អ្នកឧកញ៉ា គួច ម៉េងលី ៖ បើចង់ឱ្យក្រុមហ៊ុនឬ អាជីវកម្មដំណើរការបានល្អគួរមើលចំណុចធំៗទាំង៧សិន
Srey NuthMARCH 21 2024823 views

មែនទែនទៅ ការកសាងកេរ្តិ៍ឈ្មោះនឹងការធ្វើឱ្យក្រុមហ៊ុនឬអាជីវកម្មមួយអាចបើកដំណើរការបានល្អពិតជារឿងមិនងាយស្រួលនោះទេ។ ដូច្នេះដើម្បីឱ្យក្រុមហ៊ុនក៏ដូចជាអាជីវកម្មរបស់លោកអ្នកទទួលបានផ្លែផ្កាល្អនោះ ក្នុងនោះដែរអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបង្ហាញពីចំណុចធំៗទាំង៧ ដែលម្ចាស់ក្រុមហ៊ុនឬម្ចាស់អាជីវកម្មមិនគួរមើលរំលង។

Photo 2024 02 23 15 47 57

១.​វិន័យ

ជាធម្មតានៅពេលដែលយើងចង់ឱ្យក្រុមហ៊ុនឬអា​ជីវកម្មមួយកាន់តែរីកចម្រើនទៅមុខ គ្រប់បុគ្គលិកទាំងអស់ត្រូវតែគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ជាពិសេសប្រសិនយើងជាអ្នកគ្រប់គ្រងក្រុមហ៊ុនម្នាក់ត្រូវតែបែងចែងតួនាទីឱ្យច្បាស់ៗ ឱ្យបុគ្គលិកយល់ពីតួនាទីខ្លួនឯងថាពេលពួកគាត់ចង់សុំច្បាប់ទៅសុំអ្នកណា មកធ្វើការយឺតទៅប្រាប់អ្នក មានបញ្ហាអាចទៅប្រាប់អ្នកណា កាលណាដែលការគោរពវិន័យនៅក្រុមហ៊ុនយើងធ្វើបានល្អនោះក្រុមហ៊ុនក៏រលូនទៅតាមហ្នឹងដែរ។

២.  ហេដ្ឋារចនាសម្ព័ន្ធ

មិនថាយើងកំពុងតែបើករីសត បើកភោជនីដ្ឋាន ការៀបចំហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញសំខាន់ខ្លាំងណាស់ ដូច្នេះត្រូវតែយកចិត្តទុកដាក់បំផុតនៅបរិយាកាសជុំវិញដូចជាផ្លូវដើរចេញចូល បន្ទប់ទឹក បន្ទប់លាងដៃគឺត្រូវតែស្អាត ក្រៅពីយកចិត្តរឿងទាំងនេះហើយក៏ត្រូវតែយកចិត្តទុកដាក់ជាមួយបុគ្គលិកដូចគ្នា ទាំងការស្លៀកពាក់ ការរៀបចំខ្លួនរបស់ពួកគាត់ នឹងក្លិនខ្លួនពួកគាត់ផងដែរ បើសិនជាក្លិនទឹកអប់គាត់មិនសូវជាក្រអូបហើយពេលបាញ់ទៅធ្វើឱ្យជះក្លិនដល់ភ្ញៀវយើងក៏ត្រូវតែហ៊ានចានលុយទិញទឹកអប់ឱ្យបុគ្គលិកយើងដូចគ្នា ដើម្បីកុំឱ្យមានរឿងអ្វីមួយដែលខកចិត្តទៅដល់អតិថិជនរបស់យើងជាដើម។

៣. បដិដ្ឋានជុំវិញ

ចំណុចនេះ ក៏មិនសូវខុសអ្វីពីចំណុចទី២ដែរ គ្រាន់តែសម្តៅទៅដល់ម្ចាស់ការបើកសាលារៀនបង្រៀនក្មេងៗហើយជាលក្ខណៈតូចតាចសិនយើងត្រូវតែសម្អាតជុំវិញនោះឱ្យបានស្អាតល្អ ហើយគ្រប់ផ្លូវចេញចូលត្រូវតែមានធុងសម្រាមមិនថានៅផ្ទះ ឬនៅក្រៅរបងផ្ទះឬនៅបន្ទប់ទឹកទេ បើទោះបីជាថ្ងៃខ្លះមិនមែនជាថ្ងៃបង្រៀនក៏មិនត្រូវធ្វើឱ្យកន្លែងដែលបង្រៀនមានលក្ខណៈរញ៉ែរញ៉ៃដែរ ត្រូវតែមានសន្តិសុខយាមការពារដើម្បីឱ្យគេមើលឃើញថាផ្ទះនេះ ឬកន្លែងមួយនេះពិតជាមានសណ្តាប់ធ្នាប់របស់គេមែន ហើយជាកន្លែងដ៏សាកសមសម្រាប់បង្រៀនផងដែរ។

