នេះជាសញ្ញាដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ខណៈពេលនេះប្រតិភូវិនិយោគិនចិន មកពីទីក្រុងប៉េកាំង និងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងការវិនិយោគក្នុងវិស័យកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី។
ជាក់ស្តែង កាលកន្លងទៅឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន មកពីទីក្រុងប៉េកាំង និងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានលើកឡើងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្រោមការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលនិងប្រជាជនចិន។
នៅក្នុងជំនួបនេះ តំណាងគណៈប្រតិភូ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការរងដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារពេលនេះ។ គោលបំណងរបស់គណៈប្រតិភូដែលមកទស្សនកិច្ចនៅកម្ពុជាគឺដើម្បីស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគ ពិសេស ការវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងការវិនិយោគក្នុងវិស័យកម្មន្តសាលវាយនភណ្ឌ។
គូសបញ្ជាក់ថា ការវិនិយោគក្នុងកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី (ការផលិតក្រណាត់ ឡេវ រហូតដល់ចេញជាសម្លៀកបំពាក់) ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកទឹកចិត្តឱ្យមានការផលិតវត្ថុធាតុដើមក្នុងស្រុកឱ្យបានច្រើនជាអតិបរិមាដើម្បីបង្កើនតម្លៃបន្ថែម និងបំពេញតម្រូវការទីផ្សារនាំចេញ ជាពិសេស នៅពេលដែលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៩ខាងមុខនេះ ដែលវិធានប្រភពដើមទំនិញសម្រាប់ការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបនឹងទាមទារឱ្យមានការបម្លែងពីរដំណាក់កាល (double transformation)៕