អស្ចារ្យ! ក្រុមហ៊ុន១ របស់ជប៉ុន នឹងមកវិនិយោគលើការផលិតសារធាតុអេតាណុលចេញពីដំឡូងមី នៅកម្ពុជា
ធី ស្រីល័ក្ខMARCH 21 20234.1 K views

ពិតជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា ដែលថ្មីៗនេះមានក្រុមហ៊ុនមួយរបស់ជប៉ុនគឺក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd បានបង្ហាញគោលបំណងចង់មកវិនិយោគលើការផលិតសារធាតុអេតាណុល ចេញពីដំឡូងមីនៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែងថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក KOJIMA Masanobu ដែលជាអគ្គនាយកក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីបង្ហាញពីគោលបំណងលើសំណើគម្រោង “Cassava Based-Bio Ethanol Production Plant in Cambodia” ដោយក្រុមហ៊ុនមានបំណងវិនិយោគលើការផលិតសារធាតុអេតាណុល ចេញពីដំឡូងមី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប។

បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះក្រុមហ៊ុនដែលចង់វិនិយោគលើការបង្កើតរោងចក្រអេតាណុល( Ethanol) នៅកម្ពុជា ដែលជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការកាត់បន្ថយឧស្ម័នកាបូនិច ជួយដល់បរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាជន។

20

ឯកឧត្តមចង់ឱ្យគម្រោងនេះ លេចចេញជារូបរាងឡើង ដោយក្រសួងនឹងជួយសម្រួលឱ្យមានការចាប់ដៃសហការក៏ដូចជារកដៃគូវិនិយោគនានា ពោលគឺទាំងទិដ្ឋភាពផ្លូវច្បាប់ បច្ចេកទេស និងនយោបាយ ព្រមទាំងជួយជំរុញឱ្យមានការចូលរួមពីកសិករ អ្នកផលិតដើម្បីផ្គត់ផ្គង់ ឱ្យស្របទៅតាមតម្រូវការរបស់ជប៉ុន។

ឯកឧត្តម ក៏បានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានច្បាស់លាស់ពីខ្សែច្រវាក់តម្លៃដំឡូងមីនៅកម្ពុជា រួមទាំងថ្លៃដើម ទីតាំងរោងចក្រ និងការដឹកជញ្ជូនជាដើម ដើម្បីមើលឱ្យឃើញពីភាពជោគជ័យ និងមាននិរន្តរភាព។ ចំពោះការដឹកជញ្ជូន ផ្លូវទឹកគឺជាជម្រើសដ៏ល្អបំផុត និងជួយកាត់បន្ថយថ្លៃដើមបានច្រើន។ បន្ថែមលើនេះទៀត ចំណុចសំខាន់ក្នុងការសហការធ្វើការងារជាមួយគ្នា ក្រុមហ៊ុនត្រូវគិតគូរក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដើម្បីធានានូវទំនុកចិត្ត ការផលិត ការផ្គត់ផ្គង់ និងតម្លៃ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី១៤ ខែមីនានេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួន ១៤៨.៣១០តោន ទៅប្រទេសវៀតណាមនិងថៃ កាកសំណល់ដំឡូងមី ៣៤.៦៦៤តោន និងចំណិតដំឡូងមីក្រៀម ៧៧៨.៥២៨តោន នាំចេញទៅវៀតណាម ថៃ និងចិន និងម្សៅដំឡូងមី ១៣.៤៦៧,៣០តោន នាំចេញទៅប្រទេសចិន ជប៉ុន និងឥណ្ឌា៕

21

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia