ដល់ឆ្នាំ២០២៥ហើយប៉ុន្ដែស្ថានភាពសេដ្ឋកិច្ចសកលនៅតែមិនទាន់ល្អប្រសើរនៅឡើយ ធ្វើឲ្យមនុស្សជាច្រើនជួបបញ្ហាជាពិសេសបញ្ហាលុយកាក់ដោយពួកគាត់រកចំណូលមិនបានដូចមុន ចំណូលធ្លាក់ចុះនិងធ្លាក់ក្នុងបញ្ហាបំណុលជាដើម។
បើស្ថានភាពសេដ្ឋកិច្ចនៅតែពុបាករកលុយ ខាងក្រោមនេះគឺជារឿង៣សំខាន់ដែលអ្នកគួរយកចិត្តទុកដាក់ធ្វើបើចង់រកចំណូលបានច្រើនដើម្បីទប់ទល់នៅស្ថានភាពសេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះ។
១. អភិវឌ្ឍនសមត្ថភាព
នៅក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ការអភិវឌ្ឍន៍សមត្ថភាព ចំណេះជំនាញគឺជារឿងសំខាន់ដែលអ្នកគួរផ្ដោតព្រោះកាលណាអ្នកមានសមត្ថភាព មានចំណេះនិងជំនាញច្រើនអ្នកនឹងមានឱកាសរកលុយបានច្រើនហើយក៏មានផ្លូវច្រើនក្នុងការរកចំណូលផងដែរ។ មួយវិញទៀតពេលអ្នកអភិវឌ្ឍន៍ចំណេះដឹងជំនាញបានច្រើនទោះក្នុងកាលៈទេសៈទីផ្សារការងារចង្អៀតក៏អ្នកនៅតែអាចមានការងាររកចំណូលបានព្រោះអ្នកមានសមត្ថភាពពិតប្រាកដ។
អភិវឌ្ឍនសមត្ថភាពត្រង់នេះគឺសំដៅដល់ការអភិវឌ្ឍនចំណេះជំនាញដែលមានស្រាប់ឲ្យកាន់តែខ្លាំងដើម្បីមានឱកាសអាចរកចំណូលបានច្រើនជាងមុន។ ឧទាហរណ៍បើអ្នកចេះភាសាអង់គ្លេសប៉ុន្ដែភាសាអង់គ្លេសរបស់អ្នកនៅមានកម្រិតមិនទាន់អាចបង្កើតចំណូលពីវាបានទេនោះ អ្នកអាចចាយពេលវេលានិងលុយកាក់ដើម្បីបង្កើនជំនាញភាសាងអង់គ្លេសឲ្យកាន់តែខ្លាំងពូកែ។ នៅពេលដែលភាសាអង់គ្លេសកាន់តែខ្លាំងអ្នកនឹងមានសមត្ថភាពរកលុយបានតាមរយៈការបង្រៀនភាសាអង់គ្លេសនិងការងារផ្សេងៗទៀតដែលទាក់ទងនឹងភាសាអង់គ្លេស។ ក្រៅពីអភិវឌ្ឍនជំនាញដែលមានស្រាប់ អ្នកគួរចាយពេលរៀនជំនាញថ្មីពេលប្រើខ្លីហើយអាចបង្កើតចំណូលពីជំនាញរបស់អ្នក។
២. ជំនាញគ្រប់គ្រងលុយ
ជំនាញក្នុងការគ្រប់គ្រងលុយកាក់គឺពិតជាសំខាន់អំឡុងពេលដែលសេដ្ឋកិច្ចចុះ។ មនុស្សជាច្រើនបានជួបបញ្ហាលុយកាក់ រស់នៅខ្វះខាតលុយចាយនិងធ្លាក់ខ្លួនទៅក្នុងបញ្ហាបំណុលក៏ដោយសារតែពួកគាត់មិនចេះគ្រប់គ្រងចាត់ចែងលុយផ្ទាល់ខ្លួន។ ត្រូវចាំថារកចំណូលបានច្រើនមិនសំខាន់ តែអ្វីដែលសំខាន់តើអ្នកគ្រប់គ្រងលុយបានល្អប៉ុនណា។
អំឡុងសេដ្ឋកិច្ចដាំក្បាលចុះការគ្រប់គ្រងលំហូរសាច់ប្រាក់ពិតជាចាំបាច់ណាស់ព្រោះបើមិនដូច្នេះទេនោះអ្នកនឹងជួបបញ្ហាលុយកាក់មិនខាន។ បងប្អូនមួយចំនួនគិតតែពីប្រឹងរកលុយឲ្យបានច្រើនដើម្បីដោះបំណុលតែមិនគិតរៀនពីរបៀបគ្រប់គ្រងលុយដែលខ្លួនរកបាន។ ការប្រឹងរកលុយឲ្យបានច្រើនមិនអាចដោះស្រាយបញ្ហាលុយបាននោះទេបើអ្នកមិនចេះគ្រប់គ្រងលុយរបស់អ្នក។ កាលណាអ្នកចេះគ្រប់គ្រងលុយ អ្នកនឹងប្រើប្រាស់លុយមានប្រសិទ្ធភាពហើយអាចចៀសពីបញ្ហាលុយបានទៀតផង។ ចង់ដឹងពីរបៀបគ្រង់គ្រង ធ្វើឲ្យលុយសល់ ចៀសផុតពីបំណុលអាចសាកអានសៀវភៅលុយពិត។ ទាក់ទងទិញសៀវភៅលុយពិតតាមតេឡេក្រាម https://t.me/hangchhengH24
៣. ជំនាញលក់
លក់គឺជាជំនាញចំណូលខ្ពស់ ហើយបើអ្នកជាអ្នករកស៊ី អ្នកត្រូវចេះជំនាញលក់បើចង់រកចំណូលបានច្រើន។ ជាពិសេសអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ អ្នកលក់ដូរនិងរកស៊ីរកចំណូលមិនបានដូចមុន អ្នកត្រូវរកយុទ្ធសាស្រ្តលក់ថ្មីឬផ្លាស់ប្ដូររបៀបលក់ដើម្បីអាចរកចំណូលពីការលក់អំឡុងពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ។