កាលពីពេលថ្មីៗនេះ វិទ្យាស្ថានខេមអេដ បានប្រារព្ធកម្មវិធីប្រគល់លិខិតសរសើរ ដល់និស្សិតឆ្នើមចំនួន២រូបរបស់ខ្លួន ដែលទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោក លើការប្រឡង ជាអន្តរជាតិលើមុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) និងមុខវិជ្ជា មូលដ្ឋានគ្រឹះសវនកម្ម (Foundations in Audit-FAU) នៃកម្មវិធីសិក្សាគណនេយ្យករជំនាញ អេ ស៊ី ស៊ី អេ (ចក្រភពអង់គ្លេស) ក្នុងឆមាសខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកខេស៊ី បាណេត សាស្ត្រាចារ្យ និងគណៈគ្រប់គ្រងនៃវិទ្យាស្ថានខេមអេដ។
កម្មវិធីជំនាញអ្នកបច្ចេកទេសគណនេយ្យ (CAT) គឺជាកម្មវិធីមូលគ្រឹះក្នុងជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលមានការទទួលស្គាល់ជាអន្តរជាតិ និងបង្កើតឡើងដោយសមាគមគណនេយ្យករជំនាញអន្តរជាតិ (ACCA)។ សមាគមគណនេយ្យករជំនាញជាស្ថាប័នអ្នកជំនាញផ្នែកគនេយ្យករ និងសវនករធំជាងគេ លើពិភពលោក។ ស្ថាប័ននេះមានការិយាល័យធំនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស និងបានបង្កើតកម្មវីធីចំនួន ២ គឺ CAT & ACCA ដែលទទួលបានការទទួលស្គាល់ជាង ១៨៣ប្រទេស នៅទូទាំងពិភពលោក។
កញ្ញា លីវ ស៊ីន បានចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោក លើមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម (Foundations in Audit-FAU) ដែលបានបង្ហាញពីការយល់ដឹងជ្រៅជ្រះលើគោលការណ៍ និងបច្ចេកទេស ក្នុងផ្នែកសវនកម្ម។ សមិទ្ធផលដែលកញ្ញា លីវ ស៊ីន ទទួលបាននាពេលនេះបានបង្ហាញពីការតាំងចិត្តក្នុង ការគាស់កាយសក្តានុពលរបស់គាត់ និងជាយាន្តដើម្បីជោគជ័យក្នុងការងារនាពេលអនាគត។
បន្ថែមពីនោះ លោក សួន សុវណ្ណវិជ្ជា បានទទួលចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោក លើមុខវិជ្ជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) ដែលភាពជោគជ័យនេះ បានបង្ហាញពីឆន្ទៈក្នុងការពង្រឹងចំណេះដឹងជាមូលដ្ឋាននៃការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាអាចប្រើប្រាស់ចំណេះដឹងនេះក្នុងសង្គមការងារជាក់ស្តែង។
លោក ខេស៊ី បាណេត នាយកនៃវិទ្យាស្ថានខេមអេដ បានថ្លែងនូវចំណាប់អារម្មណ៍សប្បាយរីករាយ ក៏ដូចជាអបអរសារទរដល់ កញ្ញា លីវ ស៊ីន និងលោក សួន សុវណ្ណវិជ្ជា ដែលបានទទួលសមិទ្ធផលនាពេលនេះ។ លោកក៏បានបន្ថែមទៀតថា តំណាងឲ្យវិទ្យាស្ថានខេមអេដទាំងមូល យើងពិតជាមានមោទកភាពក្រៃលែង ចំពោះភាពជោគជ័យរបស់ប្អូនៗទាំង២ ហើយនេះក៏ជាកម្លាំងចិត្តថ្មីមួយបន្ថែមទៀត ដែលជម្រុញអោយពួកយើង ខិតខំបង្កើននូវសេវាកម្មអប់រំប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្តល់នូវជំនាញដែលចាំបាច់សម្រាប់វិស័យគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត ប៊ូ ថារិន បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងមានមោទកភាព ក្រៃលែងចំពោះនិស្សិតឆ្នើមទាំង២រូបខាងលើ ដែលទទួលបានជ័យលាភីឆ្នើមលំដាប់ពិភពលោក។
ជាការពិតណាស់ លទ្ធផលទាំងនេះពិតជាបានចូលរួមចំណែកក្នុងការបង្ហាញឲ្យឆាកអន្តរជាតិបានឃើញថា កូនខ្មែរ ពិតជាមានសមត្ថភាពខ្ពស់ក្នុងការចូលរួមប្រណាំងប្រជែងជាលក្ខណៈអន្តរជាតិ។ ភាពជោគជ័យនេះក៏បង្ហាញ ពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗនិស្សិត សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំរបស់វិទ្យាស្ថានខេមអេដ ទាំងមូល។ ឯកឧត្តមក៏បានស្ងើចសរសើរលើគុណភាពអប់រំរបស់វិទ្យាស្ថានខេមអេដ ក្រោមការដឹកនាំរបស់ លោកខេស៊ី បាណេត ដែលជាជនជាតិអាមេរិកាំង។ ការខិតខំប្រឹងប្រែងអភិវឌ្ឍន៍កម្មវិធីអប់រំ ពីមួយថ្ងៃទៅមួយថ្ងៃ នេះហើយ ទើបបានធ្វើអោយវិទ្យាស្ថានទទួលបានការទទួលស្គាល់ជាហូរហែរទាំងក្នុងស្រុក និងឆាកអន្តរជាតិ។ ឯកឧត្តមក៏បានបន្ថែមទៀតថា មន្ត្រីជាង៧០% ដែលបានជាប់ក្នុងការជ្រើសរើសនៅនិយ័តករគណនេយ្យ និងសវនកម្ម គឺជានិស្សិតខេមអេដ ដែលពួកគាត់សុទ្ធតែប្រកបដោយជំនាញវិជ្ជាជីវៈល្អប្រសើរ។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ធនធានមនុស្សផ្នែកគណនេយ្យ និងសវនកម្ម គឺជាធនធានដែលមានសារៈសំខាន់ សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ ឯកឧត្តមបានសំណូមពរ ដល់ប្អូនៗ មេត្តាបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការសិក្សារៀនសូត្រ ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាព របស់ខ្លួនឲ្យស្របតាមតម្រូវការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម នៅកម្ពុជា និងដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង ព្រមទាំងប្រទេសធំៗដទៃទៀតទូទាំង សាកលលោក។ ជាទីបញ្ចប់ ឯកឧត្តម ក៏បានជូនពរប្អូនៗ និស្សិតដែលទទួលជ័យលាភីទាំងពីររូប អោយទទួល បានជោគជ័យទាំងក្នុងការសិក្សារៀនសូត្រ និងក្នុងជីវិត។