រៀននៅចិនបាន ២ឆ្នាំ កញ្ញាសុភាព ត្រឡប់មកវិញចាយទុនជាង១០០$ ចាប់របរធ្វើកាដូមង្គលការ១ខែរកចំណូលបាន ១ពាន់$
ធី ស្រីល័ក្ខMARCH 22 20234.5 K views

កញ្ញា សាម សុភាព បច្ចុប្បន្នគឺជាម្ចាស់ផេកសិប្បកម្មមួយរូបដែលបានច្នៃឬស្សីធ្វើជាកាដូរមង្គលការ ដែលរបរមួយនេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះគ្រប់មុខទំនិញដែលកញ្ញាធ្វើសុទ្ធសឹងតែយកផលិតផលក្នុងស្រុកមកធ្វើ ហើយរបស់ខ្លះគឺអ៊ំពូមីងនៅតាមខេត្តជាអ្នកធ្វើដោយផ្ទាល់មកលក់បន្ត ទើបកញ្ញាយកមកច្នៃបន្ថែមទៀតដើម្បីឱ្យចេញជាផលិតផលថ្មី១ទៀត ក៏ប៉ុន្តែទម្រាំតែឈានមកដល់ចំណុចនេះកញ្ញាក៏ធ្លាប់បរាជ័យពេលចាប់ផ្តើមរកស៊ីដំបូងផងដែរ។

ជាក់ស្តែងថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia កញ្ញាសាម សុភាព ដែលជាម្ចាស់ផេកសិប្បកម្មច្នៃកាដូរមង្គលការ បាននិយាយថា មែនទែនកញ្ញាធ្លាប់ជាមនុស្សម្នាក់ដែលធ្លាប់បានរៀននៅប្រទេសចិន ហើយកាលនោះពេលយើងរៀនបាន២ឆ្នាំសាលាក៏វិស្សមកាលតូចដូច្នេះកញ្ញាបានសម្រេចចិត្តមកលេងពុកម៉ែនៅប្រទេសកម្ពុជា តែចៃដន្យពេលនោះក្នុងអំឡុងឆ្នាំ២០១៩ ប្រទេសចិនក៏ចាប់ផ្តើមផ្ទុះជំងឺកូវីដេ១៩ដែលជាហេតុនាំឱ្យប្រទេសចិនបិទខ្ទប់តែម្តង។

33

អតីតនិស្សិតបរិញ្ញាបត្ររូបនេះ បន្តទៀតថា ដោយសារតែគេបិទខ្ទប់ដូចនេះកញ្ញាមិនអាចត្រឡប់ទៅចិនបានទេ ហើយសាលាក៏គេបានប្រកាសឱ្យរៀនតាមអនឡាញវិញរៀនបណ្តើរគិតបណ្តើរកញ្ញាបានប្រាប់ខ្លួនឯងថាកញ្ញាមិនអាចរៀនតែមួយមុខបានទេ ពោលកញ្ញាបានជម្រុញឱ្យខ្លួនឯងចាប់ផ្តើមសាកល្បងចេញរកស៊ីដោយកាលនោះកញ្ញាបានសាកលក់តុក្កតាតាមអនឡាញដោយចំណាយទុនអស់ ១៥០ដុល្លារ តែការរកស៊ីលក់តុក្កតានេះក៏បរាជ័យវិញព្រោះតែកញ្ញាជាមនុស្សម្នាក់ដែលមិនចេះឡាយបែបនេះពុំសូវមានអ្នកទិញ គ្មានអ្នកស្គាល់ឡើយ។

បើទោះបីជាបរាជ័យនៅមុខរបរទី១ ក៏កញ្ញាមិនអស់សង្ឃឹមដែរ ដោយកញ្ញាចាប់ផ្តើមគិតជាថ្មីបែបនេះកញ្ញាក៏បានចាប់អារម្មណ៍នៅរបរ១គឺច្នៃឬស្សីជាវត្ថុអនុស្សាវរីយ៍សម្រាប់ថ្ងៃមង្គលការ ច្បាស់ជាមួយខ្លួនឯង ហើយកញ្ញាក៏ចាយទុនជាង១០០ដុល្លារ ដើម្បីប្រមូលទិញផលិតផលធ្វើអំពីឫស្សី មករៀបចំតុបតែងជាកាដូរអនុស្សាវរីយ៍ ដោយខ្លួនឯង  និងច្នៃម៉ូតថ្មីដោយតាមរយៈការមើលយូធូបបន្ថែមផងដែរ។

29

និយាយបណ្តើរ ទម្លាក់ទឹកមុខតិចៗបណ្តើរ កញ្ញាបន្តថា ពេលចាប់ផ្តើមដំបូងៗគឺលំបាកខ្លាំងដែរ ព្រោះកាលនោះកញ្ញាពុំសូវមានទុនច្រើន ហើយវាពិតជាលំបាកខ្លាំងណាស់ពេលភ្ញៀវកម្មង់ម្តងៗយើងត្រូវគិតគូពីមុខទំនិញដែលទិញឱ្យបានច្បាស់ព្រោះខ្លាចទិញទៅសល់ធ្វើឱ្យយើងគ្មានលុយទុកសាគួរពេលក្រោយ។

ប៉ុន្តែព្រោះតែរកស៊ីរបរនេះ ដោយក្តីស្រលាញ់ ធ្វើដោយក្តីពេញចិត្តព្រមទាំងមានភាពស្មោះត្រង់ជាមួយអតិថិជនបានធ្វើឱ្យមុខរបរច្នៃឬស្សីចេញជាកាដូរនៅថ្ងៃមង្គលការកាន់តែមានអតិថិជនកម្មង់ឥតដាច់ ហើយពេលដល់ឆ្នាំគេរៀបអាពាហ៍ពិពាហ៍គឺសិប្បកម្មកញ្ញាទទួលបានការកម្មង់ឥតឈប់ឈររហូតធ្វើឱ្យកញ្ញារកចំណូលបានខ្ទង់ពាន់ដុល្លារផងដែរ។

30

ជាចុងក្រោយកញ្ញាសាម សុភាព ដែលជាម្ចាស់សិប្បកម្មច្នៃកាដូរមង្គលការ បានបញ្ជាក់ថា ចំពោះអ្នកភូមិនៅតាមខេត្តណាក៏ដោយ ដែលពួកគាត់ចេះច្នៃវត្ថុអនុស្សាវីយ៍ធ្វើដោយដៃដែលមានរាងតូចៗយើងអាចកែច្នៃបានបន្តទៀត ពុកម៉ែបងប្អូនទាំងអស់គ្នាអាចទាក់ទងមកកញ្ញាបានគឺកញ្ញាចាំទិញគ្រប់ពេលតែម្តង។ លេខទំនាក់ទំនង ០៩៣ ៥០៧ ០០២ ឬតាមរយៈហ្វេសប៊ុកផេក សុជាតា សិប្បកម្មខ្មែរ

3132

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia