អ្នកស្រី Andreea Matei ផ្តើមរកលុយពីចំណូលក្រៅម៉ោងជាលើកដំបូងបានជាង 1ដុល្លារ ឥឡូវនេះស្រ្តីវ័យ៤១ឆ្នាំរូបនេះអាចរកចំណូលបានជិត៣០០០ដុល្លារ ដោយចំណោយពេល២០នាទីក្នុង១ថ្ងៃប៉ុណ្ណោះរៀងរាល់សប្តាហ៍ដើម្បីផលិតមាតិកាវីដេអូណែនាំអំពីផលិតផលអ្នកដទៃ និងផលិតមាតិកាអំពីសុខភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ប្រភពដដែលបានឱ្យដឹងថាអ្នកស្រី Matie ដើមឡើយធ្វើការពេញម៉ោងជាទីភ្នាក់ងារប្រឹក្សាអាជីវកម្ម ប៉ុន្តែនៅពេលមួយនាងបានថតវីដេអូមួយដែលមានរយៈពេល៧៥វិនាទីនៅលើ Amazon ជាវេបសាយបែប Affiliate Markerting ខណៈនោះនាងនិយាយអំពីគុណភាពម្សៅប្រូតេអ៊ីនសុខភាពនោះ។
ពេលនោះហើយជាពេលដែលធ្វើឱ្យចំណូលហូរចូលកុងនាងជាខ្លាំង ព្រោះវីដេអូនោះមានអ្នកមើលច្រើន ទំនិញនោះមានអ្នកបញ្ជាទិញច្រើន ហើយនាងក៏បានកម្រៃជើងសារច្រើនតាមចំនួនអ្នកទិញដែរ។
ត្រង់ចំណុចនេះអ្នកស្រី Matie បានឱ្យដឹងថា “ខ្ញុំធ្វើវីដេអូប្រហែលជិត១០០០ដងហើយ ដោយវីដេអូនីមួយៗខ្ញុំចំណាយពេលប្រហែលជា២០នាទីក្នុងការថតនិងកាត់ ហើយវាប្រហែលជា៣ម៉ោងក្នុង១សប្តាហ៍ ដែលខ្ញុំតែងធ្វើការពីផ្ទះដើម្បីផលិតវីដេអូ។ បន្ថែមពីនេះអ្នកស្រីបានចែករំលែកថា “ច្បាប់មាសរបស់ខ្ញុំធ្វើឱ្យខ្ញុំអាចរកចំណូលចេញពីវីដេអូនេះបានដោយសារខ្ញុំអាចដឹងថាមនុស្សប្រភេទណាដែលត្រូវការណែនាំពីខ្ញុំ និងចង់មើលខ្ញុំ”។
ចំពោះចំណូលក្រៅម៉ោងនេះនាងអាចរកចំណូលប្រមាណ៤០ដុល្លារក្នុងមួយថ្ងៃ និង៥០ដុល្លារនៅថ្ងៃបន្ទាប់ ហើយមួយខែអាចរកបានប្រហែលជា២៧០០ដុល្លារ ក្រោយការចំណាយពេលធ្វើអស់ជាង៨ខែ ខណៈកាលពីចាប់ផ្តើមដំបូងនាងអាចរកបានត្រឹម១.២៨ ដុល្លារប៉ុណ្ណោះក្នុង១ថ្ងៃ។
អ្នកស្រី Matie ក៏បានបញ្ជាក់ថានេះក៏ព្រោះអ្នកស្រីមិនបោះបង់វានៅពេលដែលមិនទទួលបានលទ្ធផលពេលធ្វើលើកដំបូង និងបានបន្តធ្វើដោយក្តីរីករាយនិងទំនុកចិត្តរហូតមក។
យ៉ាងណាមិញនាពេលបច្ចុប្បន្ននេះអ្នកស្រីក្រៅពីការងារជាអ្នកប្រឹក្សាអាជីវកម្ម អ្នកស្រីបានចាយពេលដើម្បីធ្វើវីដេអូណែនាំផលិតផល២ទៅ៣ផលិតផលដែរក្នុងមួយថ្ងៃ។ ក្រៅពីនេះអតិថិជនមួយចំនួនក្រៅពីឱ្យអ្នកស្រីណែនាំផលិតផលនៅលើវេបសាយ Amazon ហើយពួកគេនៅជួលអ្នកស្រីឱ្យផលិតមាតិកានៅលើ Social Media ដូចជា Facebook ,Instagram , និង Youtube ផ្ទាល់ខ្លួនថែមទៀតផង។
ជាចុងក្រោយស្រ្តីវ័យ៤១ឆ្នាំរូបនេះបានឱ្យដឹងថាការធ្វើការងារទាំងនេះពេលខ្លះក៏វាជួបផលវិបាកដែរ តែ អ្នកស្រីបានចាត់ទុកវាប្រៀបដូចជាការកម្សាន្តមួយបែបដែលអាចរកលុយបាន ហើយម្យ៉ាងទៀតវាបានជួយឱ្យអ្នកស្រីមិនងាយធ្លាក់ទឹកចិត្ត នៅកន្លែងធ្វើការងារជាទីភ្នាក់ងារប្រឹក្សាអាជីវកម្មពេញម៉ោងនោះឡើយ៕
អត្ថបទដោយ៖ ពីង ជូអេង