ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ដកំពត បានលើកឡើងថា នៅពេលឆាប់ៗខាងមុខនេះ រោងចក្រចំនួន ២ រូមមាន៖ រោងចក្រផលិតសម្ភារបរិក្ខាពេទ្យ និងរោងចក្រកែច្នៃផ្លែស្វាយ នឹងលេចរូបរាងឡើងនៅក្នុងខេត្ដរបស់ខ្លួន។ ដោយរោងចក្រថ្មីទាំងនេះ នឹងបង្កើតឱកាសការងារយ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ដកំពតផងដែរ។
ថ្លែងនៅក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបានមានប្រសាសន៍ថា «រដ្ឋបាលខេត្ដបានយកចិត្ដទុកដាក់ កៀរគរវិនិយោគិន មកវិនិយោគស្របទៅតាមសក្ដានុពលរបស់ខ្លួន។ នៅពេលខាងមុខនេះ ខេត្ដនឹងទទួលបានរោងចក្រផលិតសម្ភារបរិក្ខាពេទ្យ និងរោងចក្រកែច្នៃផ្លែស្វាយ ដែលត្រូវការកម្លាំងប្រមាណជាង ៤ ពាន់នាក់»។
សូមជម្រាបថា ក្រុមហ៊ុនដែលវិនិយោគសាងសង់រោងចក្រផលិតសម្ភារបរិក្ខាពេទ្យនេះ មានឈ្មោះថា KENPAX ដែលបច្ចុប្បន្នបាននិងកំពុងចែកចាយ និងផ្គត់ផ្គង់សម្ភារពេទ្យនៅជាង ៤០ បប្រទេសលើពិភពលោក។ ដោយក្រុមហ៊ុនបានជ្រើសរើសទីតាំងសាងសង់គម្រោងរបស់ខ្លួននៅភូមិព្រៃថ្មី ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ខណៈពេលបើកដំណើរការនឹងផ្តល់ឱកាសការងារចំនួន ៣ ០០០កន្លែងជូនពលរដ្ឋក្នុងខេត្ត។
តាមការបញ្ជាក់បន្ថែមពីឯកឧត្ដមអភិបាលខេត្ដ គិតមកដល់បច្ចុប្បន្ននេះ ខេត្ដកំពតមានរោងចក្រសហគ្រាស ៨៤៧ និងមានកម្មករនិយោជិកសរុប ២២ ៧០៤ នាក់ បម្រើការងារក្នុងវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ប្រាក់ឈ្នួលជាមធ្យម ២៥០ ដុល្លារនៅក្នុង ១ ខែសម្រាប់កម្មករម្នាក់៕