សេដ្ឋី Warren Buffett គឺជាស្ដេចវិនិយោគប្រចាំសតវត្សទី២១ គាត់វិនិយោគទិញភាគហ៊ុននៅក្រុមហ៊ុនក្នុងវិស័យជាច្រើនដូចជាអចលទ្រព្យ ធនាគារនិងវិស័យផ្សេងៗទៀត ប៉ុន្ដែសេដ្ឋីវ័យ៩៤ឆ្នាំរូបនេះមិនដែលវិនិយោគលើមាសឡើយ។
ខាងក្រោមេនេះគឺជាហេតុផលធំៗចំនួន៣ដែលសេដ្ឋី Warren Buffett មិនវិនិយោគលើមាសបើទោះបីជាគាត់ជាស្ដេចវិនិយោគក៏ដោយ។
១. មាសមិនសូវប្រើក្នុងឧស្សាហកម្ម
សេដ្ឋី Warren Buffett ថាមាសមិនសូវត្រូវបានគេប្រើជាប្រយោជន៍នៅក្នុងវិស័យឧស្សាហកម្មឡើយដូច្នេះហើយទើបលោកមិនវិនិយោគព្រោះលោកចូលចិត្តវិនិយោគលើអ្វីដែលបម្រើដល់ប្រយោជន៍មនុស្សជាតិ។
២. មាសមិនអាចធ្វើអ្វីសោះ
ស្ដេចវិនិយោគរូបនេះធ្លាប់លើកឡើងថា មូលហេតុដែលលោកមិនវិនិយោគទិញមាស ដោយសារតែមាសគឺទ្រព្យដែលមិនអាចផលិតអ្វីបានទាល់តែសោះ។ ត្រង់នេះធ្លាប់លើកឡើងថា” មាសជាទ្រព្យដែលមិនអាចផលិតអ្វីបាននោះទេ តែមនុស្សមួយចំនួនទិញវិនិយោគលើមាសគឺក្នុងក្ដីសង្ឃឹមថាអនាគតទៅអាចលក់បន្តឲ្យអ្នកផ្សេងក្នុងតម្លៃថ្លៃ”។
៣. មាសគេត្រូវការតែពេលគេខ្លាច
លោកថាមាសគេត្រូវការពេលគេខ្លាច។ ជាក់ស្ដែងពេលពិភពលោកជួបបញ្ហាសង្រ្គាមឬវិបត្តិសេដ្ឋកិច្ចមនុស្សភ័យខ្លាច ដូច្នេះមនុស្សមួយចំនួនតែងតែទិញមាសព្រោះមាសគឺត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាព។ យ៉ាងណាមិញមាសនឹងកាន់តែអស់តម្លៃនៅពេលមនុស្សលែងភ័យខ្លាចពោលគឺពេលសេដ្ឋកិច្ចល្អប្រសើរមាសនឹងកាន់តែធ្លាក់ថ្លៃ។
គួរបញ្ជាក់ផងដែរគិតត្រឹមពេលនេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិមានតម្លៃ៣៣៥៤ដុល្លារក្នុងមួយអោន(ស្មើនឹង៤០៤០ដុល្លារក្នុងមួយតម្លឹង) សម្រាប់ហាងឆេងនៅស្រុកខ្មែរពេលនេះមាសមានតម្លៃ៤០៤ដុល្លារក្នុងមួយជី៕