៤. បង្ហាញការយកចិត្តទុកដាក់លើបុគ្គលិក

បើឃើញបុគ្គលិកមិនសូវមានកម្លាំងកំហែង ត្រូវតែហៅគាត់មកសួរថាគាត់ឈឺអ្វី មានបញ្ហាអ្វី តើគាត់មានប្រាក់គ្រប់គ្រាន់សម្រាប់ទិញថ្នាំលេបទេបើគាត់គ្មានគ្រប់គ្រាន់យើងក៏គួរតែជូនលុយឱ្យគាត់ទិញថ្នាំលេបដែរ ហើយប្រសិនជាពួកគាត់ធ្វើការតែចំណូលធ្លាក់ចុះក៏ត្រូវហៅមកសួរនាំថាពួកគាត់មានរឿងអ្វីបានជាខែនេះចំណូលធ្លាក់ ការយកចិត្តទុកដាក់បែបនេះនឹងធ្វើឱ្យបុគ្គលិកកាន់តែមានស្និតស្នាលជាមួយយើង ហើយកាលណាបុគ្គលិកនឹងមេកាន់តែស្និតស្នាលក្រុមហ៊ុនក៏រីកចម្រើនទៅតាមហ្នឹងដែរ។

៥.ធ្វើឱ្យក្រុមហ៊ុនមានស្តង់ដារ

ក្រៅពីមានចំណុចខាងលើគ្រប់សព្វហើយ យើងត្រូវតែកសាងឱ្យក្រុមហ៊ុនយើងឱ្យត្រូវតាមស្តង់ដារ ដូចជាមានការចុះបញ្ជីបានត្រឹមត្រូវ មានស្ថាប័នក្រសួងធំៗដឹងលឺនឹងត្រូវប្រាកដថាស្ថាប័នរបស់មានកិត្តិយសកេរ្តិ៍ឈ្មោះល្អ មានគេទទួលស្គាល់គេឱ្យតម្លៃ បែបនេះទើបក្រុមហ៊ុនយើងកាន់តែមានផ្លែផ្កាទៅថ្ងៃមុខ។

៦.គុណភាព

នៅត្រង់ចំណុចនេះ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា នៅពេលដែលចាប់ផ្តើមបើកក្រុមហ៊ុនជាលើកដំបូង ហើយក្រុមហ៊ុនយើងមានផលិតផលអ្វីមួយលក់គឺត្រូវតែរក្សាគុណភាពឱ្យបានលេខ១។ ឧទាហរណ៍ថា ក្រុមហ៊ុនយើងមានទទួលសេវាកម្មខាងឌីហ្សាញ ពេលភ្ញៀវចូលមកហើយចង់បានសេវាកម្មនេះ យើងត្រូវតែបង្ហាញពីគុណភាពនៃការឌីហ្សាញរបស់យើងឱ្យពួកគាត់យល់ មិនថារកស៊ីឬបើកអាជីវកម្មអ្វីក៏ដោយត្រូវតែធ្វើឱ្យផលិតផលដែលយើងឈរលេខ១ជានិច្ច។

៧. សេវាកម្មលើបុគ្គលិក

មុននឹងចង់ឱ្យក្រុមហ៊ុនយើងរលូវទៅមុខ ក្នុងនាមយើងជាអ្នកគ្រប់គ្រងត្រូវចេះបម្រើបុគ្គលិកយើងមុនគេ នៅត្រង់នេះមានន័យថាយើងត្រូវតែចេះយកចិត្តទុកដាក់នៅពេលដែលគាត់ធ្វើការឱ្យយើង ថាតើប្រាក់ខែដែលផ្តល់ទៅពួកគាត់តើចាយគ្រប់ឬអត់ គាត់ញាំឆ្អែកឬអត់ ពេលមេឃភ្លៀងមានអាវភ្លៀងពាក់ឬអត់ ការយកចិត្តទុកដាក់ទៅលើពួកគាត់មិនថារឿងតូចតាចឬរឿងធំនោះទេ នឹងធ្វើឱ្យពួកគាត់មានអារម្មណ៍មួយថាថៅកែប្រៀបដូចជាឪពុកទី២របស់យើងអញ្ចឹង ហើយការបង្ហាញក្តីស្រលាញ់ការបារម្ភទៅកាន់ពួកគាត់ នោះនឹងធ្វើឱ្យពួកគាត់មើលថែអាជីវកម្មយើងមកវិញផងដែរ បែបនេះមិនថាអ្នកកំពុងតែរកស៊ីរបរអ្វី ឬធ្វើអាជីវកម្មអ្វីនោះឡើយការបម្រើបុគ្គលិកយើងជារឿងសំខានបំផុត៕

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia