ជិតបានប្រើហើយ! ផ្លូវជាតិថ្មីប្រវែងជិត ១៥០ គីឡូម៉ែត្រ នឹងបញ្ចប់ការសាងសង់នៅចុងរដូវប្រាំងឆ្នាំ២០២៥
Bunthoeun KoemNOVEMBER 18 2024834 views

ក្រោយពីបានបើកការដ្ឋានសាងសង់អស់រយ:ជាច្រើនខែមករួចមក ឥឡូវនេះគម្រោងស្ថាបនា និងកែលម្អឡើងវិញកំណាត់ ផ្លូវជាតិលេខ៤៨ ចាប់ពីចំណុចស្រែអំបិល រហូតដល់ទីរួមខេត្ដកោះកុង សម្រេចបានជាង ៦០ ភាគរយហើយ ដោយក្នុងនោះគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងរដូវប្រាំងឆ្នាំក្រោយនេះផងដែរ។

 

467504161 9091899087500805 5282844190345384590 N

 

យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦៨,៣០%ហើយ។ ឯកឧត្តម បានបន្តថាការសាងសង់នេះគ្រោងនឹងបញ្ចប់នៅចុងរដូវប្រាំងក្នុងខែមេសាឆ្នាំ២០២៥ខាងមុខនេះ។

 

សូមជម្រាបថា ផ្លូវជាតិលេខ៤៨នេះគឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ដែលប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ទន្ទឹមនឹងដំណើរការការដ្ឋានកំពុងមមាញឹកខ្លាំងនេះ ឯកឧត្ដមក៏បានសូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរដោយកន្លែង ជាពិសេសចំណុចឡើងទូល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

 

467634898 9091899320834115 5881225248133510943 N

 

គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវជាតិខាងលើត្រូវបានបើកការដ្ឋានសាងសង់ចាប់តាំងពីដើមឆ្នាំ២០២២មកម្ល៉។ ខណៈផ្លូវនេះបាន​ប្រើប្រាស់ថវិកាប្រមាណ ៦៥លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។​ ហើយគម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture៕

 

467528155 9091899230834124 957809014526833613 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia