មេធំក្រុមហ៊ុន Meta ជាមហាសេដ្ឋីវ័យក្មេងមានទ្រព្យ៩៨.១ពាន់លានដុល្លារ ចំនួនលុយចាយលែងអស់ទៅហើយ ប៉ុន្តែលោកនៅតែប្រើទូរស័ព្ទចាស់ជិតហួសសម័យប៉ុន្មានគ្រឿងរបស់ Samsung ហើយថែមទាំងធ្លាប់ពោលពាក្យសរសើរដាក់យីហោទូរស័ព្ទដ៏ល្បីរបស់កូរ៉េមួយនេះទៀត។
លោក Mark Zuckerberg បាននិងកំពុងប្រើប្រាស់ទូរស័ព្ទម៉ាក Samsung Galaxy S20 Ultra, Samsung Galaxy Note 20 Ultra, និង Samsung Galaxy S10 Plus ខណៈនាពេលបច្ចុប្បន្នម៉ូឌែលនេះអាចមានតម្លៃចន្លោះពី៥០០ជាងដុល្លារទៅ១០០០ដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿងសម្រាប់តម្លៃនៅក្រៅប្រទេស។
យ៉ាងណាមិញមហាសេដ្ឋីវ័យ៣៩ឆ្នាំរូបនេះក៏ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា “អ្នកដឹងទេថា ខ្ញុំបានប្រើទូរស័ព្ទ Samsung នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ញុំគឺជាអ្នកគាំទ្រ របស់ម៉ូឌែលនេះ”។
គួរជម្រាបផងដែរថាមិនមែនត្រឹមតែមហាសេដ្ឋី Mark Zuckerberg ប៉ុណ្ណោះទេដែលប្រើប្រាស់ប្រភេទទូរស័ព្ទ Androids សូម្បីតែមហាសេដ្ឋី Bill Gates ក៏ជាហ្វេនរបស់ម៉ូឌែល Samsung ផងដែរខណៈពួកគាត់ទាំងពីរនាក់នេះមិនប្រើ iphone ទេ។ នេះបើយោងតាមការឱ្យដឹងពីប្រភព Yahoo Finance៕
អត្ថបទដោយ៖ ពីង ជូអេង