ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា (សហគ្រាសឯកជន) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ មានឈ្មោះថា ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់។ ឆ្លងកាត់ការអភិវឌ្ឍ និងកំណើនជាង២៥ឆ្នាំកន្លងមកនេះធនាគារ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ និងបានក្លាយជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំងបី នៅក្នុងប្រទេស។ សព្វថ្ងៃនេះ ABA មានបម្រើសេវាជូនដល់បណ្ដាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម, អាជីវកម្មខ្នាតតូច, និងរូបវន្តបុគ្គល។
យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យរបស់ធនាគារនេះ គេមិនអាចមើលរំលងពីក្បាលម៉ាស៊ីនដឹកនាំ ដែលជាអ្នកជួយជំរុញឱ្យធនាគារនេះទទួលបានភាពរីកចម្រើនជាបន្តបន្ទាប់បាននោះទេ។ ថ្ងៃនេះយើងនឹងស្វែងអំពីបទពិសោធន៍ការងារដែលប្រធានក្រុមប្រឹក្សាភិបាលធនាគារនេះធ្លាប់ឆ្លងកាត់ មុនពេលោកបោះជំហានឈានមកដល់ចំណុចបច្ចុប្បន្ននេះ។
លោក Yves Jacquot បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាល ឬជាអគ្គនាយករងជាន់ខ្ពស់ ទទួលបន្ទុកអភិវឌ្ឍន៍អន្តរជាតិ នៃក្រុមហ៊ុនវិនិយោគអន្តរជាតិ Natcan (ធនាគារកាណាដា)។
លោក Yves Jacquot បានបញ្ចប់ការសិក្សាពីសាលា ESSEC នៅប្រទេសបារាំង។ នៅចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩៣ លោកបានកាន់មុខតំណែងផ្សេងៗជាច្រើន ដែលរួមមានមុខតំណែងជាអគ្គនាយកនៅក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗនៅប្រទេសបារាំង ក៏ដូចជានៅក្នុងវិស័យធនាគារលក់រាយ ទីផ្សារវិនិយោគ និងហិរញ្ញវត្ថុ ព្រមទាំងនៅក្នុងវិស័យគ្រប់គ្រងទ្រព្យសកម្មផងដែរ។
លោកបានចូលបម្រើការងារនៅ BRED Banque Populaire កាលពីឆ្នាំ១៩៩៣ ហើយបន្ទាប់មកលោកបាន ក្លាយជាអគ្គនាយករងនៃធនាគារនេះ និងជាអគ្គនាយកនៃធនាគារ COFIBRED ជាក្រុមហ៊ុនដែលកាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ។ ជាពិសេស លោកគឺជាប្រធានផ្នែកហិរញ្ញវត្ថុ ព័ត៌មានវិទ្យា អ្នកគ្រប់គ្រងការិយាល័យផ្ទៃក្នុងទាំងអស់ និងជាប្រធានផ្នែករដ្ឋបាលទូទៅរបស់ធនាគារផងដែរ។
លើសពីនេះទៀត លោកបានទទួលតំណែងជា អនុប្រធានគណៈកម្មាធិការឥណទាន និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ព្រមទាំងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ សម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធផងដែរ។ លោកបានគ្រប់គ្រងសកម្មភាពសំខាន់ៗរបស់ធនាគារនេះនៅក្នុងវិស័យទូទាត់ និងបានទទួលបន្ទុកលើផ្នែកបទពិសោធន៍ច្នៃប្រឌិតផងដែរ។ លោក Jacquot ក៏បានលើកកម្ពស់ និងគ្រប់គ្រងកំណើនខាងក្រៅរបស់ក្រុមហ៊ុនមេទាំងនៅក្នុងប្រទេសបារាំង និងក្រៅប្រទេសបារាំងផងដែរ ដូចជានៅអឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក និងអាហ្វ្រិកជាដើម។ ជាចុងក្រោយលោក Yves បានចូលជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ABA នៅឆ្នាំ២០១៤៕