ក្រោយក្រសួងការងារប្រកាសថ្ងៃឈប់សម្រាក ពិធីបុណ្យចូលឆ្នាំថ្មី សម្រាប់ក្រុមហ៊ុនសហគ្រាសនានា រយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលរាជធានី បានបញ្ជាក់ថា «សង្ក្រាន្តវត្តភ្នំ» នឹងធ្វើឡើងចំនួន៣ថ្ងៃដូចគ្នា។
កម្មវិធីសង្រ្កាន្តឆ្នាំថ្មី ប្រចាំរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ នេះនឹងធ្វើឡើងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ចាប់ពីថ្ងៃទី១៤ ទី១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ដោយមានការតភា្ជប់ទៅជាមួយនឹងផ្លូវថ្មើរជើង (Walk Street) ផងដែរ។
សូមរំលឹកថាទន្ទឹមនឹងកម្មវិធីសង្រ្កាន្ត រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញវិធានការ ហាមឃាត់ដាច់ខាតនូវសកម្មភាពមួយចំនួនដូចជាការដុតផាវ កាំជ្រួច ឬប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទ។ ក្នុងនោះការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក និងការវាយ ដោយរំពាត់ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ នៅតាមដងផ្លូវក៏ត្រូវបានហាមឃាត់ដាច់ខាតដែរ៕
អត្ថបទដោយ៖ ពីង ជូអេង