លោក លី កាស៊ីង (Li Ka-shing ) គឺជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារមួយរូបដែលកេរ្ដិ៍ឈ្មោះល្បីល្បាយ។ មុនក្លាយជាសេដ្ឋីដូចសព្វថ្ងៃ ដើមឡើយលោកជាអ្នកក្រីក្រដែលបានភៀសខ្លួនចេញពីចិនដីគោក ហើយក៏មករស់នៅទីក្រុងហុងកុង ។ ព្រោះតែស្ថានភាពគ្រួសារយ៉ាប់យ៉ឺនលោកក៏បោះបង់ការសិក្សាក្នុងវ័យ ១៥ ឆ្នាំ។ ក្រោយមកលោកក៏បានចូលបម្រើការងារនៅរោងចក្រផលិតផ្លាស្ទិចមួយកន្លែងដោយធ្វើការ ១៦ ម៉ោងនៅក្នុងមួយថ្ងៃ។
យោងតាមសារព័ត៌មាន Britannica បានឱ្យដឹងថា បន្ទាប់ធ្វើកម្មករគេអស់រយៈពេលច្រើនឆ្នាំ ទីបំផុតលោក Li បានឈប់ធ្វើការហើយក៏សម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួនជាមួយនឹងប្រាក់សន្សំ និងប្រាក់កម្ចីចំនួន ៦.៥០០ ដុល្លារពីសាច់ញាតិរបស់គាត់។ ដោយចាប់ផ្ដើមផលិតផ្កាចេញពីផ្លាស្ទិចនាំចេញទៅសហរដ្ឋអាមេរិក។ អាជីវកម្មថ្មីនេះបានចាប់ផ្តើមបង្រៀនគាត់ឲ្យក្លាយជាសហគ្រិនម្នាក់មានទំនួលខុសត្រូវខ្ពស់លើកិច្ចការទូទៅប្រចាំថ្ងៃដែលក្រោយមកវាបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ផ្កាជ័រធំបំផុតនៅអាស៊ី។
នៅឆ្នាំ១៩៦០បដិវត្តវប្បធម៌ចិនបានបង្ខំចិត្តឲ្យប្រជាពលរដ្ឋជាច្រើនចាកចេញពីប្រទេស ដែលនេះធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ។ លោក Li Ka-shing យល់ថា តម្លៃអចលនទ្រព្យនឹងហក់ឡើងវិញដូច្នេះហើយឆ្លៀតក្នុងឱកាសនេះគាត់ក៏បានចាប់ផ្តើមទិញអចលទ្រព្យបន្តបន្ទាប់ដូចជាដី សំណង់អគារផ្សេងៗ និង រោចក្រជាច្រើនកន្លែង ។
ការសម្រេចចការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់មហាសេដ្ឋីរូបនេះបានធ្វើឱ្យគាត់ក្លាយជាឈ្នះក្នុងល្បែងអុកលើទីផ្សារអចលនទ្រព្យ បន្ទាប់ពីស្ថានភាពនយោបាយវិលមករកស្ថានភាពដើមវិញ។ ឈានដល់វ័យ ៥១ អ្នកវិនិយោគដ៏ជោគជ័យម្នាក់នេះក៏បានបានក្លាយជាជនជាតិចិនដំបូងគេដែលបានគ្រប់គ្រងភាគហ៊ុនក្រុមហ៊ុនពាណិជ្ជកម្មអង់គ្លេស Hutchison Whampoa ដែលជាក្រុមហ៊ុន ទទួលខុសត្រូវទាំងស្រុងលើពាណិជ្ជកម្មកំពង់ផែក្នុងទីក្រុងហុងកុង ដោយរកចំណូលបាន ៥០ ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ។ នៅឆ្នាំ១៩៨៧ លោកបានចំណាយទុន ៥០០លានដុល្លារក្នុងការទិញក្រុមហ៊ុនប្រេង Husky Energy របស់កាណាដាដែលកំពុងត្រដរខ្យល់ឈានទៅរកការក្ស័យធនបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា មកដល់សព្វថ្ងៃនេះលោក Li ka shing មានវ័យ ៩៣ ឆ្នាំ ខណៈលោកសល់ទ្រព្យសរុប៣៥.៦ ពាន់លានដុល្លារ។ ទ្រព្យសម្បត្ដិដ៏សន្ធឹកនេះ បានធ្វើឲ្យលោកឈរនៅលេខរៀងទីមួយក្នុងចំណោមមហាសេដ្ឋីដែលមានជាងគេនៅហុងកុង និងលេខរៀងទី ៣៧ ក្នុងចំណោមមហាសេដ្ឋីទូទាំងពិភពលោក៕
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