សមិទ្ធផលថ្មីសម្រាប់កសិកម្មកម្ពុជា ខណៈមៀនស្រស់កម្ពុជា កំពុងនឹងសម្ពោធជាផ្លូវការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ដែលការសម្ពោធជាផ្លូវការនេះត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត Wang Wentain ។
ក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសចិនផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី១២ ហើយ ដែលទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន ត្រូវបានឈានឡើងដល់កម្រិត កិច្ចសហប្រតិបត្តិការភាពជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។
ហើយសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិននេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នេះគឺជាជោគជ័យថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិនក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឲ្យការនាំចេញ និងដល់ការបង្កើតការងារ និងបង្កើន ប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង