ជាមោទនភាពមួយទៀតរបស់កម្ពុជា ដែលព្រឹត្តិការណ៍កិច្ចប្រជុំដ៏ធំមួយ មានប្រតិភូមកពីប្រទេសចំនួន១៦៤ និងស្ថាប័នអន្តរជាតិដទៃទៀតអញ្ជើញចូលរួម ដែលកម្ពុជាម្ចាស់ផ្ទះជុំទី៥នៃពិភពលោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល“កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន”។
កិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងនៅក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះជាមួយនឹងព្រឹត្តិការណ៍ពិសេសៗជាច្រើនដែលកម្ពុជាបានរៀបចំ។
នៅក្នុងសន្និសីទអន្តរជាតិនាទីក្រុងហឺ្សណែវ កម្ពុជាត្រូវបានគេផ្តល់កិត្តិយសថាជាប្រទេសគំរូក្នុងការបោសសំអាតគ្រាប់មិនទាន់ផ្ទុះដោយ ដោយបច្ចុប្បន្ននេះកម្ពុជាក៏បានក្លាយទៅជាប្រទេសដែលចែករំលែកបទពិសោធន៍ក្នុងការបោសសំអាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រទេសនានាលើពិភពលោកនិងចូលរួមដោះមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។
គួរជម្រាបថាកិច្ចប្រជុំលើកទី១ធ្វើនៅប្រទេសកេនយ៉ា ឆ្នាំ ២០០៤ ,លើកទី២នៅប្រទេសកូឡុំប៊ីឆ្នាំ២០០៩ ,លើកទី៣នៅប្រទេសម៉ូសំប៊ិកឆ្នាំ២០១៤ ,លើកទី៤នៅប្រទេសន័រវែស ឆ្នាំ២០១៩ និងលើកទី៥នៅប្រទេសកម្ពុជាឆ្នាំ២០២៤ ខណៈកិច្ចប្រជុំនេះនឹងត្រូវបានប្រព្រឹត្តទៅរៀងរាល់៥ឆ្នាំម្តង៕