កុំមើលងាយរបរតូច! អាយុនៅតិច តែមិនខ្ចីយកពេលទៅហ៊ឺហា យុវជន២រូបនេះ ចាប់របរលក់ស្បែក១ខែរកលុយបានរាប់ពា.ន់ដុល្លារ
ធី ស្រីល័ក្ខOCTOBER 24 20248 views

វ័យកំពុងតែពេញសប្បាយ ពេញដើរលេង តែយុវជនវ័យក្មេង២រូបគឺ Tim Blakely និង Edwin មិនខ្ចីយកពេលទៅហ៊ឺហាដើរលេងចាយលុយអ្វីនោះឡើយ ដោយអ្នកទាំង២ ងាកមកចាប់របរលក់ស្បែកជើងរហូតក្នុងមួយខែៗរកលុយបានរាប់ពាន់ដុល្លារ។

 

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក Daily mail បានឱ្យដឹងថា Edwin ជាជនជាតិអូស្រ្តាលី បច្ចុប្បន្នជាម្ចាស់ហាងលក់ស្បែកជើងល្បីឈ្មោះ Secret Sneaker Store ដែលបានបើកដំណើរការតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។

 

ប្រភពដដែលបានបន្តថា ដំបូងឡើយ Edwin បានប្រើលុយសន្សំរបស់ខ្លួនទិញចូលប្រភេទស្បែកជើង limited-edition ប្រមាណជា​ ១ពាន់គូប៉ុណ្ណោះដើម្បីចាប់ផ្តើមដំណើរការលក់នៅលើប្រព័ន្ធអនឡាញ ដែលមានទាំង Instagram និង Facebook និងវេបសាយលក់ផ្សេងៗទៀត។ នៅពេលចេញលក់ដំបូង Edwin អាចរកចំណូលបានដល់ទៅ ១៦,០០០ដុល្លារពីការលក់ស្បែកជើង ហើយក្នុងនោះ Edwin រំពឹងថាខ្លួនអាចនឹងរកចំណូលបាន ២០លានដុល្លារពីការលក់ស្បែកជើងនេះ ខណៈពេលដែលបច្ចុប្បន្នខ្លួនកំពុងតែកាក់កបជាមួយអាជីវកម្មនេះយ៉ាងខ្លាំង។

 

បន្ទាប់ពីសន្ទុះការលក់កើនឡើងបានធ្វើឱ្យ វ័យក្មេងរូបនេះបន្តពង្រីកជាហាងធំ ដែលមានស្បែកជើងរាប់ពាន់គូមានទាំង  Yeezys , Jordans និង Nikes ដោយលក់ក្នុងតម្លៃចាប់ពី ១៥០ដុល្លារទៅដល់ ១៤,៥០០ដុល្លារ។

 

ក្នុងនោះ Edwin បានលើកឡើងថា “ពេលខ្ញុំចាប់ផ្តើមអាជីវកម្មនេះ គ្រួសាររបស់ខ្ញុំមិនពេញចិត្តទេ ហើយថែមទាំងថាខ្ញុំឆ្កួតដែលបោះបង់ការងារល្អ មកធ្វើអ្វីឆ្កួតៗបែបនេះ ប៉ុន្តែពេលនេះគាត់បែរមកសរសើរខ្ញុំវិញក្រោយខ្ញុំបង្ហាញគាត់ពីភាពជោគជ័យរបស់ខ្ញុំ”។ដូច្នេះលោកបានផ្តាំថា ប្រសិនបើយើងរកឃើញអ្វីដែលខ្លួនចូលចិត្ត និងចង់ធ្វើវាគួរតែចាប់ផ្តើមធ្វើវាហើយបង្ហាញឱ្យគ្រប់គ្នាបានឃើញថាគំនិតអ្នកមិនមែនឆ្កួតៗដូចដែលគេបាននិយាយឡើយ។

 

ជាមួយគ្នានោះដែរ Tim Blakely បានក្លាយជាម្ចាស់ហាងលក់ស្បែកជើងប៉ាតា Shoe Shakk អាចឆ្កឹះចំណូលបានខ្ទង់លានដុល្លារ តាមរបៀបសាមញ្ញបំផុតពីរ និងចំណាយពេលបើកហាងលក់ត្រឹម១ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។

 

អន្ទឹតស្ទើកំលោះ Tim បានលក់ស្បែកជើងគូដំបូងរបស់ខ្លួន តាមរយៈវីឌីអូជំរុញលើបណ្តាញសង្គម Youtube។ គាត់បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមើលវីឌីអូអ្នកលក់ស្បែកជើងដោយចាប់ផ្តើមពីបន្តិចម្តងៗ។ វាឡូយណាស់! ខ្ញុំបានសាកល្បងទិញស្បែកជើង២-៣គូដាក់លក់ ហើយវាពិតជាដំណើរការល្អមែន»

 

បន្ទាប់ពីឃើញសក្តានុពល និងសន្ទុះនៃការទិញខ្លាំង Tim បានប្រែការលក់តិកតក់ៗនេះទៅជាអាជីវកម្មអនឡាញ។ លុះ១ឆ្នាំក្រោយមក រូបគេ និងឪពុកបានមូលមតិគ្នាបើកហាងផ្ទាល់តែម្តង។ Tim បាននិយាយថា៖ «ហាងនេះជាគំនិតរបស់ខ្ញុំ។ វាបានចាប់ផ្តើមជាមួយនឹងហាង eBay តាមអ៊ីនធឺណេត។ ប៉ុន្តែ​បន្ទាប់​មក​យើង​បាន​លុយ​ខ្លះ​និង​ទិញ​ស្បែកជើង​ប៉ាតា​ខ្លះ។ ​ខ្ញុំប្រាប់ប៉ាអំពីវា យើងក៏សម្រេចចិត្តបើកហាងមួយ»។

ក្នុងនោះ លោក Chris ដែលត្រូវជាឪពុករបស់ Tim បានឲ្យដឹងថា៖ «យើងទិញភាគច្រើនចន្លោះពី ២០-៥០គូ ដើម្បីទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុត។ បន្ទាប់មកលក់​វាក្នុងតម្លៃសមរម្យមួយតាមពេលវេលាអំណោយផលដើម្បីទទួលបានប្រាក់ចំណេញខ្ពស់បំផុត»

គួរជម្រាបផងដែរថា បច្ចុប្បន្នក្មេងប្រុសមានអនាគតភ្លឺស្វាង Tim Blakely កំពុងរៀនថ្នាក់ទី៩ ក្នុងសាលា North Platte Catholic Schools។ ក្រៅពីចំណងចំណូលចិត្តនិងភាពប៉ិនប្រសព្វលើវិស័យស្បែកជើង រូបគេក៏ជាសិស្សពូកែផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រផងដែរ។ Tim បានឲ្យដឹងថា៖ «ខ្ញុំធ្វើបានល្អនៅក្នុងសាលាទាំងមូល»

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia