដណ្តើមយកតំណែងតួឯកលេខក្នុងទីផ្សារពី Starbucks នៅប្រទេសចិន ជាកាហ្វេដែលផ្ទុះការលក់និងគាំទ្រខ្លាំងបំផុត។

 

ក្រុមហ៊ុនរបស់ Luckin Coffee មានទីស្នាក់ការកណ្តាលនៅទីក្រុង Xiamen តំបន់កំពង់ផែនៅភាគអាគ្នេយ៍នៃប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ហើយបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងនាមជាគូប្រជែងក្នុងស្រុកជាមួយ Starbucks។

 

នៅឆ្នាំ២០២២ កាហ្វេ Luckin បានវ៉ាហើយមានចំនួនហាងច្រើនជាង Starbucks នៅទូទាំងប្រទេសទាំងអស់។ នៅឆ្នាំបន្ទាប់ Luckin ត្រូវបានសារព័ត៌មានជាច្រើនរាយការណ៍ថា​ ប្រាក់ចំណូលប្រចាំឆ្នាំរបស់យីហោនេះមានចំនួន ២៤.៩ ពាន់លានយន់ ស្មើនឹង ៣.៤៨ ពាន់លានដុល្លារខណៈចំនួននេះបានយកឈ្នះប្រាក់ចំណូលរបស់ Starbucks នៅក្នុងស្រុកចិនដែលមានចំនួនត្រឹម ៣.១៦ ពាន់លានដុល្លារ។ (ទិន្នន័យពី​​Fortune)

 

យោងតាម Business Insider បានរាយការណ៍ថានាពេលបច្ចុប្បន្នយីហោ Luckin បានឈរនៅលំដាប់កំពូលនៃទីផ្សារកាហ្វេរបស់ប្រទេសចិន ដោយមានហាងជាង ២ម៉ឺន១ពាន់ហាង នៅទូទាំងប្រទេសគិតត្រឹមខែកញ្ញា២០២៤ ដោយការលក់សរុបរបស់បានកើនឡើង ៤១.៤% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលប្រាក់ចំណូលប្រចាំរយៈពេល៣ខែ បានឈានដល់១.៤៥២ពាន់លានដុល្លារអាមេរិក។

 

ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ Luckin Coffee នេះត្រូវបានជំរុញដោយគំរូប្រតិបត្តិការកូនកាត់ដោយរួមបញ្ចូលគ្នានូវហាងដែលដំណើរការដោយខ្លួនឯង ជាមួយនឹងភាពជាដៃគូទិញសិទ្ធិផ្តាច់មុខ ដើម្បីកាត់បន្ថយតម្រូវការដើមទុន យុទ្ធសាស្រ្តនេះអនុញ្ញាតឱ្យយីហោនេះពង្រីកយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន និងចាប់យកអតិថិជនដែលបញ្ជាទិញពីកម្មវិធីលើទូរស័ព្ទ ខុសពី Starbucks ដែលផ្តោតលើអតិថិជនក្នុងការបង្កើតកន្លែងកក់ក្ដៅ ជាផ្ទះទី៣សម្រាប់អតិថជិន ពង្រីកទំនាក់ទំនងសង្គមនោះទេ។

 

ក្នុងនោះផងដែរ Luckin ក៏អាចដំណើរការជាមួយបុគ្គលិកតិចតួចបំផុត ដោយកាត់បន្ថយការចំណាយប្រកបដោយប្រសិទ្ធភាព។ បុគ្គលិកថ្មីរបស់ពួកគេក៏អាចត្រូវបានបណ្តុះបណ្តាលក្នុងរយៈពេលត្រឹមតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ ដែលផ្ទុយស្រឡះ Starbucks ត្រូវការភាពជាប់លាប់លើបណ្តុះបណ្តាលបុគ្គលិក។

 

មិនត្រឹមតែប៉ុណ្ណោះ Luckin ក៏នៅតែអាចរក្សាអត្តសញ្ញាណនិងសម្គាល់ខ្លួនឯងកាន់តែខ្លាំង ជាមួយនឹងតម្លៃប្រកួតប្រជែងរបស់ខ្លួន ដោយលក់កាហ្វេក្នុងតម្លៃ $1.4-2.75 ក្នុងមួយកែវ ដោយប្រើប្រាស់ការបញ្ចុះតម្លៃសំខាន់ៗ។ ផ្ទុយទៅវិញកាហ្វេ Starbucks នៅក្នុងប្រទេសចិន ជាទូទៅចាប់ផ្តើមពី $4.1 ដែលជាតម្លៃមួយដែលបានបង្វែរអតិថិជនចេញចំពេលទីផ្សារការងារដ៏លំបាក។

 

យ៉ាងណាមិញតាមរយៈគំរូអាជីវកម្ម របស់យីហោកាហ្វេលំដាប់យក្ស Starbucks និងគំរូហាងកាហ្វេប្រជាប្រិយ Luckin នេះបានបង្ហាញជាមេរៀនថា រាល់អាជីវកម្ម​គឺខ្លាំងបានមិនអាស្រ័យលើកត្តានៃភាពល្បីល្បាញតែមួយមុខនោះទេ បើទីផ្សារនិងអតិថិនខុសគោលដៅគ្នា ការរំពឹងទុកខុសគ្នាក៏អាច​នាំឱ្យមានលទ្ធផលខុសគ្នាដែរ​ មិនរាប់ថាទីផ្សារអ្នកណាអន់ជាងអ្នកណានោះទេ៕

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia