ពីជនភៀសខ្លួនជនជាតិវៀតណាមលោក Johnny Dang ក្លាយជាសេដ្ឋីរកស៊ីលក់ពេជ្រដ៏ល្បីល្បាញមួយរូប លក់គ្រឿងអលង្ការឈ្មោះ Johnny Dang & Co នៅសហរដ្ឋអាមេរិក បន្ទាប់ពីជម្លៀសខ្លួនទៅកាន់ទឹកដីអាមេរិក ក្នុងឆ្នាំ១៩៩៦ ជាមួយនឹងជំនាញជាប់ខ្លួន ចេះធ្វើគ្រឿងអលង្ការតពីដូនតាមក។
ទៅដល់អាមេរិកដំបូងនៅទីក្រុង Houston លោកមានអាយុ២៣ឆ្នាំ ដោយគាត់បានចាប់ផ្តើមធ្វើការជួសជុលគ្រឿងអលង្ការជាមួយបងប្រុសរបស់គាត់នៅផ្សារតាមផ្លូវក្នុងតំបន់ Houston។ បន្ទាប់ពីនោះ Dang បានបើកហាងដំបូងរបស់គាត់ឈ្មោះថា TV Jewelry នៅក្នុង Sharpstown Mall ក្នុងឆ្នាំ ១៩៩៨។
គាត់បានរកឃើញទីផ្សារពិសេសមួយក្នុងការធ្វើគ្រឿងអលង្ការ បន្ទាប់ពីគាត់បានជួប និងធ្វើគ្រឿងអលង្ការសម្រាប់តារារ៉េប មួយរូបឈ្មោះថា Paul Wall ហើយពួកគេក៏បានធ្វើការសហការគ្នា ដែលចាប់ពីពេលនោះមក អាជីវកម្មរបស់លោកបានចាប់ផ្ដើមរីកសាយភាយឮពីមាត់មួយទៅមាត់មួយ រហូតទាញម៉ូយ សុទ្ធតែបុគ្គលល្បីៗលំដាប់ពិភពលោក តារាចម្រៀងជាច្រើនទៀតនៅអាមេរិក សុទ្ធតែតារាលំដាប់ជួរមុខ ដូចជា Cardi Bi Beyonce ជាដើម។
សល់ទ្រព្យប្រមាណជាង២០លានដុល្លារ ជាមួយការរកស៊ីជិត៣០ឆ្នាំ បុរសវ័យ៤៩ឆ្នាំសេដ្ឋីពេជ្រដ៏ល្បីរូបនេះបានឱ្យដឹងថា ការស្គាល់ច្បាស់ពីអតិថិជនគោលដៅ ចេះខ្ចីឥទ្ធិពលគេមកប្រើ និងការស្វែងរកគំនិតច្នៃប្រឌិតថ្មីៗជានិច្ច ខណៈគ្រឿងអលង្ការរបស់លោកច្នៃចេញទៅនីមួយៗចំគោលដៅ សម្រាប់អតិថិជនតែម្តង ចាប់តាំងពីម៉ូត និងអារម្មណ៍របស់អ្នកពាក់។
នៅក្នុងបទសម្ភាសន៍មួយ សេដ្ឋីពេជ្រនៅសហរដ្ឋអាមេរិករូបនេះបានឱ្យដឹង “គ្រួសារជាច្រើនទទួលបានជោគជ័យយ៉ាងខ្លាំងនៅទីនេះ ព្រោះយើងមានឱកាសធ្វើការ ហើយនេះជាក្តីស្រមៃមកកាន់សហរដ្ឋអាមេរិក ”៕
អត្ថបទដោយ៖ ពីង ជូអេង