មិនបាច់មានទ្រព្យរាប់លាន$ទេ លោក Dave Ramsey ថាមានតែប៉ុន្មានចំណុចនេះ ក៏អ្នកអាចរស់នៅសុខស្រួលបានដែរ
SOKLY SOMARCH 22 2023387 views

មនុស្សភាគច្រើនតែងតែស្រមៃចង់ក្លាយជាអ្នកមាន ហើយតែងតែយល់ថាភាពមានបានគឺកើតឡើងនៅពេលដែលមានប្រាក់កាសច្រើន ចង់បានអ្វីបានហ្នឹង ចង់ទៅណាក៏បាន។ ពិតមែនហើយយល់បែបនេះគឺមិនខុសទេ តែ អ្នកជំនាញហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក លោក Dave Ramsey បានលើកឡើងថា មិនចាំបាច់មានទ្រព្យរាប់ពាន់លានដុល្លាទេ គ្រាន់តែមានចំណុចពិសេសទាំង៥ ក៏អាចឱ្យអ្នករស់នៅសុខស្រួលដែរ។ ចំណុចពិសេសទាំង៥នោះរួមមាន៖

១. ចេះបែងចែកលុយ
លោក Ramsey បញ្ជាក់ថា ប្រសិនបើអ្នកចង់បានទ្រព្យសម្បត្តិច្រើន អ្នកត្រូវចេះរៀបចំផែនការដើម្បីទទួលបានវា។ ហើយផែនការនោះគឺចាប់ផ្ដើមពីការចេះបែងចែកហិរញ្ញវត្ថុ ដឹងពីច្រកចូលច្រកចេញនៃលុយរបស់អ្នកឱ្យច្បាស់។

២. ចេញផុតពីបំណុល

ចេញឱ្យផុតពីបំណុល ហើយការពារខ្លួនកុំឱ្យធ្លាក់ចូលក្នុងបំណុលអាក្រក់ឱ្យសោះ។ អ្នកជំនាញរូបនេះបង្ហាញថា ទ្រព្យសម្បត្តិដែលមានថាមពលបំផុតគឺ ជាចំណូលប្រចាំខែរបស់អ្នក វាអាចជួយអ្នកផ្គត់ផ្គង់ការចំណាយ ព្រមទាំងជួយឱ្យចៀសផុតពីបំណុល ដូច្នេះហើយអ្នកត្រូវយកចិត្តទុកដាក់ចំពោះការបង្កើនចំណូលឱ្យបានច្រើន។

៣. ចំណាយតិចជាងចំណូល

រស់នៅឱ្យទាបជាអ្វីដែលអ្នករកបាន ដោយសួរសំណួរមួយទៅកាន់ខ្លួនឯងថា តើអ្នកគ្រាន់ចង់សម្ដែងឱ្យដូចអ្នកមានតាមរយៈការចាយវាយ ឬចង់ក្លាយជាអ្នកមានពិតប្រាកដ ដែលទោះជាចាយបែបណាក៏មិនប៉ះពាល់ហោប៉ៅ?

សំណួរមួយនេះនឹងជួយឱ្យអ្នកស្គាល់ពីស្ថានភាពរបស់ខ្លួនឯងច្បាស់ ហើយរស់នៅ ចាយវាយ ប្រកបដោយការចេះថ្លឹងថ្លែង មិនបណ្ដោយឱ្យចំណាយលើសចំណូល ដែលការចំណាយត្រូវគឺជាផ្លូវឱ្យអ្នករួចផុតពីបំណុល។

៤. សន្សំលុយសម្រាប់ចូលនិវត្តន៍

ជីវិតរបស់អ្នកនឹងកាន់តែមានលំនឹងនៅពេលដែល ១៥% នៃចំណូលរបស់អ្នកត្រូវបានវិនិយោគជាប្រចាំទៅក្នុង កញ្ចប់សន្សំសម្រាប់ការចូលនិវត្តន៍។ អ្នកមិនពិបាកចិត្តច្រើនព្រោះដឹងថាពេលអ្នកចាស់ លែងមានលទ្ធភាពរកចំណូលខ្លួនឯង ក៏អ្នកនៅតែមានលុយសម្រាប់ចាយវាយ មិនខ្វះមុខខ្វះក្រោយ ព្រោះតែកន្លងមកអ្នកតែងតែសន្សំជានិច្ច។

៥. ចេះចែករំលែកអ្នកដទៃ

លោក Ramsey បញ្ជាក់ថា ជីវិតនេះនឹងមិនពេញលេញទេនៅពេលដែលអ្នកមានតែម្នាក់ឯង។ ដើម្បីឱ្យពេញលេញបាន គឺតម្រូវឱ្យអ្នកចេះចែករំលែកដល់អ្នកដទៃ ដែលកំពុងត្រូវការជំនួយពីអ្នក។ ពេលបានឱ្យគេអ្នកនឹងមានក្ដីសុខម្ដង ហើយពេលដែលគេទទួលទាំងអារម្មណ៍ត្រេកអរសប្បាយចិត្ត អ្នកក៏មានក្ដីសុខខ្លាំងម្ដងទៀត។

សរុបមកជីវិតមួយនេះមិនត្រូវការអ្វីច្រើនឡើយ ដើម្បីឱ្យមានក្ដីសុខបានអ្នកគ្រាន់តែ ចេះបង្កើត ចេះប្រើប្រាស់ ចេះសន្សំសំចៃ ព្រមទាំងចេះចែករំលែកដល់អ្នកដទៃ។ អ្វីដែលសំខាន់បំផុតគឺរស់នៅក្រៅបំណុល គ្រាន់តែសងគេអស់អ្នកសុខម្ដង ហើយបើអាចការពារខ្លួនមិនឱ្យធ្លាក់ចូលបំណុលថែមទៀត អ្នកនឹងសុខពេញមួយជីវិត៕

អត្ថបទដោយ៖ សូ​ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia