Nokia ត្រូវបានគេស្គាល់ថាជាយីហោចាស់វស្សាមួយប្រឡូកនៅក្នុងវិស័យស្មាតហ្វូន ហើយក៏ជាយីហោមួយដែលមនុស្សជាច្រើនជឿថាវាមានភាពជាប់ធននិងប្រើប្រាស់បានយូរ ជាពិសេសនោះគឺម៉ូឌែលចុចប៊ូតុង ដែលបងប្អូនមួយចំនួនហៅថាស៊េរីក្បាលត្រីអណ្តែងជាដើម ។
ជាក់ស្តែង យោងតាមការចុះផ្សាយដោយសារព័ត៌មាន CNBC បានឱ្យដឹងថា ថ្មីៗនេះក្រុមហ៊ុនចាស់វស្សាគឺ Nokia បានប្រកាសពីប្រាក់ចំណេញដែលខ្លួនបានធ្លាក់ចុះទាបជាងការំពឹងទុកប្រមាណជិត១០០ដុល្លារ ប្រចាំត្រីមាស។
លោក Pekka Lundmark នាយកប្រតិបត្តិក្រុមហ៊ុន Nokia ចំពោះការធ្លាក់ចុះនៃប្រាក់ចំណេញនៃទូរស័ព្ទដៃ Nokia គឺដោយសារការបញ្ជាទិញរបស់អតិថិជនកាន់តែធ្លាក់ចុះ លើសពីនេះទៀតសូម្បីតែអាជីវក្មនៅអាមេរិកខាងជើងក៏ធ្លាក់ចុះ ប៉ុន្តែការលក់នៅប្រទេសឥណ្ឌាក៏កើនឡើងគួរឱ្យកត់សម្គាល់។
នាយកប្រតិបត្តិទូរស័ព្ទ Nokia បានបន្តទៀតថា ភាគហ៊ុនរបស់ក្រុមហ៊ុន Nokia បានធ្លាក់ចុះយ៉ាងខ្លាំងចំពោះព័ត៌មាននៃរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន Nokia ដោយបានធ្លាក់ចុះជាង ៨ភាគរយ នៅរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា ទោះបីជាទីផ្សារប្រទេសមួយចំនួនមិនសូវពេញនិយមខ្លាំង ទៅលើស្មាតហ្វូន Nokia ក៏ដោយ ប៉ុន្តែក៏នៅតែមានប្រទេសធំៗមួយចំនួននៅតែពេញនិយមខ្លាំងលើយីហោមួយនេះ ដោយសារតែភាពជាប់ធន ប្រើប្រាស់បានយូរ និងភាពសាញ្ញាជាដើម ៕
អត្ថបទ៖ ធី ស្រីល័ក្ខ