កសិកម្ម ជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញកំណើន និងរក្សាស្ថិរភាពចំពោះវិស័យនេះដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា លើទិដ្ឋភាពចម្បងគឺការរក្សានិរន្តរភាពសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការរួមចំណែក លើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងការបង្កើតការងារដល់ប្រជាពលរដ្ឋ។
ដោយមើលឃើញពីតួនាទីដ៏មានសារៈសំខាន់នៃវិស័យកសិកម្ម រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា ក្នុងនោះក៏មានការលើកទឹកចិត្ត ពន្ធដារផងដែរ។ អនុលោមតាមប្រកាសលេខ ១៧០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា ការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម ដោយត្រូវចាត់ទុកជាបន្ទុករដ្ឋនូវអាករលើតម្លៃបន្ថែម លើការផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញឬសេវាដល់សហគ្រាសដែលធ្វើការដាំដុះផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។
ចំពោះ សហគ្រាសដែលជាអ្នកផ្គត់ផ្គង់ទំនិញឬសេវាខាងលើមិនត្រូវគិតអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់របស់ខ្លួនទេ ប៉ុន្តែត្រូវបានអនុញ្ញាតឥណទានអាករលើធាតុចូលដែលទាក់ទិននឹងការផ្គត់ផ្គង់។ បន្ថែមពីនេះ សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលដូចបានរៀបរាប់ខាងលើ ត្រូវទទួលបានការអនុគ្រោះពន្ធ រហូតដល់ដំណាច់ឆ្នាំ២០២៥ ដូចខាងក្រោម៖
- ព្យួរទុកការបង់ពន្ធអប្បបរមា
- ព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និង
- រួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស។
ដើម្បីទទួលបានការលើកទឹកចិត្តនេះសហគ្រាសត្រូវមានកាតព្វកិច្ចបំពេញលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖
- ស្នើសុំវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមជាបន្ទុករដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារ
- ភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញឬសេវាជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ និង
- កាន់កាប់បញ្ជីគណនេយ្យ និងដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ជាធរមាន
- សហគ្រាសដែលធ្វើការផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវភ្ជាប់បញ្ជីឈ្មោះសហគ្រាសទទួលបានការផ្គត់ផ្គង់ជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ៕