ប្រាក់ខែ២៥០$ ចាយមិនគ្រាន់ ប្រាក់ខែ៥០០$ក៏ចាយមិនគ្រប់ បោះចោលទម្លាប់៥នេះចេញ បើចង់មានលុយពេញៗដៃ
Toeuy HongMARCH 27 2025867 views

មានមនុស្សមិនតិចទេដែលកំពុងជួបបញ្ហាលុយកាក់បើទោះជាឥឡូវរកចំណូលបានកាន់តែច្រើនក៏ដោយ។ ជាក់ស្ដែងអ្នកខ្លះពេលបានប្រាក់ខែ២៥០ដុល្លារចាយមិនគ្រាន់តែដល់ពេលប្រាក់ខែឡើងដល់៥០០ដុល្លារក៏នៅតែចាយមិនគ្រប់ គ្មានសល់លុយទាល់តែសោះ។

 

 ជុំវិញបញ្ហាចំណូលច្រើនប៉ុន្ដែនៅតែចាយមិនគ្រប់ ខាងក្រោមនេះគឺជាទម្លាប់ធំៗ៥ដែលអ្នកត្រូវបោះចោលជាបន្ទាន់បើចង់មានលុយពេញៗដៃ អនាគត សល់ទ្រព្យ សល់លុយ អនាគតអាចធូរធារដូចគេដូចឯង។

 

. បង្កើនចំណាយ ពេលចំណូលកើន

កត្ដាមួយដែលមនុស្សមួយចំនួនរកលុយបានកាន់តែច្រើន តែមិនសល់លុយគឺដោយសារពួកគាត់បង្កើនចំណាយនៅពេលដែលចំណូលកាន់កើនឡើន ពោលគឺពួកគាត់បង្កើនការចំណាយដើម្បីដំឡើងស្ដង់ដានៃការរស់នៅ ( Lifestyle standard)ឲ្យស៊ីនឹងការកើនឡើងនៃចំណូលហើយភ្លេចគិតពីការសន្សំនិងវិនិយោគដែលជាហេតុធ្វើឲ្យពួកកាត់មិនសល់លុយ តែអាចសល់បំណុល។

 

ការបង្កើនចំណាយរាល់ពេលដែលចំ​ណូលកើននេះធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នករយៈពេលវែងដូចជារស់នៅពីមួយខែទៅមួយតែនៅតែខ្វះខាត គ្មានសល់លុយ មិនអាចសម្រេចគោលដៅហិរញ្ញវត្ថុធំៗដូចជា ទិញផ្ទះទិញឡាន ហើយពេលខ្លះបង្កើនចំណាយលើការបង់រំលស់ដែលធ្វើឲ្យកើនបំណុល ធ្លាក់ក្នុងបញ្ហាបំណុលធ្ងន់ធ្ងរ។

 

ជាក់ស្ដែងនៅពេលដែលចំណូលកើនឡើង អ្នកខ្លះចាប់ផ្ដើមបង្កើនចំណាយ។  ឧទាហរណ៍កាលប្រាក់ខែ៥០០$ អ្នកចំណាយ៤០០ដុល្លារក្នុងការរស់នៅប្រចំខែ ហើយសល់១០០ដុល្លារទៀតចំណាយលើការបង់រំលស់ទូរស័ព្ទ ដាច់ខែគ្មានសល់លុយមួយរៀល។ ហើយនៅពេលដែលអ្នកបានប្រាក់ខែ១ពាន់ដុល្លារ អ្នកបង្កើនចំណាយក្នុងការរស់នៅមួយខែ៧០០$ និងបង់រំលស់ឡាន៣០០ដុល្លារប្រចាំខែ ចុងខែនៅតែគ្មានលុយសល់មួយរៀលដដែល។

 

ការបង្កើនចំណាយ ពេលចំណូលកើននេះគឺជាកត្តាដ៏ធំមួយរារាំងមនុស្សមិនឲ្យកសាងទ្រព្យ និងកសាងភាពមានបានឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុឡើយ។ ត្រង់នេះអ្នកខ្លះពេលចំណូលកើនចាប់ផ្ដើមបង្កើនចំណាយដោយចាយលើរបស់ប្រណិតៗឬចាយលើរបស់ចាំបាច់ដែលមិនអាចបង្កើតចំណូល ហើយភ្លេចការសន្សំលុយនិងវិនិយោគដែលជាហេតុធ្វើឲ្យពួកគាត់គ្មានសល់លុយ អាចកើនតែបំណុលហើយមិនអាចកសាងទ្រព្យឲ្យ សល់លុយ សល់ទ្រព្យបានឡើយ។

 

២. បង្កើនបំណុលច្រើនជាងទ្រព្យ

មនុស្សយើងតែងច្រឡំរវាង តម្រូវការចាំបាច់និងចំណង់សាមញ្ញឬទ្រព្យបំណុល ដូចជាសម្ភារៈនិយមផ្សេងៗមាន ឡានថ្មី ឬទូរស័ព្ទថ្មី។ ឧទាហរណ៍ថាពេលនៅប្រាក់ខែ២០០$ ជិះម៉ូតូទៅធ្វើការបាន ដល់ពេលបាន៥០០$ក៏ហ៊ានសម្រេចចិត្តបង់រំលស់ឡានទាំងដែលនៅជិះម៉ូតូបានសោះ ការចាយបែបនេះមិនខុសពីបង្កើតបំណុលឱ្យខ្លួនឯងឡើយ ព្រោះថាបើមានឡាននឹងត្រូវចំណាយកាន់តែច្រើនជាងមុន។

៣. មិនរក្សាទម្លាប់ចាយ

ត្រង់នេះវាដូចជាការចាយទៅតាមទឹកលុយដែលមាន ពេលមានលុយតិចចាយតិចទេ ដល់ពេលមានច្រើនចាយក៏ច្រើនដែរ នេះមានន័យថា បុគ្គលខ្លួនឯងមិនកំណត់ការចំណាយឱ្យបានជាក់លាក់ និងគ្មានការរៀបចំផែនការចំណាយឱ្យបានត្រឹមត្រូវជាប្រចាំ។ ឧទាហរណ៍ដូចជា ពេលចំណូលតិច​ទៅធ្វើរការចេះវេចបាយពីផ្ទះទៅ ដល់ពេលចំណូលច្រើនប្ដូរទៅជាញ៉ាំបាយខាងក្រៅវិញ ដែលវាជាហេតុធ្វើឱ្យត្រូវចាយលុយអស់ច្រើនជាងមុន។

 

៤. មិនមានវិន័យលើការគ្រប់គ្រងអារម្មណ៍

ជាការពិត លុយស្មើនឹងអារម្មណ៍ ដូច្នេះការចាយលុយតាមអារម្មណ៍គឺនឹងធ្វើឱ្យអស់លុយឆាប់ណាស់ ព្រោះថាអារម្មណ៍មនុស្សតែងតែប្រែប្រួលពិបាកគ្រប់គ្រង។ មនុស្សយើងដាច់ខាតមិនត្រូវចាយលុយតាមរបៀបនេះឡើយ ត្រូវមានច្បាប់សម្រាប់ខ្លួនឯងប្រើដើម្បីប្រឆាំងនឹងអារម្មណ៍កុំឱ្យចាយផ្ដេសផ្ដាស។ ហើយវិធីដែលគ្រប់គ្រងអារម្មណ៍បានល្អបំផុតនោះគឺ កុំដាក់លុយច្រើនតាមខ្លួន មានន័យថាបើទៅផ្សារទិញម្ហូបដាក់តែលុយត្រូវទិញម្ហូបបានហើយ កុំដាក់លើសហ្នឹង ដើម្បីងាយទប់អារម្មណ៍ដែលហោះហើរឃើញខោអាវស្អាតៗនៅក្នុងផ្សារហើយចង់ទិញ តែក៏ទិញមិនបានព្រោះគ្មានលុយច្រើនជាប់ខ្លួន ធ្វើបែបនេះជួយកាត់បន្ថយការចំណាយមិនចាំបាច់បានច្រើន។

៤. មិនដកសន្សំមុនពេលចំណាយ

មានមនុស្សច្រើនណាស់ចូលចិត្តប្រើពាក្យថា ចាយសិនទៅចាំសន្សំពេលសល់លុយ ប៉ុន្តែជាក់ស្ដែងលុយមិនដែលឃើញសល់ទេ ព្រោះថាចាយគឺចាយបើមិនដកទុកទេចាយទាល់តែអស់ ជួនកាលអស់ទាំងមិនដឹងខ្លួន មានខ្លះទៀតចាយសល់ថ្ងៃ ដាច់លុយមុនពេលបើកប្រាក់ខែជាប្រចាំ។ អាស្រ័យហេតុនេះហើយបានជាគួរតែ បង្កើតទម្លាប់ដកលុយទុកមុនចំណាយជាប្រចាំ ហើយវាគួរតែមានចំនួន ពី១០ទៅ២០ភាគរយ​ នៃចំណូលដែលរកបាន បើអាចដកវាទុកក្នុងគណនីសន្សំជាមួយនឹងធនាគារ ដើម្បីទទួលបានការប្រាក់ ហើយអ្វីដែលសំខាន់គឺដើម្បីកុំឱ្យច្រឡំដកចាយអស់ទៀត។

 

អ្វីដែលបានរៀបរាប់ខាងលើគឺជាទម្លាប់ធំៗដែលធ្វើឲ្យអ្នកមិនសល់លុយទោះជាចំណូលអ្នកកើនឡើងក៏ដោយហើយបើអ្នកនៅតែបន្តទម្លាប់ទាំងនេះ អ្នកនឹងនៅតែជួបបញ្ហាលុយ គ្មានថ្ងៃ សល់លុយ សល់ទ្រព្យបង្កើតភាពមានបានបានឡើយ។

 

ចង់ដឹងកាន់តែច្បាស់ពីការគ្រប់គ្រងលុយនិងរកផ្លូវដោះបំណុលហើយធ្វើឲ្យលុយអ្នកកាន់តែកើនអាចសាកអានសៀវភៅលុយពិត។ ទាក់ទងទិញសៀវភៅលុយពិតតាមតេឡេក្រាម https://t.me/BusinessCambodiaBook

លុយ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia