មានមនុស្សធំខ្លះអៀនច្រើន មិនសូវចេះនិយាយស្តីហើយពេលខ្លះជាមនុស្សសង្ស័យច្រើន មិនទុកចិត្តលើខ្លួនឯង ខ្លាចគេច្រើន ខណៈបញ្ហាទាំងនេះគឺបណ្តាលមកពីពួកគេជាក្មេង ធំឡើងជាមួយនឹងកត្តាជាច្រើនរួមចំណែក ទាំងកត្តាគ្រួសារ ដែលអាចដល់ជំនឿជាក់របស់ពួកគេលើខ្លួនឯង។
យ៉ាងណាមិញក្នុងនាមជាឪពុកម្តាយ បើមិនចង់កូនធំឡើងខ្លាចគេ រស់នៅគ្មានទំនុកចិត្ត ចូរកុំឱ្យអាកប្បកិរិយាអចេតនារបស់យើង ទាំង៥យ៉ាងនេះ ប៉ះពាល់ដល់ទំនុកចិត្តរបស់កូនពេញមួយជីវិត នៅពេលធំឡើងពួកគេនឹងពិបាកកែ សម្រាប់សម្របខ្លួនក្នុងសង្គម ដែលពោរពេញទៅដោយមនុស្សមានទំនុកចិត្តនិងខ្លាំងពូកែ៖
១. ការពារកូនជ្រុលពេក៖ ការការពារកូនហួសហេតុជាសញ្ញាមួយ ដែលឪពុកម្តាយកំពុងផ្តល់អារម្មណ៍គំរាមកំហែងដល់កូនរបស់អ្នកដោយអចេតនាថាពិភពលោក គឺជាកន្លែងដ៏គ្រោះថ្នាក់ ហើយពួកគេមិនគួរជួបបញ្ហាក្នុងជីវិតនោះទេ។ ដូច្នេះកុមារនិងកូនៗរបស់អ្នកនឹងបាត់ឱកាសក្នុងការយល់ដឹងអំពីសារៈសំខាន់ក្នុងការប្រឈមមុខនឹងបញ្ហាជីវិត ហើយរៀនពីកំហុសរបស់ពួកគេផ្ទាល់។
២. តែងប្រៀបធៀបកូន៖ ទោះបីជាការប្រៀបធៀបដើម្បីជាជំរុញទឹកចិត្តឱ្យកូនពូកែដូចកូនគេក៏ដោយ ប៉ុន្តែការប្រៀបធៀបមួយចំនួនក៏អាចធ្វើឱ្យគេកូនអ្នកមានអារម្មណ៍ថាអន់ជាងមុន ធ្វើឱ្យពួកគេមានអារម្មណ៍មិនពេញចិត្តខ្លួនឯង ព្រោះកុមារម្នាក់ៗមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។
ដូច្នេះឪពុកម្តាយគួរឱ្យតម្លៃលើភាពជាបុគ្គលរបស់ពួកគេ ជាជាងការប្រៀបធៀបពួកគេទៅនឹងកូនអ្នកដទៃ ដើម្បីជំរុញពួកគេឱ្យមានទំនុកចិត្ត និងលើកទឹកចិត្តពួកគេឱ្យចេះទទួលយកចំណុចពិសេសរបស់ខ្លួនឯង។
៣. រិះគន់កូនជាញឹកញាប់៖ ការរិះគន់ក្នុងន័យកែលម្អ គឺពិតជាសំខាន់ណាស់សម្រាប់ការលូតលាស់របស់កូន ប៉ុន្តែប្រសិនបើការរិះគន់ទាំងនោះតែងតែលើកឡើងពីចំណុចមិនល្អឬគុណវិបត្តិរបស់កូនគឺ ពិតជាអាចប៉ះពាល់ដល់ទំនុកចិត្ត និងការរស់នៅក្នុងសង្គមរបស់ពួកគេ ធ្វើឱ្យពួកគេមិនហ៊ានបើកចំហគំនិតផ្ទាល់ខ្លួន ឬធ្វើសកម្មភាពថ្មីៗដើម្បីអភិវឌ្ឍន៍ខ្លួននោះឡើយ។
៤. រំពឹងទុកខ្លាំងពេកចំពោះកូន៖ ឪពុកម្តាយទាំងអស់តែងចង់ឱ្យកូនរបស់ពួកគេទទួលបានជោគជ័យក្នុងជីវិត។ ទោះជាយ៉ាងណាក៏ដោយ ការកំណត់ក្តីរំពឹងទុកខ្ពស់ខ្លាំងពេកចំពោះកូន នឹងធ្វើឱ្យពួកគេមានសម្ពាធ ហើយខ្វះការខិតខំប្រឹងប្រែង។
តាមវេជ្ជបណ្ឌិតកុមារបានឱ្យដឹងថាពេលដែល កុមារអាចមានអារម្មណ៍ថ គោលដៅអនាគតនោះធំហួសហេតុពេក ពិបាកខ្លាំងពេក ពួកគេនឹងខ្លាចផលវិបាកនៃការបរាជ័យ ហើយសម្ពាធនឹងអាចបណ្តាលឱ្យកុមារមានការថប់បារម្ភ និងខ្វះទំនុកចិត្តលើខ្លួនឯង។
ដូច្នេះនៅពេលដែលឪពុកម្តាយចង់រំពឹងទុកលើកូនចូរលើកទឹកចិត្តឱ្យពួកគេ "ផ្តោតលើការខិតខំប្រឹងប្រែងជាជាងលទ្ធផល" ព្រោះវានឹងជួយជំរុញឱ្យពួកគេមានការកើនឡើងនូវទំនុកចិត្តលើខ្លួនឯងជាលំដាប់ហើយតែងប្រឹងប្រែង ទោះជាមិនទាន់បានលទ្ធផលល្អ ឬបានតិចតួចក៏ដោយ។
៥.មើលរំលងការសម្រេចចិត្តរបស់កូន៖ ការមើលរំលង និងមិនអនុញ្ញាតឱ្យកូនធ្វើការសម្រេចចិត្តដោយខ្លួនឯង គឺជាផលវិបាកមួយដែលរារាំងទំនុកចិត្តផ្ទាល់ខ្លួន របស់ពួកគេពេលធំឡើង ដោយគេនឹងយល់ថាជម្រើសរបស់ពួកគេមិនមានតម្លៃ ឬគួរឱ្យទុកចិត្ត។ ដូច្នេះជាឪពុកម្តាយគួរផ្តល់ឱ្យកូនរបស់អ្នកនូវសេរីភាពក្នុងការសម្រេចចិត្តសមស្របតាមអាយុ។
អាចអនុញ្ញាតឱ្យពួកគេជ្រើសរើសសំលៀកបំពាក់ដោយខ្លួនឯង ក្នុងថ្ងៃពិសេសរបស់ពួកគេ មិនថាជាថ្ងៃខួបកំណើតឬពិធីជប់លៀងនៅសាលា ឬការសម្រេចចិត្តលើសកម្មភាពកម្សាន្តចុងសប្តាហ៍របស់ពួកគេ ដែលមិនបង្កគ្រោះថ្នាក់ជាដើម។ ដោយជំហានតូចៗទាំងនេះហើយ នឹងជះឥទ្ធិពលយូរអង្វែងសម្រាប់ពួកគេក្នុងការ ពង្រឹងទំនុកចិត្ត និងជំនាញក្នុងការសម្រេចចិត្តរបស់កូនរហូតដល់ពួកគេពេញវ័យនិងចាស់កោងខ្នង។
ជាការពិតណាស់ថ្វីបើយើងជាឪពុកម្តាយមានបំណងល្អបំផុតចំពោះកូនក៏ដោយ ក៏អាកប្បកិរិយាមួយចំនួនដែលអាចប៉ះពាល់ដោយប្រយោលដល់អនាគតកូនៗ ជាពិសេសនៅពេលពួកគេកំពុងមានវ័យជំទង់។ ដូច្នេះឪពុកម្តាយឬអាណាព្យាបាលគួរតែអាចកាត់បន្ថយបន្តិចម្តងៗ ហើយអនុញ្ញាតឱ្យកូនៗរបស់លោកអ្នក លូតលាស់តាមអាយុនិងធម្មជាតិនៃកុមារ កុំបង្ខំឱ្យពួកគេធ្វើជាមនុស្សធំលឿនពេក៕
អត្ថបទដោយ៖ ពីង ជូអេង