នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញអំពីលទ្ធផលនៃការវាស់វែងចុះបញ្ជីដីរដ្ឋនិងដីឯកជន ព្រមទាំងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅទូទាំងប្រទេស។ ដោយក្នុងនោះលទ្ធផល គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥មានដូចខាងក្រោម៖
- វាស់វែងបានចំនួន ១៣ ៣៣៧ ៥០៧ ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបនៅទូទាំងប្រទេសចំនួន ១៣ ៦៥១ ៩៦៣ ក្បាលដី
- ចេញបណ្ណបានចំនួន ៨ ៤៥៩ ៦១៩ បណ្ណ
- ចែកបណ្ណបានចំនួន ៧ ៨៤២ ៥៨៧ បណ្ណ
- ម្ចាស់មិនទាន់មកទទួលបណ្ណចំនួន ២៣៥ ៤៦០ បណ្ណ
- បណ្ណជាប់ពន្ធប្រថាប់ត្រាទិញលក់ចំនួន ១៨៦ ១៣២ បណ្ណ
- បណ្ណជាប់ពន្ធសូន្យចំនួន ១៩៥ ៤៤០ បណ្ណ
- ក្បាលដីមិនទាន់បានវាស់វែងសរុបចំនួន ៣១៤ ៤៥៦ ក្បាលដី។
ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដីធ្លី បានចុះបញ្ជីរួចរាល់ ហើយពុំទាន់បានទទួលបណ្ណកម្មសិទ្ធិ សូមមេត្តាទំនាក់ទំនងក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ក្នុងការទទួលយកបណ្ណកម្មសិទ្ធិដែលបានចេញរួចរាល់។
តាមរបាយការណ៍របស់ក្រសួង គិតមកដល់ពេលនេះ មានខេត្ដសរុបចំនួន ១៣ ហើយបានដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយក្នុងនោះរួមមាន៖ ខេត្ដកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង ឧត្ដរមានជ័យ មណ្ឌលគិរី កែប ព្រះសីហនុ តាកែវ កណ្ដាល ព្រះវិហារ និងខេត្ដព្រៃវែង ក្នុងនោះខេត្ដចំនួន ៧ គឺៈ ខេត្ដកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ ព្រះសីហនុ កំពង់ឆ្នាំង និងខេត្ដឧត្ដរមានជ័យ ត្រូវបានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការរួចរាល់៕