ស្រ្តេសខ្លាំង តប់ប្រមល់ បញ្ហាផ្លូវចិត្ត! អ្នកជំនាញណែនាំឱ្យ ជៀសវាងរឿង៣ អារម្មណ៍នឹងធូរស្រាលវិញ
Ping Chou EngJANUARY 27 2025692 views

ស្រ្តេស តានតឹងនឹងជីវិតប្រចាំថ្ងៃគឺជាបញ្ហាទូទៅរបស់មនុស្ស។ ក្នុងនោះមនុស្សម្នាក់ៗមានវិធីសាស្រ្តកាត់បន្ថយភាពតានតឹងទាំងនោះ តាមទម្លាប់និងរបៀបរស់នៅរបស់ពួកគេរៀងៗខ្លួន។

 

ប៉ុន្តែបើតាមប្រភពពីមហាវិទ្យាល័យសុខភាពសាធារណៈ នៃសកលវិទ្យាល័យ Harvard បានឱ្យដឹងថា​ ចូរជៀសវាងរឿង៣យ៉ាងនេះ​ សម្រាប់ធ្វើជាវិធីកាត់បន្ថយស្រ្តេស ដើម្បីជួយឱ្យអារម្មណ៍ស្រ្តេសធូរស្រាលវិញ។

 

. ប្រើបណ្តាញសង្គមហួសកម្រិត៖ ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចច្រើន នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពភ្នែកនិងរាងកាយ ប៉ុន្តែការប្រើប្រាស់បណ្តាញសង្គមច្រើនហួសកម្រិត នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។

 

ដូច្នេះចូរជៀសវាងការប្រើប្រាស់បណ្តាញសង្គមជ្រុល អូសចុះអូសឡើង នៅពេលអ្នកមានអារម្មណ៍ស្រ្តេសខ្លាំង ព្រោះបណ្តាញសង្គមគឺជាប្រភពរំខានដ៏ធំដែលបង្កឱ្យអារម្មណ៍អ្នកតានតឹងដោយមិនដឹងខ្លួន។

 

ពិសេសនៅពេលអ្នកឃើញជីវិតល្អឥតខ្ចោះ នៅលើបណ្តាញសង្គមរបស់អ្នកដទៃ ហើយអ្នកចាប់ផ្តើមប្រៀបធៀបខ្លួនឯងទៅនឹងគេ។ មួយវិញទៀតការស្តាប់ព័ត៌មាននិងតាមដាន​និន្នាការសង្គម (Trend) ច្រើនពេក ក៏អាចបណ្តាលឱ្យអ្នកតានតឹង ខ្សោយការចងចាំផងដែរ។​

 

. ផឹកកាហ្វេច្រើន៖ សារធាតុដែលមានឥទ្ធិពលរំញោចលើប្រព័ន្ធសរសៃប្រសាទធ្វើឱ្យមនុស្សមានកម្លាំងគឺកាហ្វេអ៊ីន ដែលមាននៅក្នុងពែងនីមួយៗនៃកាហ្វេ។

 

ខណៈនោះក៏មានភស្តុតាងដែលថាការទទួលទានកាហ្វេអាចជួយ បន្ថយកម្រិតស្ត្រេស តែការទទួលទានកាហ្វេច្រើនពេកក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្ត ការរំលាយអាហារ និងប្រព័ន្ធបេះដូង។ 

 

ដូច្នេះចូរជៀសវាងការផឹកកាហ្វេច្រើនលើសកម្រិតដើម្បីចង់កាត់បន្ថយភាពស្រ្តេស ព្រោះការផឹកកាហ្វេច្រើនលើសកម្រិតនឹងធ្វើឱ្យកាន់តែស្រេ្តស និងតានតឹងលើរាងកាយលើសដើម។

 

. ញុំាដើម្បីបាត់ស្រ្តេស៖ នៅពេលដែលស្រ្តេស មនុស្សភាគច្រើននឹងជ្រើសការញុំាជាវិធីបំបាត់ ហើយញុំាលឿនជាងធម្មតា ដោយមិនខ្វល់ថាញ៉ាំអ្វី ឬចំនួនប៉ុន្មាននោះទេ ដែលនេះជាហេតុផលដែលអាចនាំឱ្យឡើងទម្ងន់ ធ្វើឱ្យរាងកាយស្រ្តេសលើសដើម។

 

ដូច្នេះចូរជៀសវាងទម្លាប់ញុំាអាហារគ្រប់ប្រភេទឱ្យតែបានញុំា ដើម្បីបំបាត់ស្រ្តេស​​ ហើយងាកមករកទម្លាប់នៃការញ៉ាំអាហារដោយយកចិត្តទុកដាក់ ដកដង្ហើមវែងៗ ផ្តោតលើអាហារទំពារយឺតៗនិងហ្មត់ចត់ ជ្រើសរើសអាហារដោយគិតគូរនោះទើបជាវិធីកាត់ស្រ្តេសពិតប្រាកដ។  

 

ជាការពិតណាស់ “ស្រ្តេស” មាន៣ប្រភេទដែលអាចកើតឡើងក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស ទីមួយស្រ្តេសស្រួចស្រាវ ដែលកើតមានពីព្រឹត្តិការណ៍ខ្លីៗដូចជាការឈ្លោះគ្នាក្តៅគគុក ឬការស្ទះចរាចរណ៍។ ទីពីរស្រ្តេសស្រួចស្រាវញឹកញាប់ ដូចជាម៉ោងកំណត់ការងារ ភាពតានតឹងរ៉ាំរ៉ៃ និងការគិតច្រើន។ ទីបីគឺស្រ្តេសជាប់លាប់ ដែលកើតអំពីព្រឹត្តិការណ៍ជាប់លាប់ដូចជា ការរំលោភបំពានផ្លូវកាយឬផ្លូវចិត្ត ការប្រើប្រាស់សារធាតុញៀនគ្រប់ប្រភេទ  ជម្លោះក្នុងគ្រួសារឬសង្រ្គាមជាដើម៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia