ឈប់ធ្វើការឱ្យគេ ដឹកដៃបងប្អូន៣នាក់ ចេញរកស៊ី កញ្ញាសណា ប្រាប់វិធីគ្រប់គ្រងចិត្ត ពេលស្រ្តេ.សរឿងរកស៊ី
Ping Chou EngMARCH 23 202537 views

ក្នុងស្ថានភាពសេដ្ឋកិច្ចមិនសូវអំណាយផល អ្នករកស៊ីភាគច្រើនរអ៊ូជួបបញ្ហាពិបាកក្នុងការរកចំណូល ពិបាកចាប់ភ្ញៀវ។ រីឯអ្នកធ្វើការវិញក៏មិនទាន់ហ៊ានចេញប្រឡូកអាជីវកម្មដែរ ដោយរង់ចាំពេលវេលាល្អក្នុងការចាប់ផ្តើម។

 

ទន្ទឹមនឹងនេះបើតាមបទពិសោធរបស់នារីវ័យ២៤ឆ្នាំម្នាក់ លាឈប់ពីការងារពេញម៉ោង ដឹកនាំបងប្អូន៣នាក់ទៀត​ចាប់ដៃគ្នា បើកហាងកាហ្វេបែបជនបទមួយបណ្តែតខ្លួនតាមបណ្តោយផ្លូវជាតិលេខ២ ត្រឹម២៥គីឡូពីភ្នំពេញ នាស្រុក​បាទីខេត្តតាកែវ។

 

ម្ចាស់ហាងខ្ទមបំបាត់ស្រ្តេស កញ្ញា នៅ ថាត់ សណា ដែលបានលាឈប់ពីការងារជាបុគ្គលិកពេញម៉ោងអស់រយៈពេលជិត២ឆ្នាំ បានប្រាប់ក្រុមការងារចាបក្រហមដូច្នេះថា៖

 

«ជីវិតគឺជាបញ្ហា មិនថាយើងនៅធ្វើការឬចេញរកស៊ីទេ គឺវានៅតែជួបបញ្ហាអញ្ចឹងឯង ដូច្នេះបើយើងមិនសម្រេចចិត្តចាប់ផ្តើមអ្វី ដែលយើងស្រឡាញ់ពេញចិត្ត នៅខណៈពេលនេះ តើយើងត្រូវរង់ចាំដល់ពេលណាទើបល្អ?»

 

នារីវ័យសម្បុរស្រអែម ស្រឡាញ់ជីវិតបែបស្រុកស្រែ រូបនេះបានបន្តឱ្យដឹងថា «ការរកស៊ីបច្ចុប្បន្ននេះទទួលស្គាល់ថាវាលំបាកនិងស្រ្តេសមែន ក្នុងរកភ្ញៀវថ្មីនឹងបង្កើនភាពច្នៃប្រឌិតថ្មីៗដើម្បីរក្សាភ្ញៀវចាស់ ប៉ុន្តែយើងមិនអាចធ្វើអ្វីបានឡើយ ក្រៅពីគ្រប់គ្រងហាងនិងចិត្តខ្លួនឯងឱ្យបានល្អបំផុត»

 

ក្នុងនោះកញ្ញាបានចែករំលែកបទពិសោធផ្ទាល់ខ្លួន ដែលបានឆ្លងកាត់កន្លងមក តាំងពីនៅធ្វើការបណ្តើររកស៊ីបណ្តើរ និងផ្តាច់ខ្លួនមករកស៊ីទាំងស្រុងនោះថា​ ដើម្បីគ្រប់គ្រងស្មារតី ពេលស្រ្តេសរឿងរកស៊ីគឺត្រូវមាន៣ចំណុចសំខាន់ៗ៖

 

ទី១គឺត្រូវប្រាកដថារបរអាជីវកម្ម ដែលយើងកំពុងធ្វើគឺយើងបានស្រឡាញ់វាអស់ពីចិត្ត ទើបយើងអាចរឹងមាំនិងអត់ធ្មត់ជាមួយវាបានពេលជួបការលំបាក។

 

ទី២គឺត្រូវមានចំណេះជំនាញនិងជំនឿចិត្តខ្លាំង រកស៊ីអ្វីត្រូវមានជំនាញលើរបរនោះ​ ហើយត្រូវមានជំនឿចិត្តក្នុងការទទួលស្គាល់ការពិត។ នៅពេលលក់ដាច់មានភ្ញៀវត្រូវធ្វើឱ្យបានល្អ ហើយពេលស្ងាត់លក់មិនដាច់ ត្រូវប្រាប់ខ្លួនឯងថានេះជាពេលដែលយើងត្រូវអភិវឌ្ឍន៍ខ្លូន និងរៀបចំហាង អង្គុយគិតនិងកែអំពីចំណុចខ្វះខាតរបស់យើងឱ្យបានល្អ។

 

ទី៣គឺត្រូវគិតរកគំនិតនិងវិធីលក់ថ្មីៗ ទោះអាជីវកម្មកំពុងលក់ដាច់ក្តីលក់មិនដាច់ក្តី ត្រូវរិះរកមធ្យោបាយលក់ និងច្នៃប្រឌិតហាងជាប្រចាំ ទោះជាតិចតួចក៏ដោយក៏ត្រូវតែបន្ថែមឱ្យមានអ្វីថ្មីជាប្រចាំ។

 

សូមបញ្ជាក់ថាចាប់តាំងពីពេលដែលយកដីស្រែក្បែរផ្ទះ មកសង់ខ្ទមកាហ្វេ ពេលនេះខ្ទមបំបាត់ស្រ្តេស របស់កញ្ញា នៅ ថាត់សណា ដំណើរការបានជិត៤ឆ្នាំ ព្រមទាំងបានបំបែកខ្លួនបានជា២សាខាហើយ ដោយមានប្អូនប្រុសពីរនាក់ទៀតជាអ្នកប្រតិបត្តិអាជីវកម្ម ឯកញញ្ញាវិញជាអ្នកគ្រប់គ្រង៕

 

    ផែនទីទីតាំង៖

 

ខ្ទមបំបាត់ស្រ្តេសសាខាទី១ លើទឹក៖ https://maps.app.goo.gl/21pnj838ffPBwXb98?

 

ខ្ទមបំបាត់ស្រ្តេសសាខាទី២ ផ្សារសំរ៉ោងយ៉ោង៖ ​ https://maps.app.goo.gl/pmvaRkGE41PPKnTf9?g_st=ic

 

TikTok ៖ ខ្ទមបំបាត់ស្រ្តេស

 

Facebook Page: ខ្ទមបំបាត់ស្រ្តេស 

 

484017560 1363078661315564 4530857412017447294 N

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia