ប្រហែលជាមានបងប្អូនយើងមួយចំនួននៅមិនទាន់ដឹងទេថា នៅកម្ពុជាយើងមានសេវាអន្តរធនាគារដែលអនុញ្ញាតឱ្យអ្នកកាន់កាតATMតែមួយ អាចដកប្រាក់ចេញពីម៉ាស៊ីនATM របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិកCSS ចំនួន ២៨ បាន។
ប្រព័ន្ធខេមបូឌានស៊ែស្វីច(CSS) គឺជាសេវាអន្តរធនាគារដែលអនុញ្ញាតឱ្យអ្នកកាន់កាតATMតែមួយ អាចដកប្រាក់ចេញពីម៉ាស៊ីន ATM និងធ្វើការទូទាត់ប្រាក់តាមម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ដែលជាសមាជិកប្រព័ន្ធCSS។ ប្រព័ន្ធ CSS នេះ ត្រូវបានអភិវឌ្ឍឡើងដើម្បីជាមធ្យោបាយងាយស្រួលសម្រាប់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់អាចធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណទូទាត់ឥណពន្ធCSS លើម៉ាស៊ីនដកប្រាក់ (ATM) និងម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានសមាជិក ដូចជា ការដកសាច់ប្រាក់ ការពិនិត្យសមតុល្យ របាយការណ៍សង្ខេប ការប្រើប្រាស់សេវាទូទាត់រហ័ស និងការប្ដូរលេខសម្ងាត់ជាដើម”។
ឧទាហរណ៍៖ អ្នកកាន់កាត ATM ប្រភេទកាត CSS របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) អាចទៅដកប្រាក់នៅម៉ាស៊ីន ATM របស់ធនាគារ CIMB និងម៉ាស៊ីនATM ធនាគារផ្សេងៗទៀតជាច្រើនដែលជាសមាជិកប្រព័ន្ធ CSS។
យ៉ាងណាមិញ ដើម្បីងាយស្រួលក្នុងការដកប្រាក់ចេញពីម៉ាស៊ីន ATM របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយប្រើប្រាស់កាតATMតែមួយបាន អ្នកប្រើប្រាស់ត្រូវស្នើសុំកាតATM ប្រភេទកាត CSS ហើយចំពោះម៉ាស៊ីនATM ដែលអាចធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានបាន គឺមានដាក់ស្លាកសញ្ញា “CSS”។
គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់កាតATM ដកប្រាក់ពីម៉ាស៊ីន ATM របស់គ្រឹះស្ថានតែមួយ ជាទូទៅគឺមិនគិតកម្រៃសេវានោះទេ ប៉ុន្តែការប្រើប្រាស់កាតATM ក្នុងការដកប្រាក់ពីម៉ាស៊ីន ATM ឆ្លងគ្រឹះស្ថានផ្សេងគ្នាអាចនឹងមានការគិត ឬមិនគិតកម្រៃសេវា គឺអាស្រ័យលើគោលការណ៍របស់គ្រឹះស្ថាននីមួយៗផងដែរ។
បើយោងតាមវេបសាយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) បានឱ្យដឹងថាសម្រាប់កាត ATM ប្រភេទ CSS ដែលផ្តល់ជូនដោយ អិលអូអិលស៊ី (LOLC) គឺមិនគិតកម្រៃសេវាប្រចាំឆ្នាំឡើយ ហើយក៏មិនគិតកម្រៃសេវាក្នុងការធ្វើប្រតិបត្តិការផ្សេងៗ ដូចជា ដកសាច់ប្រាក់ ទិញទំនិញ ពិនិត្យមើលសមតុល្យគណនី របាយការណ៍គណនីសង្ខេប ប្ដូរលេខកូដសម្ងាត់ និងការផ្ទេរប្រាក់ក្នុងរង្វង់អិលអូអិលស៊ី ឬអន្តរធនាគារ នៅតាមម៉ាស៊ីន ATM របស់សមាជិក ប្រព័ន្ធCSS ដែលមានជាង ៤.០០០ ម៉ាស៊ីន ទូទាំងប្រទេសផងដែរ៕