ដំណឹងល្អ! ក្រុមហ៊ុនធំ១ របស់ប៉ូឡូញ ចង់មកបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា
ធី ស្រីល័ក្ខJANUARY 27 2025185 views

នេះជាដំណឹងដ៏រីករាយមួយ ខណៈនាពេលថ្មីៗនេះក្រុមហ៊ុនកែច្នៃចំណីអាហាររបស់ប្រទេសប៉ូឡូញ LipCo Foods បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចង់មកវិនិយោគបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។

 

ជាក់ស្តែង កាលពីព្រឹកមិញនេះឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន LipCo Foods របស់ប្រទេសប៉ូឡូញ ដឹកនាំដោយលោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។

 

នៅក្នុងជំនួបនេះ នាយកប្រតិបត្តិក្រុមហ៊ុន LipCo Foods បានសម្ដែងនូវចាប់អារម្មណ៍ជាខ្លាំងលើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងបានលើកឡើងអំពីបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុនខ្លួន ក្នុងផលិតកម្មកែច្នៃចំណីអាហារដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារអឺរ៉ុប ដោយបានបញ្ជាក់អំពីភូមិសាស្រ្តប្រទេសប៉ូឡូញ ដែលសម្បូរទៅដោយភោគផលធម្មជាតិ និងផលិតផលកសិកម្មទ្រង់ទ្រាយធំ ដូចជា ការចិញ្ចឹមជ្រូកយកសាច់ និងការដាំដំណាំផ្លែប៉ោមជាដើម។

៣៤

ទន្ទឹមនឹងនេះ គណៈប្រតិភូក្រុមហ៊ុនក៏បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ។ ដោយមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា លោកនាយកប្រតិបត្តិបានបង្ហាញអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិនិយមកាន់តែខ្ពស់ និងសម្តែងនូវចេតនាក្នុងការពន្លឿនផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា សំដៅធ្វើឱ្យលេចចេញជារូបរាងកាន់តែឆាប់រហ័ស៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia