អូស្រ្តាលីបានរកឃើញមេរោគរលាកខួរក្បាលជប៉ុន (JEV) ដែលមានផ្ទុកនៅក្នុងសត្វមូស នៅភាគខាងជើងនៃរដ្ឋ Victoria ប្រទេសអូស្រ្តាលីកាលពីដំណាច់ខែមករាថ្មីៗនេះ ។
យោងតាមការចុះផ្សាយរបស់ ABC Net បានឱ្យដឹងថានាយកដ្ឋានសុខាភិបាលនៃរដ្ឋ Victoria កំពុងជំរុញឱ្យប្រជាជននៅភាគខាងជើងនៃរដ្ឋ រក្សាការប្រុងប្រយ័ត្នចំពោះសត្វមូស ព្រោះមេរោគនេះអាចបណ្តាលឱ្យមានការឆ្លងធ្ងន់ធ្ងរដល់ខួរក្បាលមនុស្ស។
ក្នុងនោះលោក McGrath អនុប្រធានផ្នែកសុខភាពនៃនាយកដ្ឋាន បានបញ្ជាក់ថា ដោយសារភ្លៀងធ្លាក់ច្រើនតាមតំបន់មួយចំនួន ដូច្នេះមូសអាចនឹងកើនឡើងហើយហានិភ័យនៃការត្រូវមូសខាំ បង្កឱ្យមានជំងឺអាក្រក់ក៏កើនឡើងផងដែរ។
លោកបានបន្តទៀតថា មនុស្សភាគច្រើនដែលមានជំងឺ JEV នឹងមិនមានរោគសញ្ញាអ្វីខ្លាំងទេ មានតែគ្រុនក្តៅទាប និងឈឺក្បាលប៉ុណ្ណោះ។ បន្ថែមពីនោះលោកក៏បានគូសបញ្ជាក់ថា មានមនុស្សក្រោមមួយភាគរយប៉ុណ្ណោះ ដែលអាចមានគ្រោះសាហាវ ឆ្លងមេរោគខួរក្បាល JEV ដ៏អាក្រក់នេះ។
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលក្នុងតំបន់មួយចំនួននៃរដ្ឋ Victoria បានផ្តល់នូវវ៉ាក់សាំង ការពារជំងឺខួរក្បាល JEV ដោយឥតគិតថ្លៃដល់ប្រជាជនក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ។ ព្រមទាំងបាញ់ថ្នាំដើម្បីការពារ បង្កើតរបាំងមូស និងកំណត់ពេលវេលាខាងក្រៅផ្ទះ សម្រាប់ពលរដ្ឋ នៅពេលមូសជិតចេញរកស៊ីផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង