ឪពុកម្តាយខ្លះត្បិតត្បៀតលើខ្លួនឯងដើម្បីសន្សំឱ្យកូនបានរៀនសាលាអន្តរជាតិថ្លៃៗ អស់រាប់ពាន់ដុល្លារមួយឆ្នាំៗ ប៉ុន្តែកូនខ្លះសូម្បីតែនិយាយក៏មិនច្បាស់។
ទន្ទឹមនឹងប្រធានបទនេះដែរ បើតាមប្រសាសន៍ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អ្នកអប់រំនិងជាអ្នកជំនួញដ៏លេចធ្លោ១រូបនៅកម្ពុជា បានផ្តាំមាតាបិតា អាណាព្យាបាលថាមុនរើសសាលាដាក់ឱ្យកូនរៀន ត្រូវមើលចំណុចជាច្រើន មិនមែនឱ្យតែសាលាអន្តរជាតិសុទ្ធតែកូនចេះនោះទេ។
អ្នកឧកញ៉ាបានបញ្ជាក់ថា ការរៀនសូត្រមិនមែនសាលាអន្តរជាតិទេ ក៏មិនមែនឈ្មោះអន្តរជាតិដែរ ប៉ុន្តែគឺជាកន្លែងអប់រំអនុវត្ត ធ្វើឱ្យកូនចេះ មានស្តង់ដារកម្មវិធីសិក្សាត្រឹមត្រូវច្បាស់លាស់ គិតគូរពីសុខភាព សុខមាលភាពកូនយើង និងយកវប្បធម៌ សីលធម៌ខ្មែរជាគោល។
អ្នកឧកញ៉ាបានលើកជាឧទាហរណ៍ថា ឪពុកម្តាយខ្លះចង់ឱ្យកូនចេះគោរពចាស់ទុំ និយាយស្តីសមក្នុងនាមជាកូនខ្មែរ ប៉ុន្តែបែរជាដាក់កូនឱ្យរៀន សាលាមានប្រព័ន្ធវប្បធម៌បរទេស ដូច្នេះខួរក្បាលក្មេងនឹងលូតលាស់ទៅជាខួរក្បាលបរទេស ហើយភាពបញ្ច្រាសគ្នានៃផ្នត់គំនិតកូននិងឪពុកម្តាយនឹងកើតមាន។
យ៉ាងណាមិញអ្នកឧកញ៉ាក៏បានផ្តល់ការណែនាំថា ក្នុងនាមជាជាតិអាស៊ី ជាខ្មែរឪពុកម្តាយគួរឱ្យកូនរៀនភាសាជាតិខ្មែរ រៀនឱ្យចេះច្បាស់ យល់វប្បធម៌ជាតិឱ្យច្បាស់ ចាំរៀនភាសាទីពីរយកត្រឹមប្រើការបានតាមសាលាណាក៏បានឱ្យតែមានបង្រៀន លុះត្រាតែត្រូវរៀនការទូត សាស្រ្តចារ្យអង់គ្លេសចាំរៀនភាសាទីពីរយកជាជំនាញពីក្មេងទៅ ទើបឪពុកម្តាយមិនស្តាយក្រោយ ហើយអាចស្រាលខ្លួនពីការចំណាយខ្ពស់ៗលើថ្លៃសាលាកូន៕
អត្ថបទដោយ៖ ពីង ជូអេង