ដើម្បីសម្រួលដល់ការធ្វើដំណើរឲ្យកាន់តែមានភាពងាយស្រួលនាពេលខាងមុខ រាជរដ្ឋាភិបាលបានដាក់ចេញគម្រោងសាងសង់ផ្លូវខ្សែក្រវាត់ក្រុងទី២ ដោយតភ្ជាប់ពីស្ពានមិត្ដភាពកម្ពុជា-កូរ៉េ (ផ្សាររាត្រី-អរិយក្សត្រ) ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅក្នុងប្រទេសកម្ពុជា។
តាមការបញ្ជាក់នៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ បានឲ្យដឹងថា គម្រោងផ្លូវថ្មីមួយខ្សែនេះមានប្រវែងសរុប ២១,៥ គីឡូម៉ែត្រ ដោយសាងសង់ផ្លូវរត់ចំនួន ៤ គន្លង។ ហើយតាមការប៉ាន់ស្មានការសាងសង់គ្រោងចំណាយថវិកាសរុបចំនួន ៧៥,២៥ លានដុល្លារ។ ខណៈការសាងសង់គឺស្ថិតនៅក្នុងគម្រោងរយៈពេលខ្លីនិងមធ្យម (២០២៣-២០២៧)។
គួរជម្រាបផងដែរថា នៅពេលផ្លូវមួយខ្សែនេះលេចរូបរាងឡើង នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយពុំចាំបាច់ធ្វើដំណើរតាមផ្លូវក្រវាត់ក្រុងទី៣ឡើយ។ ហើយគម្រោងល្បឿនលឿនទី២នេះដែរបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៧ខាងមុខ។ ដោយឡែកសម្រាប់គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ ក៏គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៥ ផងដែរ៕