ក្រៅពីចេះក្បាច់ ជីជឺតស៊ូ កីឡាការិនី ខាន់ ចេសា អាចលេងកីឡាពិសេស៣ប្រភេទ នេះបានទៀត
Kan DaraMAY 12 2023619 views

ដូចប្រិយមិត្តបានជ្រាបរួចមកហើយអំពី កីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាស​កីឡាអាស៊ីអាគ្នេយ៍តំណាងឱ្យកម្ពុជា ក៏ដូចជាលេងនៅស៊ីហ្គេ​មក្នុងនាមជាម្ចាស់ផ្ទះ លើប្រភេទកីឡាជីជឺតស៊ូ និងជាកីឡាការិនីមួយរូបដែលដណ្តើមបានមេដាយមាសលំដាប់ថ្នាក់ពិភពលោកជាច្រើ​នប្រភេទផងដែរ។

ក្រៅពីចេះក្បាច់កីឡា​ជីជឺតស៊ូ ដែលជាកីឡារបស់ប្រទេសប្រេស៊ីល និងកម្រមានមនុស្សស្រីលេងនេះ កញ្ញា ចេសា​ ក៏អាចលេងកីឡា៣ ប្រភេទផ្សេងទៀតដូចជា កីឡាបាល់ទាត់, ជូដូ និង​ចំបាប់។ កូនកាត់៣សាសន៍ រាងកាយមាំមួនរូបនេះ បានឱ្យដឹងថាចំពោះកញ្ញាអ្វីដែលធ្វើឱ្យកញ្ញាមានទេពកោសល្យលើកីឡាព្រោះនេះជាទម្លាប់គ្រួសាររបស់នាង ហើយនាងពិតជាហ្មត់ចត់ជាមួយកីឡានេះណាស់ មួយថ្ងៃហ្វឹកហាត់ជីជឺតស៊ូស្ទើរតែ៥ម៉ោងទៅហើយ និងឆ្លៀតរៀន​បណ្តើរផងដែរ។

Screenshot 2023 05 12 114617

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចេសា​ បានលើកឡើងថា "ខ្ញុំដឹងថាកីឡាជីជឺតស៊ូជាកីឡាដែលមិនសូវមានការចាប់អារម្មណ៍នោះទេនៅកម្ពុជា ក៏ដូចជាសហរដ្ឋអាមេរិក ប៉ុន្តែខ្ញុំពិតជាចូលចិត្តនិងស្រឡាញ់កីឡានេះនិងចង់ឱ្យខ្លួនឯង ក្លាយជាមនុស្សដំបូងធ្វើ​ឱ្យកីឡានេះមានប្រជាប្រិយភាព”។

ក្នុងនោះកញ្ញាវ័យ២២ឆ្នាំរូបនេះ ក៏បានបន្ថែមថាអ្វីដែលនាំឱ្យកញ្ញាខំប្រឹងប្រែងខ្លាំងលើកីឡានេះ ព្រោះកញ្ញា ចង់ឃើញស្រ្តី លេងកីឡានេះឱ្យបានកាន់តែច្រើនឡើង ដើម្បីរក្សារាងនិង មានសុខភាពល្អ ហើយមួយវិញទៀតកញ្ញាចង់ក្លាយជាគ្រូបង្វឹកដែលអាចផ្ទេរចំណេះដែលកញ្ញាមានទៅកាន់អ្នកជំនាន់ក្រោយ។  

Screenshot 2023 05 12 114817

គួរឱ្យដឹងដែរថាក្រៅពីជីជឺតស៊ូដែលកីឡាការិនីឆ្នើមរូបនេះអាចលេងបានកីឡា៣ប្រភេទខាងលើនេះក៏ជាកីឡាដែលមានប្រជាប្រិយភាពផងដែរនៅទូទាំងអាស៊ីនិងអ៊ឺរ៉ុប មួយវិញទៀត​កីឡាទាំងនេះដូចជាចំបាប់ជាដើមសុទ្ធសឹងតែជាកីឡាដែលមិនសូវសម្បូរមនុស្សស្រីលេងនោះទេ៕

វីដេអូបទសម្ភាសន៍ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាជាមួយ  កញ្ញា ខាន់ ចេសា៖ វីដេអូ

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia