បន្ទាប់ពីមហាសេដ្ឋី Elon Musk បានប្រកាសបញ្ឈប់បុគ្គលិក ១០% ពីក្រុមហ៊ុន Tesla ដែលមានចំនួនប្រមាណ ១ម៉ឺននាក់ ពេលនេះម្ចាស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសថានឹងកាត់បន្ថយបុគ្គលិកថ្មីចំនួន ៣០% ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNEXPRESS កាលពីពេលថ្មីៗនេះ។
ប្រភពដដែលបានឱ្យដឹងថាមូលហេតុដែលមហាសេដ្ឋី Facebook សម្រេចចិត្តកាត់បន្ថយការរើសបុគ្គលិកថ្មីបែបនេះ គឺព្រោះតែលោកមើលឃើញថាក្រុមហ៊ុនកំពុងតែប្រឈមយ៉ាងខ្លាំងជាមួយនឹងវិបត្តិសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ Mark Zuckerberg ក៏បានលើកឡើងថា “វិបត្តិសេដ្ឋកិច្ចលើកនេះអាចជាការធ្លាក់ចុះដ៏អាក្រក់បំផុតមួយប្រចាំប្រវត្តិសាស្រ្ត” ដូច្នេះដើម្បីជាដំណោះស្រាយគាត់ក៏ប្រកាសកាត់បន្ថយការជ្រើសរើសបុគ្គលិកថ្មីចូលចំនួន៣០%។
សូមជម្រាបថា ជាទូទៅនៅក្នុងក្រុមហ៊ុនធំៗគេមានគោលដៅនៅក្នុងការជ្រើសរើសបុគ្គលិកថ្មីចូលស្ថាប័នជារៀងរាល់មួយឆ្នាំម្ដង ហើយក្នុងនោះក្រុមហ៊ុន Meta បានកំណត់ថានឹងរើសបុគ្គលិកថ្មីចំនួន ១០,០០០នាក់សម្រាប់ឆ្នាំ២០២២ ប៉ុន្តែត្រូវបន្ថយឱ្យមកសល់ត្រឹម ៦,០០០-៧,០០០ នាក់វិញ។ បើទោះបីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានប្រកាសថានឹងកាត់បន្ថយក៏ពិតមែនប៉ុន្តែតួលេខពិតប្រាកដមិនទាន់ដឹងថាប៉ុន្មាននាក់នៅឡើយទេ។
បើងាកមកមើលបុគ្គលិកចាស់វិញ ពួកគេនឹងត្រូវកាត់ចិត្តពីការរំពឹងថាបានឡើងប្រាក់ខែ ឬបានឡើងតំណែងថ្មី ព្រោះថាឱកាសទាំងនោះលែងមានហើយ គឺនៅសល់តែការខំប្រឹងធ្វើការ រួមគ្នាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនដើម្បីឆ្លងកាត់ព្យុះភ្លៀងនៃវិបត្តិសេដ្ឋកិច្ចមួយនេះឱ្យផុតសិនតែប៉ុណ្ណោះ។ លើសពីនេះមេធំ Facebook ថែមទាំងបានព្រមានបែបនេះទៀតថា “តាមពិតទៅ ប្រហែលជាមានមនុស្សមួយចំនួននៅក្នុងក្រុមហ៊ុនដែលមិនគួរនៅទីនេះបន្ត ខណៈពេលដែលផ្នែកមួយនៃក្ដីសង្ឃឹមថ្មីរបស់ខ្ញុំ ដែលបង្កើនការរំពឹងកាន់តែខ្ពស់ ពេលនោះអ្នកទាំងអស់គ្នានឹងសម្រេចចិត្តដើរចេញដោយគិតថាកន្លែងមួយនេះមិនសមនឹងអ្នកទាំងអស់គ្នាតទៅទៀតទេ”។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមខ្នាតធំមួយនេះ បានរងការធ្លាក់ចុះប្រហែលពាក់កណ្ដាលនៃតម្លៃទីផ្សាររបស់ខ្លួនបើគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២ បន្ទាប់ពី Meta បានបង្ហាញរបាយការណ៍ នៃការបាត់បង់យ៉ាងច្រើននៃចំនួនអ្នកប្រើប្រាស់សកម្មរបស់ Facebook ជាលើកដំបូង ៕
អត្ថបទដោយ៖ សូ សុខលី