រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិ ២ ខ្សែនេះនឹងអាចរួចរាល់មុនផែនការ
Bunthoeun KoemMAY 30 2023281 views

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងសាងសង់ និងលើកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ អាចនឹងសាងសង់រួចរាល់មុនផែនការដែលបានកំណត់ ខណៈគិតមកដល់បច្ចុប្បន្នគម្រោងផ្លូវទាំង ២ នេះសម្រេចការសាងសង់បានជាង ៣០ %ហើយ។

350494282 912944839781748 7119759424603295989 N

ជាក់ស្ដែងនៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវទាំងពីរខ្សែខាងលើនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ឧសភាព គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ សម្រេចបាន ២៣,១២%។ ដោយឡែកផ្លូវជាតិលេខ៣៣ គិតត្រឹមថ្ងៃទី២៥ ឧសភា ២០២៣ សម្រេចបាន ៣១,៧៣%ផងដែរ។

តាមរយៈតួលេខខាងលើបង្ហាញឱ្យឃើញថា គម្រោងទាំងពីរកំពុងតែអនុវត្តលឿនជាងផែនការដែលបានគ្រោងទុក នេះគឺជាសញ្ញាណវិជ្ជមានមួយ ដែលអាចនាំឱ្យគម្រោងនឹងបញ្ចប់មុនពេលកំណត់ក្នុងកិច្ចព្រមព្រៀង។ បើទោះជាយ៉ាងនេះក៏ដោយ ថ្នាក់ដឹកនាំនៅតែបន្តការណែនាំដល់ មន្ត្រីជំនាញបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស ពិសេសត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន និងការស្រោចទឹកកាត់បន្ថយដីហុយ ដើម្បីជៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបផងដែរថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គិតចាប់ពីថ្នល់បែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) រីឯ ផ្លូវជាតិលេខ៣៣ មានប្រវែងសរុបប្រមាណ ៥២,៥៧គីឡូម៉ែត្រ ចាប់ពីក្រុងកំពត បន្តរហូតដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

ផ្លូវជាតិទាំងពីរខ្សែនេះ ត្រូវបានអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន ៤០ខែ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។ ចំពោះផ្លូវជាតិលេខ៣១ គ្រោងចំណាយថវិកាប្រមាណជាង ៦០លានដុល្លារអាមេរិក និងផ្លូវជាតិលេខ៣៣ គ្រោងចំណាយប្រមាណជាង ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

អត្ថបទ៖ កឹម ប៊ុនធឿន

350289899 2447592735414193 8666982630789320278 N

350109528 6369965293026029 1402629891418207782 N

350139170 943234946994951 1781527404797381716 N

350786576 743747514425502 7430422895262877340 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia