មុនពេលស្ម័គ្រចិត្តចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាឱ្យកាន់តែរីកចម្រើន និងអាចឈានទៅដល់ការទទួលស្គាល់ជាអន្តរជាតិ ដោយមិនយកលុយ១រៀល លោក Keisuke Honda ធ្លាប់ជាកីឡាករបាល់ទាត់ដ៏លេចធ្លោរមួយរូបតំណាងឱ្យប្រទេសជប៉ុន ព្រមទាំងអាចរកចំណូលបានយ៉ាងច្រើនលើសលប់ថែមទៀតផង។
តាមរបាយការណ៍ពីគេហទំព័រ TADDLR និង Live Sport World បានឱ្យដឹងថា ទ្រព្យសរុបរបស់លោក ហុងដា គិតត្រឹមឆ្នាំ២០២៣នេះមានចំនួន ១៣.៨លានដុល្លារ ខណៈចំណូលក្នុងនាមជាកីឡាករនៃវិស័យបាល់ទាត់នាពេលវេលាចុងក្រោយ មានចំនួនប្រមាណ២.៧៥លានអឺរ៉ូ (ជាង ៣លានដុល្លារ)។
អតីតកីឡាកររូបនេះ ក៏ធ្លាប់លេងឱ្យក្លឹបល្បីៗជាច្រើនផងដែរ ដូចជាក្លឹប CSKA Moscow របស់រុស្ស៊ី ក្លឹប AC Milan របស់អ៊ីតាលី ក្លឹប Pachuca របស់ម៉ិសិចកូ ក្លឹប Melbourne Victory របស់អូស្ដា្រលី ក្លឹប Vitesse Arnhem ក្លឹប Botafogo ក្លឹប Portimonense ក្លឹប Neftçi និងក្លឹប FK Sūduva ជាដើម។
ពេលនៅលេងបាល់ លោកហុងដា បានជាប់ឈ្មោះជាកីឡាករឆ្នើមមួយរូបផងដែរ តាមរយៈការស៊ុតបញ្ចូលទី និងនាំក្រុមរបស់ខ្លួនឱ្យឈ្នះការប្រកួតធំៗជាច្រើនប្រកួត។ លោកក៏ធ្លាប់រកបានគ្រាប់បាល់ជូនក្រុមជប៉ុន នៅ FIFA World Cup 2010 ទល់នឹងកាមេរូន។
បន្ថែមពីនោះ កីឡាករកម្ពស់ ១.៨២ម៉ែត្ររូបនេះ ក៏បានលេងក្នុងពានរង្វាន់ AFC Asian Cup 2011 ទល់នឹងសេរី ហើយគាត់ស៊ុតបាល់ប៉េណាល់ទី និងឈ្នះបានលទ្ធផល ២៖១ សម្រាប់ប្រទេសជប៉ុនទៀតផង។
ក្រៅពីប្រកួត FIFA World Cup 2010 កីឡាករឆ្នើមរបស់ជប៉ុនរូបនេះកឺធ្លាប់ ប្រកួតនៅ FIFA World Cup 2014 នៅប្រេស៊ីល ព្រមទាំងត្រូវបានជ្រើសរើសឱ្យលេង FIFA World Cup 2018 នៅប្រទេសរុស្ស៊ីថែមទៀត។
គួរជម្រាបផងដែរថាលោកជាគ្រូបង្វឹកបាល់ទាត់ ដែលប្រជាជនកម្ពុជាគោរពស្រឡាញ់ពេញក្រអៅបេះដូង នៅជាមួយវិស័យបាល់ទាត់ខ្មែរ អស់រយៈពេល៥ឆ្នាំ ដោយមិនត្រូវការប្រាក់ខែមួយកាក់មួយសេនពីសហព័ន្ធបាល់ទាត់កម្ពុជា បុរសជនជាតិជប៉ុនវ័យ៣៦ឆ្នាំ កម្ពស់១.៨២ម៉ែត្រ រូបនេះនឹងត្រូវលាបាល់ទាត់កម្ពុជាខណៈការប្រកួតនៅស៊ីហ្គេមឆ្នាំនេះជាពេលវេលាចុងក្រោយនៃការដឹកនាំរបស់លោកក្នុងក្រុមជម្រើសជាតិកម្ពុជាដែលលោកបានមើលថែ ចាប់តាំងពីឆ្នាំ២០១៨មកម៉្លេះ៕
អត្ថបទដោយ៖ សូ សុខលី