ស្ពានអាកាសភ្លោះថ្មី១ទៀត នឹងលេចរូបរាងឡើងនៅភាគខាងត្បូងរាជធានីភ្នំពេញត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងកំណាត់ផ្លូវជាតិលេខ២។ ខណៈបច្ចុប្បន្នគម្រោងស្ពាននេះត្រូវបានអាជ្ញាធរពាក់ព័ន្ធកំពុងសិក្សាត្រៀមរៀបចំបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ។
យោងតាមការដកស្រង់ពីរដ្ឋបាលខេត្ដកណ្ដាលឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានចូលរួមកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ត្រួតពិនិត្យភូមិសាស្ត្រ ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនេះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ ២ ដោយមានការចូលរួមប្រជុំពី លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី និងមន្ទីរពាក់ព័ន្ធផងដែរ។
សូមជម្រាបថា ការស្ថាបនាស្ពានអាកាសខាងលើធ្វើឡើងដើម្បីសម្រួលចរាចរត្រង់ចំណុចប្រសព្វនេះ ពិសេសគឺផ្លូវថ្មីដែលតភ្ជាប់ទៅកាន់ព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការនាដើមឆ្នាំ២០២៥ ខាងមុខ ខណៈបច្ចុប្បន្នគម្រោងនេះសម្រេចការសាងសង់បានប្រមាណ ៧៥.៨% ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆមាសទី១ ឆ្នាំ២០២៥។
នៅពេលបើកដំណើរការព្រលានថ្មីនេះអាចទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី១ និង ៣០ លាននាក់ក្នុង ១ ឆ្នាំសម្រាប់ដំណាក់កាលទី២ ដែលបញ្ចប់នៅឆ្នាំ២០៣០ និងចំនួន ៥០ លាននាក់ក្នុង ១ ឆ្នាំសម្រាប់ដំណាក់កាលទី៣ ដែលបញ្ចប់នៅឆ្នាំ២០៥០ផងដែរ៕