នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូវិនិយោគិន មកពីប្រទេសជប៉ុន ដែលតំណាងក្រុមហ៊ុនចំនួន ១០ បានធ្វើដំណើរទស្សនៈកិច្ចមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅតំបន់ភ្នំបូកគោ ខេត្ដកំពត។ ដោយដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនខាងលើ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឧកញ៉ា សាយ សុភ័ត្រា អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប។
យោងតាមការដកស្រង់ពីក្រុមហ៊ុន សូគីម៉ិច គ្រុប ឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សាបានលើកឡើងនូវឱកាសវិនិយោគដ៏សម្បូរបែបរួមមាន គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស (SEZ) ការរីកចម្រើនក្នុងវិស័យកសិកម្ម គម្រោងអចលនទ្រព្យដែលមានសក្តានុពលខ្ពស់ និងជាពិសេសគម្រោងអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត។
ភ្នំបូកគោមានគុណសម្បត្តិជាយុទ្ធសាស្ត្រដ៏គួរឱ្យទាក់ទាញដោយសារទីតាំងភូមិសាស្ត្រ ដែល ស្ថិតនៅជិតកំពង់ផែទេសចរណ៍ និងពាណិជ្ជកម្មកំពត ដែលកំពុងសាងសង់ថ្មី បណ្តាញផ្លូវរថភ្លើងជាតិ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ បន្ថែមពីលើនេះ ភ្នំបូកគោមានអាកាសធាតុដ៏អំណោយផល និងមានច្បាប់ដែលជួយសម្រួលដល់ការវិនិយោគផងដែរ ជាពិសេសច្បាប់ដែលអនុញ្ញាតឱ្យជនបរទេសអាចមានសិទ្ធិជាម្ចាស់ដីធ្លីដោយស្របច្បាប់ ដែល បានធ្វើឱ្យភ្នំបូកគោក្លាយជាគោលដៅដ៏សំខាន់សម្រាប់ការវិនិយោគដែលមានឥទ្ធិពលយូរអង្វែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការមកដល់និងការចូលរួមរបស់គណៈប្រតិភូមកពីប្រទេសជប៉ុនបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការកើនឡើងនូវជំនឿទុកចិត្តរបស់អន្តរជាតិចំពោះដំណើរអភិវឌ្ឍន៍របស់កម្ពុជា និងតួនាទីដ៏សំខាន់របស់ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រ៕